ពលរដ្ឋសង្កាត់ស្ទឹងមានជ័យចោទក្រុមហ៊ុនថាចាក់ដីលុបបឹងបណ្ដាលឲ្យទឹកជន់លិចភូមិ

ភ្នំពេញ៖ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទាមទារឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាប្រាក់សំណង និងបញ្ហាទឹកកខ្វក់ ដែលក្រុមហ៊ុនឯកជនចាក់ដីលុបបឹងក្រពើ បណ្ដាលឲ្យទឹកភក់ជន់លិច និងបាក់បែកខូចខាតផ្ទះរបស់ពួកគាត់។ ឆ្លើយតបបញ្ហានេះ អាជ្ញាធរខណ្ឌមានជ័យ ថាកំពុងដោះស្រាយ។
ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានផ្ទះសម្បែងនៅអមសងខាង ប្រឡាយបង្ហូរទឹកស្អុយបឹងក្រពើ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ បាននាំគ្នាប្រតិកម្មតវ៉ាប្ដឹងទៅអាជ្ញាធរមូលដ្ឋាន ឲ្យជួយធ្វើការទប់ស្កាត់ករណីក្រុមហ៊ុន សូនី ដឹកអាចម៍ដីយកទៅចាក់លុបបឹងក្រពើ ដែលប៉ះពាល់ដល់លំនៅឋានរបស់ពួកគាត់។
ប្រជាពលរដ្ឋរងផលប៉ះពាល់ម្នាក់ឈ្មោះ ទៀង រតនា អះអាងថា ការចាក់ដីលុបបឹងក្រពើ មានសកម្មភាពមួយសប្ដាហ៍ហើយ បានធ្វើឲ្យស្ទះប្រព័ន្ធលូបង្ហូរទឹកស្អុយ ហើយច្រាល់ភក់ល្បាប់ឡើងលើបណ្ដាលឲ្យផ្ទះប្រជាពលរដ្ឋ ៦ខ្នងត្រូវរងការខូចខាត និងផ្ទះជាច្រើនខ្នងផ្សេងទៀត ព្រមទាំងដងផ្លូវផង ត្រូវបានទឹកខ្មៅកខ្វក់ជន់លិចរំខានដល់ការរស់នៅ។ លោកបន្តថា អាជ្ញាធរ និងក្រុមហ៊ុន ពុំបានជូនដំណឹង និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋជាមុននោះទេ ហើយថែមទាំងបញ្ជាឲ្យពួកគាត់រុះរើផ្ទះចេញ ដោយផ្តល់សំណងត្រឹម ៥ពាន់ដុល្លារ៖ «ប៉ះពាល់ដល់កូនឈឺ ហើយមិនដឹងដេកនៅណាទេ ព្រោះទឹកស្អុយកាន់តែខ្ពស់ឡើងលើ។ រាល់ថ្ងៃនេះរស់ឲ្យតែបានរស់សិនទៅ ហើយកូនៗក៏មិនបានទៅរៀនដែរ»។
ទាក់ទិនបញ្ហានេះ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី មានប្រសាសន៍ថា រដ្ឋាភិបាលបានប្រគល់សិទ្ធិឲ្យក្រុមហ៊ុន សូនី ចាក់ដីលុបបឹងក្រពើនោះដើម្បីធ្វើការអភិវឌ្ឍ ប៉ុន្តែលោកមិនច្បាស់ថា អភិវឌ្ឍអ្វីឲ្យប្រាកដនៅឡើយទេ។ លោក ពេជ្រ កែវមុនី បញ្ជាក់ថា អាជ្ញាធរបានឲ្យក្រុមហ៊ុនពន្លឿនធ្វើប្រព័ន្ធលូរំដោះទឹកនៅតំបន់ នោះហើយ ប៉ុន្តែបើនៅតែមានទឹកច្រាល់លិចផ្ទះពលរដ្ឋនោះ លោកឲ្យក្រុមហ៊ុនផ្អាកសកម្មភាពចាក់ដី និងរកដំណោះស្រាយជាបន្ទាន់។ ចំណែកផ្ទះប្រជាពលរដ្ឋដែលរងផលប៉ះពាល់នោះ គឺក្រុមហ៊ុនមានគោលនយោបាយទូទាត់ប្រាក់សំណងជូនពួកគាត់ ដើម្បីទៅរកទីតាំងថ្មី៖ «ខ្ញុំបានឲ្យមន្ត្រី ចុះណែនាំដល់ក្រុមហ៊ុនកាយផ្លូវទឹក ដើម្បីឲ្យហូរជាបណ្ដោះអាសន្នសិន ទម្រាំយើងភ្ជាប់ប្រព័ន្ធលូដល់ចំណុចនេះ។ ក្រុមហ៊ុនក៏មានគោលនយោបាយដោះស្រាយសំណងសមស្របជូនពួកគាត់ ដែលរស់នៅលើបឹងក្រពើនោះ ដើម្បីឲ្យគាត់រកទីតាំងថ្មី»។
