ពលរដ្ឋស្រុកកែវសីមា សម្តែងការមិនពេញចិត្តរឿងឈ្មួញព័ទ្ធត្រពាំងទឹករួមធ្វើជាកម្មសិទ្ធិឯកជន

ខេត្តមណ្ឌគីរី៖ប្រជាពលរដ្ឋរស់នៅភូមិអូរអាម ឃុំស្រែព្រះ ស្រុកកែវសីមា បានសម្តែងការមិនពេញចិត្តចំពោះ អាជ្ញាធរឃុំ និងស្រុក ដែលបានបណ្តែតបណ្តោយឲ្យត្រពាំងទឹកប្រើប្រាស់រួមរបស់ពលរដ្ឋមួយកន្លែង ទៅអ្នកមានលុយម្នាក់កាយប្រឡាយព័ទ្ធរបងធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដែលកាលពីមុនត្រពាំងមួយនេះ ត្រូវបានប្រជាពលរដ្ឋស្ទើរមួយឃុំស្រែខ្ទុមប្រើប្រាស់រួមគ្នា ដូចជា បូមទឹកដាក់ស្រែ នេសាទត្រី…។
លោកពូម្នាក់ ដែលមានលំនៅស្ថាននៅជិតត្រពាំងទឹកខាងលើបានប្រាប់ឲ្យដឹងថា “ពីមុនត្រពាំងទឹកមួយនេះ សម្បូរត្រីណាស់ អន្ទង់ក៏សម្បូរណាស់ដែល តែពីរបីក្បាល មួយគីឡូឯណោះ ហើយនៅតាមមាត់ត្រពាំងមានដុះដើមឈើជាច្រើន នៅក្នុងត្រពាំងនោះ មានដុះដើមកក់… អ៊ីចឹងហើយបានជាសម្បូរត្រីហូប។ តែបច្ចុប្បន្នអ្នកភូមិមិនអាចចូលទៅរកត្រីបានដូចមុនទៀតទេ”។
ក្រុមអ្នកភូមិអូរអាមបានថ្លែងក្នុងលក្ខខណ្ឌលាក់ឈ្មោះថា “កាលពីកំលុងចុងឆ្នាំ ២០១៤ គេឃើញមានថៅកែមានទ្រព្យស្តុកស្តម្ភម្នាក់ បានអំពាវនាវរកទិញដីដែលមានម្ចាស់នៅជិតៗមាត់ត្រពាំង ដើម្បីដាំដើមដូង និងធ្វើជារមណីយដ្ឋានកែច្នៃ។ បន្ទាប់ពីទិញដីដែលនៅជិតមាត់ត្រពាំងអស់ហើយ លោកថៅកែរូបនោះ បានយកគ្រឿងចក្រមកកាយប្រឡាយព័ទ្ធដីដែលបានទិញពីប្រជាពលរដ្ឋ តែគាត់មិនត្រឹមតែព័ទ្ធដីដែលទិញពីប្រជាពលរដ្ឋទេ គឺគាត់ថែមទាំងធ្វើរបងព័ទ្ធយកត្រពាំងរួមរបស់សហគមន៍ ដែលមានទំហំជិត ៥ ហិកតា”។
លោក ប៊ុត សំអ៊ែល មេឃុំស្រែខ្ទុម បានប្រាប់តាមទូរស័ព្ទថា “ដីហ្នឹងខ្ញុំមិនច្បាស់ដែរ តែប្រហែលមានច្បាប់… ព្រោះលោក ហៀង (អ្នកព័ទ្ធរបងដីត្រពាំង) បានទិញពីឈ្មោះតាណាំវណ្ណ”។ លោកមេឃុំបានបន្តថា “ចំពោះរឿងមានប្លង់ ឬមិនមាន ខ្ញុំក៏កំពុងតែចង់សួរទៅគាត់ដែរ (ឈ្មោះហៀង)”។
មិនអាចសុំបំភ្លឺអ្វីច្រើនពីលោកមេឃុំស្រែខ្ទុមទេ ព្រោះនៅពេលដែលយើងសួរបញ្ជាក់ថា តើត្រពាំងនេះពីមុនជារបស់រួម ចុះម្ដេច ឥឡូវទៅជារបស់បុគ្គល? លោកមេឃុំឆ្លើយទាំងរដាក់រដុបក៏សុំបិទទូរស័ព្ទតែម្តង។
លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកកែវសីមា មិនអាចសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទរបស់លោកមិនអាចទំនាក់ទំនងបាន។
ក្រុមអ្នកច្បាប់បានលើកឡើងថា ការអភិវឌ្ឍដែលបានធ្វើឲ្យមានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ (សិទ្ធិរស់រានមានជីវិត) ព្រោះប្រជាពលរដ្ឋក្រីក្រខ្លះបានពឹងផ្អែងទាំងស្រុងលើការនេសាទត្រីក្នុងត្រពាំងខាងលើដើម្បីចិញ្ចឹមគ្រួសារ ចុះបើគេធ្វើរបងព័ទ្ធត្រពាំងជិតមិនឲ្យមានអ្នកភូមិណាចេញចូលរកត្រីបាន តើឲ្យពួកគាត់ពឹងលើអ្វីទៀត។
ដោយឡែកការព្យាយាមសុំការបំភ្លឺពីឈ្មោះ ហៀង ដែលត្រូវប្រជាពលរដ្ឋចោទប្រកាន់ខាងលើ តែមិនជោគជ័យ ព្រោះមិនអាចស្គាល់លេខទូរស័ព្ទរបស់គាត់។
យ៉ាងណាក៏ដោយក្រុមអ្នកភូមិបានសំណូមពរដល់លោក អេង ប៊ុនហៀង អភិបាលខេត្តមណ្ឌលគិរី សូមជួយឲ្យពលរដ្ឋដែលរស់នៅតំបន់ខាងលើអាចចេញចូលរកត្រីចិញ្ចឹមជីវិតដូចកាលគ្រាមុនផង។
សូមបញ្ជាក់ថា ត្រពាំងទឹកខាងលើនេះមានទីតាំងនៅ ចន្លោះផ្លូវជាតិលេខ ៧៦ និងផ្លូវលំឆ្ពោះទៅព្រំដែនកម្ពុជា-វៀតណាម មានប្រជាពលរដ្ឋរស់នៅជុំវិញរាប់រយគ្រួសារ ដែលបានអាស្រ័យផលត្រីក្នុងត្រពាំងមួយនេះ៕

548d41fc70d47d3bf3dafd1fd364ee6b_XL

IMG-20150915-WA0068

Loading...

Leave a Reply

Your email address will not be published. Required fields are marked *