ពលរដ្ឋឡើងតវ៉ាដល់ថ្នាក់ជាតិរឿងក្រុមហ៊ុនចិនបិទផ្លូវ

ខេត្តត្បូងឃ្មុំ ៖ប្រជាសហគមន៍នៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ត្អូញត្អែរពីផលលំបាកធ្វើដំណើរទៅដីស្រែចម្ការ និងរកអនុផលធម្មជាតិ ព្រមទាំងនេសាទត្រីផង ក្រោយពេលក្រុមហ៊ុនចិន មួយបិទផ្លូវមិនអោយប្រជាពលរដ្ឋទូទៅឆ្លងកាត់។ យ៉ាងណាតំណាងក្រុមហ៊ុនបញ្ជាក់ថា ពួកគេមិនបានបិទផ្លូវដែលអ្នកភូមិធ្លាប់ឆ្លងកាត់ឡើយ។
ប្រជាពលរដ្ឋនៅឃុំត្រពាំងព្រីង លើកឡើងថា ប្រសិនបើអាជ្ញាធរមូលដ្ឋាននៅតែមិនអាចដោះស្រាយករណីក្រុមហ៊ុនឈ្មោះ ហាមឺនីវេន អ៊ិនវេសមេន (Hamenivent Investment ) បិទផ្លូវសាធារណៈរបស់ពួកគាត់បានទៀត អ្នកភូមិនឹងនាំគ្នាតវ៉ាដល់ថ្នាក់ខេត្ត ឬថ្នាក់ជាតិតែម្ដង។ ការលើកឡើងរបស់អ្នកភូមិក្រោយពេលប្រជាពលរដ្ឋបានដាក់ពាក្យប្ដឹងទៅ អាជ្ញាធរមូលដ្ឋានឱ្យជួយដោះស្រាយ ប៉ុន្តែគ្មានលទ្ធផលល្អឡើយ។
ប្រជាសហគមន៍ភូមិជីទ្រុន មួយរូប លោក ស សុវណ្ណ មានប្រសាសន៍ថា តាំងពីប្រជាពលរដ្ឋនៅភូមិជីទ្រុន តវ៉ាទៅនឹងសកម្មភាពក្រុមហ៊ុនចិន មួយនេះ ចំពោះការរំលោភយកដីសហគមន៍ជាង ២០ហិកតារ និងដីចំណីមាត់ព្រែកផ្សេងទៀត ក្រុមហ៊ុនក៏ចាប់ផ្ដើមបិទផ្លូវធ្វើដំណើរមិនឱ្យពលរដ្ឋអាចឆ្លង កាត់ដូចពេលមុនបាន។ លោកបន្តថា ការបិទផ្លូវឆ្លងកាត់ដីក្រុមហ៊ុនចិន គឺធ្វើឱ្យអ្នកភូមិពិបាកធ្វើដំណើរទៅដីចម្ការ ព្រមទាំងទៅនេសាទត្រីនៅព្រែកឆ្លូង ឬរកជីកទំពាំងជាដើម៖ «បាទ! ប្រជាពលរដ្ឋនៅហ្នឹង គេមិនបោះបង់ការទាមទារនោះទេ គេនៅតែទាមទារគេនៅតែប្ដឹង ប៉ុន្តែគ្មានអំពើហិង្សាទេ»។
កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ពលរដ្ឋ ១៣៦គ្រួសារ បានដាក់ពាក្យប្ដឹងទៅសាលាស្រុកតំបែរ ដើម្បីសុំកិច្ចអន្តរាគមន៍ឱ្យក្រុមហ៊ុនបើកផ្លូវសម្រាប់អ្នកភូមិ ធ្វើដំណើរពីផ្ទះទៅកាន់ដីស្រែចម្ការ និងប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចធម្មតាឡើងវិញ។ យ៉ាងណា ពាក្យបណ្ដឹងរបស់ពលរដ្ឋនៅមិនទាន់ឃើញមានដំណោះស្រាយនៅឡើយទេ។