យើងមិនអាចស្វែងរកពន្យល់ពីក្រុមហ៊ុន សូនី បានទេនៅថ្ងៃទី៣ ខែកុម្ភៈ។
លោក ទៀង រតនា ឲ្យដឹងថា ប្រជាពលរដ្ឋដែលរងការបណ្ដេញចេញពីលំនៅឋានដោយសារការអភិវឌ្ឍនោះមាន ៦គ្រួសារ។ លោកអះអាងថា អាជ្ញាធរបានបង្ខំឲ្យពួកគាត់ទទួលយកសំណងចំនួន ៥ពាន់ដុល្លារនៅថ្ងៃទី៣ ខែកុម្ភៈ ហើយថាបើមិនទទួលយកនៅថ្ងៃនេះទេ ពួកគាត់នឹងពុំបានអ្វីទាំងអស់។ មកទល់ពេលនេះ មានប្រជាពលរដ្ឋ ៣គ្រួសារដែលយល់ព្រមផ្ដិតមេដៃទទួលយកសំណងដើរចេញពីដីនោះ ប៉ុន្តែនៅសល់ ២គ្រួសារទៀតមិនព្រមទទួលយកឡើយ ដោយអះអាងថា សំណងនេះមិនអាចឲ្យពួកគាត់ទៅរកទិញដីនៅកន្លែងផ្សេងបាន។ លោក ទៀង រតនា អះអាងថា លុះត្រាតែបានសំណងចំនួន ៧ពាន់ដុល្លារ ទើបសុខចិត្តចាកចេញទៅរកទីតាំងកន្លែងថ្មី៖ «គេ និយាយថា បើមិនយក ៥ពាន់ដុល្លារនេះទេ អាជ្ញាធរលែងទទួលដឹងឮហើយ យើងចង់ទៅប្ដឹងឯណាអីជារឿងរបស់យើង គេលែងដោះស្រាយឲ្យហើយ»។
ដោយឡែកបញ្ហាទឹកស្អុយនោះ នៅតែបន្តច្រាល់ឡើងលិចផ្លូវ និងផ្ទះរបស់ប្រជាពលរដ្ឋនៅតំបន់នោះដដែល មិនទាន់ស្រកស្រុតទៅវិញទេមកដល់ល្ងាចថ្ងៃទី៣ ខែកុម្ភៈ ដោយសារតែក្រុមហ៊ុននៅតែបន្តសកម្មភាពចាក់ដី មិនព្រមផ្អាកតាមការណែនាំរបស់អាជ្ញាធរឡើយ។ យ៉ាងណា អភិបាលខណ្ឌមានជ័យ អះអាងថា នឹងឲ្យក្រុមការងារចុះពិនិត្យមើលករណីនេះម្តងទៀត។
អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងបញ្ហាដីធ្លី លើកឡើងថា វាមិនមែនជារឿងថ្មីឡើយដែលអាជ្ញាធរធ្វើការអភិវឌ្ឍ មិនបានពិគ្រោះយោបល់ និងសិក្សាវាយតម្លៃពីផលប៉ះពាល់ជាមុនជាមួយប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធនោះ ហើយលទ្ធផលចុងក្រោយ គឺបន្សល់ទុក្ខលំបាកដល់ប្រជាពលរដ្ឋ។
នាយកប្រតិបត្តិអង្គការសមធម៌កម្ពុជា (Equitable Cambodia) លោក អៀង វុទ្ធី សង្កេតឃើញថា ជាទូទៅ គម្រោងការអភិវឌ្ឍន៍តែងតែធ្វើទៅមុន ហើយការសិក្សាផលប៉ះពាល់តែងគិតគូរជាក្រោយ ដែលជាគំរូអាក្រក់ដល់គម្រោងដទៃទៀត៖ «ធ្វើការ លុបបឹងបណ្ដាលឲ្យលិច និងបាក់ផ្ទះប្រជាពលរដ្ឋនេះ អ៊ីចឹងសួរថាមានសិក្សាជាមុនទេ ប្រសិនបើអត់នេះ គឺជាបទឧក្រិដ្ឋព្រោះថាធ្វើឲ្យខូចផ្ទះសម្បែងរបស់គេ។ ដូច្នេះពលរដ្ឋមានសិទ្ធិប្ដឹងក្រុមហ៊ុនអភិវឌ្ឍន៍នោះ»។
លោកថា ការចាក់ដីលុបបឹងបណ្ដាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋ និងប៉ះពាល់បរិស្ថាននេះ គឺជារំលោភសិទ្ធិប្រជាពលរដ្ឋ និងច្បាប់កម្ពុជា។ លោកបញ្ជាក់ថា អង្គការសមធម៌កម្ពុជា នឹងតាមដានករណីនេះតទៅទៀត៕

5-rc

7-rc

13-tt

14-rc

Loading...

Leave a Reply

Your email address will not be published. Required fields are marked *