ពលរដ្ឋស្រុកមេមត់ចោទសន្តិសុខយាមដីក្រុមហ៊ុនម៉ែនសារុនថាទារប្រាក់ពីរថយន្តដឹកដំឡូងមី

ខេត្តកំពង់ចាម៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅឃុំជាំក្រវៀន ស្រុកមេមត់ ដែលប្រមូលផលដំឡូងមី ត្អូញត្អែរចំពោះសកម្មភាពយកប្រាក់ពីសំណាក់បុគ្គលិកសន្តិសុខយាមដី ឲ្យក្រុមហ៊ុន ម៉ែន សារុន នៅពេលអ្នកភូមិដឹកដំឡូងចេញពីចម្ការម្តងៗ។ ពលរដ្ឋត្អូញត្អែរថា ការយកលុយនេះជារឿងមិនសមហេតុផល ព្រោះអីដំឡូងរបស់ពួកគាត់កំពុងមានតម្លៃថោក ហើយត្រូវចំណាយប្រាក់ក្រៅផ្លូវការថែមទៀត។
ប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើសកម្មភាពយកប្រាក់ពីសំណាក់សន្តិសុខក្រុមហ៊ុន ម៉ែន សារុន និងអ្នកយាមចម្ការម្នាក់នៅឃុំជាំក្រវៀន នៅតែបន្តកើតឡើងទៀត ពួកគាត់នឹងដាក់ពាក្យប្ដឹងទៅអាជ្ញាធរតែម្តង។
ការលើកឡើងនេះ បន្ទាប់ពីប្រជាកសិករដែលប្រមូលកសិផលដំឡូងមីដឹកចេញពីដីចម្ការ របស់ខ្លួន កាត់តាមផ្លូវដីក្រុមហ៊ុន ម៉ែន សារុន គឺត្រូវបង់ប្រាក់ ៥.០០០រៀល ហើយត្រូវបង់ឲ្យអ្នកយាមចម្ការម្នាក់ ៥.០០០រៀលផ្សេងទៀតក្នុងរថយន្តមួយគ្រឿង។
ប្រជាពលរដ្ឋនៅឃុំជាំក្រវៀន លោក កាង ឈាង មានប្រសាសន៍ថា សកម្មភាពយកប្រាក់ពីប្រជាពលរដ្ឋកន្លងមក គឺជារឿងមិនត្រូវ ត្បិតអីភ្នាក់ងារសន្តិសុខទាំងនោះ មិនមានតួនាទីសោះឡើយ។ ម្យ៉ាង តម្លៃដំឡូងរបស់ពលរដ្ឋកំពុងតែចុះថោកផង បើនៅតែបន្តចំណាយក្រៅផ្លូវការបែបនេះទៀត នឹងកាន់តែធ្វើឲ្យជីវភាពរបស់ពួកគាត់ពិបាកជាក់ជាមិនខាន៖ «ថ្មីៗ ហ្នឹង គឺគាត់បានយកលុយឡានរបស់ខ្ញុំបាន ៦ឡានហើយ។ អ៊ីចឹងខ្ញុំខ្លាចតែពួកគាត់ចេះតែយកលុយពីបងប្អូនប្រជាពលរដ្ឋ ក្រោយៗទៀត»។
ប្រភពដដែលបន្តថា ពេលលោកសួរពីមូលហេតុដែលតម្រូវឲ្យពលរដ្ឋបង់ប្រាក់ បុគ្គលិកទាំងនោះនិយាយថា ដោយសារតែតៃកុងឡានចេះតែឈប់ឲ្យប្រាក់ពួកគេ។ ទោះជាបែបនេះក្តី លោក កាង ឈាង មិនចង់ឲ្យសកម្មភាពបែបនេះកើតឡើងបន្តទៀតឡើយ ពីព្រោះមានប្រជាកសិករជាង ១០០គ្រួសារ ដែលត្រូវដឹកផលិតផលរបស់ខ្លួនឆ្លងកាត់ដីក្រុមហ៊ុន ម៉ែន សារុន ស្ទើររៀងរាល់ថ្ងៃ។
មិនអាចទាក់ទងសន្តិសុខទាំងនោះ រួមទាំងតំណាងក្រុមហ៊ុន ម៉ែន សារុន លោក សុខ វាសនា ដើម្បីសុំការឆ្លើយតបពីការចោទប្រកាន់នេះបានទេ នៅថ្ងៃទី៦ ធ្នូ។
ម្ចាស់រថយន្តដែលប្រជាពលរដ្ឋតែងជួលដឹកដំឡូងមី សុំមិនឲ្យបញ្ចេញឈ្មោះ និយាយថា សកម្មភាពយកប្រាក់នោះ គឺដោយសារតែអ្នកយាមចម្ការ និងសន្តិសុខក្រុមហ៊ុន ម៉ែន សារុន ជាអ្នកទារប្រាក់ពីពួកគាត់។ លោកបន្តថា សកម្មភាពបង់ប្រាក់ គឺកើតមានជាច្រើនឆ្នាំមកហើយ ដោយបានក្លាយជាទម្លាប់ទៀតផង៖ «ដោយយើងធ្លាប់ដឹកពីមុនៗមក គេតែងយកលុយ។ កាលហ្នឹងគេមានបារាសមានអី ដល់ឥឡូវអត់មានគាត់ចេញមកយកដែរហ្នឹង»។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក ប៊ូ វីរៈ មានប្រសាសន៍ថា រាល់សកម្មភាពយកប្រាក់ពីប្រជាកសិករពីសំណាក់បុគ្គលិកក្រុមហ៊ុនក្តី សមត្ថកិច្ចក្តី លោកចាត់ទុកថាជាទង្វើខុសច្បាប់ ពីព្រោះកន្លងទៅ រាជរដ្ឋាភិបាលបានលុបចោលនូវរាល់ទម្រង់កុងត្រូលជជុះទាំងអស់រួចទៅ ហើយ៖ «នៅត្រើយខាងកើតហ្នឹងជាតំបន់សេដ្ឋកិច្ចចេញច្រើន អ៊ីចឹងយើងឮពីការបាញ់បោះ ប៉ុន្តែឥឡូវលែងមានហើយ ប៉ុន្តែការស្ទាក់យកលុយឡានដឹកឧសដឹកឈើ ដឹកដំឡូង គឺតែងកើតមាន»។
លោកបញ្ជាក់ថា ប្រសិនបើបញ្ហានេះនៅបន្តកើតមានឡើងទៀត ប្រជាកសិករអាចស្វែងរកកិច្ចអន្តរាគមន៍ទៅខាងក្រុមហ៊ុន ពិសេសទៅមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចតែម្តង៕

image២៣២២៣២៣

Loading...

Leave a Reply

Your email address will not be published. Required fields are marked *