ទាក់ទងបញ្ហានេះ អ្នកបកប្រែភាសាចិន ឱ្យភាគីក្រុមហ៊ុន ហាមឺនីវេន អ៊ិនវេសមេន លោក លី ហ៊ាង បញ្ជាក់ថា ខាងក្រុមហ៊ុនមិនបានបិទផ្លូវសាធារណៈដូចការចោទប្រកាន់ទេ ប៉ុន្តែពេលខ្លះ ខាងក្រុមហ៊ុនបិទមិនឱ្យពលរដ្ឋតំបន់ឆ្ងាយៗ ឆ្លងប៉ុណ្ណោះ ព្រោះប៉ះពាល់ដល់ការងារក្រុមហ៊ុន៖ «ព្រោះថា ប្រជាពលរដ្ឋរកត្រីរកអី ចូលមកវាស្ទះផ្លូវខាងក្រោម ព្រោះផ្លូវខាងក្រោមជាផ្លូវអាត្រាក់ចេញចូល»។
ផ្លូវឆ្លងកាត់តាមដីក្រុមហ៊ុនចិន ដែលកំពុងមានវិវាទពេលនេះ ត្រូវបានខាងក្រុមហ៊ុនចិន ឈូសឆាយឡើងសម្រាប់ធ្វើដំណើរកាលពីឆ្នាំ២០១១។ ការបិទផ្លូវកើតឡើងក្រោយពេលប្រជាពលរដ្ឋទាមទារឱ្យក្រុមហ៊ុនបញ្ឈប់ សកម្មភាពឈូសឆាយ ព្រមទាំងប្រគល់ដីសហគមន៍ប្រមាណ ២០ហិកតារតាមមាត់ព្រែកក្បែរនោះជូនអ្នកភូមិវិញ កាលពីឆ្នាំ២០១៥។
រីឯអភិបាលស្រុកតំបែរ លោក នាថ រ៉ាវុធ ឱ្យដឹងដែរថា ក្រុមហ៊ុនចិន បិទផ្លូវ អាចដោយសារតែពួកគេព្រួយបារម្ភ ព្រោះកន្លងមកមានសកម្មភាពតវ៉ាផ្សេងៗ ព្រមទាំងមានប្រជាជនចូលទៅកាប់ឆ្ការដីដាំដំណាំនៅតំបន់ដីជម្លោះ ក្បែរនោះ។ យ៉ាងណាលោកថា នឹងទៅជួបតំណាងក្រុមហ៊ុនដើម្បីពិភាក្សាគ្នាជុំវិញបញ្ហាមួយនេះ៖ «ទៅសួរនាំក្រុមហ៊ុនយ៉ាងម៉េច បានជាមានការបិទផ្លូវ ហើយបងប្អូនមានសំណូមពរយ៉ាងម៉េច»។
ទោះបីយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ ដែលបានចុះអង្កេតបញ្ហានេះ លោក នាង សុវ៉ាត អះអាងថា កំណាត់ផ្លូវដែលឆ្លងកាត់ដីក្រុមហ៊ុនទៅកាន់ដីសហគមន៍ប្រជាពលរដ្ឋនៅ ក្បែរព្រែកឆ្លូង គឺបិទទាំងស្រុងតែម្ដង។ លោកថា ការបិទផ្លូវសាធារណៈ គឺជារឿងខុសច្បាប់៖ «ផ្លូវសាធារណៈ គឺជាផ្លូវរបស់ប្រជាពលរដ្ឋ ជាផ្លូវរបស់សាធារណជនដែលគ្រប់គ្រងដោយរដ្ឋ»។
លោកបន្ថែមថា ប្រសិនបើអាជ្ញាធរមិនអាចដោះស្រាយបញ្ហានេះបាន មានន័យថា អាជ្ញាធរមូលដ្ឋានអាចស្ថិតនៅក្រោមឥទ្ធិពលក្រុមហ៊ុន ព្រមទាំងធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿទុកចិត្តលើមន្ត្រី រាជរដ្ឋាភិបាលមិនខាន៕

0567e4da-5a60-40dc-8a22-ccc7b412d98d

Loading...

Leave a Reply

Your email address will not be published. Required fields are marked *