ពលរដ្ឋ២ស្រុកលើកគ្នាបន្តតវ៉ាឲ្យតុលាការដោះលែងយុវជនបរិស្ថាន៣នាក់

ខេត្តកោះកុង ៖ប្រជាពលរដ្ឋច្រើននាក់មកពីស្រុកបុទុមសាគរ និងស្រុកគីរីសាគរ ខេត្តកោះកុង បានបន្តប្រមូលផ្ដុំគ្នានៅពីមុខតុលាការខេត្តនេះ ទាមទារឲ្យដោះលែងសកម្មជនអង្គការចលនាមាតាធម្មជាតិ ៣នាក់ ចេញពីពន្ធនាគារ។

មន្ត្រីសង្គមស៊ីវិលខេត្តនេះ បានចាត់ទុកការចាប់ខ្លួន និងឃុំខ្លួនសកម្មជនការពារធនធានធម្មជាតិទាំង ៣នាក់ របស់តុលាការខេត្តនេះទៅតាមពាក្យបណ្ដឹងរបស់អាជ្ញាធរ និងក្រុមហ៊ុនបូមខ្សាច់ ថាជាការបំបាក់ស្មារតីសកម្មជនការពារធនធានធម្មជាតិដទៃទៀត ឲ្យបញ្ឈប់សកម្មភាពតវ៉ា។

គិតមកដល់ថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា គឺជាថ្ងៃទី២ ហើយដែលប្រជាពលរដ្ឋមកពីស្រុកគីរីសាគរ និងស្រុកបុទុមសាគរ បានលើកគ្នាតវ៉ា និងស្នាក់នៅទាំងយប់ថ្ងៃនៅពីមុខតុលាការសាលាដំបូងខេត្តកោះកុង ដើម្បីទាមទារឲ្យដោះលែងសមាជិកអង្គការចលនាមាតាធម្មជាតិ ៣នាក់ ដែលតុលាការខេត្តនេះចាប់ដាក់គុក។

មន្ត្រីសម្របសម្រួលអង្គការលីកាដូ (LICADHO) ខេត្តកោះកុង លោក អ៊ិន គង់ជិត មានប្រសាសន៍ថា គិតមកដល់ម៉ោងជិត ៦ល្ងាចថ្ងៃនេះ មានពលរដ្ឋប្រមាណ ៥០នាក់ នៅបន្តស្នាក់នៅមុខតុលាការខេត្តកោះកុង ទោះបីសមត្ថកិច្ចខេត្តនេះមកគំរាមដកមេក្រូមិនឲ្យស្រែកតវ៉ាបែបណាក្ដី។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សរូបនេះបានចាត់ទុកសកម្មភាពរបស់សមត្ថកិច្ច ពិសេសចំណាត់ការរបស់តុលាការខេត្តកោះកុង ដែលលើកយកបណ្ដឹងរបស់សមត្ថកិច្ច និងក្រុមហ៊ុនបូមខ្សាច់ប្ដឹងសកម្មជនការពារធនធានធម្មជាតិទាំង ៣នាក់ ថាជាការគំរាមកំហែងមួយ។

បន្ថែមលើការគំរាមកំហែងតាមប្រព័ន្ធតុលាការ សមត្ថកិច្ចនគរបាលខេត្តកោះកុង ក៏បានដឹកនាំកម្លាំងចុះឆែកឆេរលំនៅឋាន ឬទីស្នាក់ការរបស់អង្គការចលនាមាតាធម្មជាតិថែមទៀត នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ក្នុងរូបភាពធ្វើរដ្ឋបាលមនុស្សចេញចូលជាមួយអង្គការនេះ៖ «ករណីការចាប់ខ្លួនការឃុំខ្លួន និងការចោទប្រកាន់នេះ តាំងពីដើមរបស់តុលាការ គឺជាការគំរាមកំហែង និងបំបាក់ស្មារតីអ្នកការពារធនធានធម្មជាតិ។ យើងស្នើឲ្យតុលាការខេត្តកោះកុង ត្រូវពិចារណា និងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយ និងដោះលែងសកម្មជនការពារបរិស្ថានទាំងនោះឲ្យមានសេរីភាពឡើងវិញ»។

ទាក់ទិនបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរពាក់ព័ន្ធខេត្តកោះកុង ដើម្បីបំភ្លឺជុំវិញការចុះឆែកឆេរទីតាំងលំនៅឋានរបស់អង្គការចលនាមាតាធម្មជាតិ ឬការកប្រមូលផ្តុំគ្នាតវ៉ារបស់ប្រជាពលរដ្ឋនៅពីមុខតុលាការខេត្តកោះកុង បានទេ តាមទូរស័ព្ទ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា។

យ៉ាងណាក៏ដោយ លោក អាឡិកហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ស្ថាបនិកចលនាមាតាធម្មជាតិ និងជាសកម្មជនការពារបរិស្ថាន នៅតំបន់អារ៉ែង ក្នុងខេត្តកោះកុង បានចាត់ទុកការចាប់ខ្លួនសកម្មជនរបស់ខ្លួន ៣នាក់ដាក់ពន្ធនាគារក្នុងយុទ្ធនាការការពារធនធានធម្មជាតិ ថាជារឿងគួរឲ្យអស់សំណើចមួយ។

ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីក្រៅប្រទេស លោក អាឡិក បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជនគ្រប់រូបត្រូវបន្តសកម្មភាពការពារធនធានធម្មជាតិដែលនៅសេសសល់ពីការឃុបឃិតបំផ្លាញដោយឈ្មួញ ឬជនមានអំណាចមួយចំនួនឲ្យបានច្រើនថែមទៀត បើមិនដូច្នេះទេធនធានធម្មជាតិ ពិសេសធនធានដែលមាននៅក្នុងសមុទ្រកម្ពុជា នឹងត្រូវរលាយហិនហោចនៅថ្ងៃខាងមុខ៖ «ប៉ូលិសបានមកឆែកឆេរផ្ទះដែលយើងជួលនៅខេត្តកោះកុង និងថតរូបថតផ្សេងៗ ដោយគ្មានបង្ហាញដីកាអ្វីទាំងអស់។ យើងព្រួយបារម្ភប៉ូលិសទាំងនោះ ដាក់គ្រឿងញៀនធ្វើបាបសកម្មជនរបស់យើង»។

សកម្មជនការពារបរិស្ថាននៃអង្គការចលនាមាតាធម្មជាតិ ចំនួន ៣នាក់ មានឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ឹម សំណាង ត្រូវសមត្ថកិច្ចខេត្តកោះកុង ចាប់ខ្លួន ខណៈដែលពួកគេចុះធ្វើការនៅក្នុងសហគមន៍ប្រជាពលរដ្ឋក្នុងភូមិធ្នង់ ឃុំកណ្ដោល និងនៅភូមិតាមាឃ ឃុំអណ្ដូងទឹក ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែសីហា ដើម្បីប្រឆាំងនឹងការបូមខ្សាច់។
ក្រោយពេលចាប់ខ្លួន សមត្ថកិច្ចក៏បានបញ្ជូនយុវជនទាំង ៣នាក់ ទៅកាន់តុលាការសាលាដំបូងខេត្តកោះកុង ហើយត្រូវតុលាការខេត្តនេះ បញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ ក្រោមបទចោទគំរាមកំហែង និងធ្វើឲ្យខូចខាតដែលភ្ជាប់នូវបញ្ជាអ្វីមួយតាមមាត្រា៤២៤ នៃក្រមព្រហ្មទណ្ឌ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋខេត្តកោះកុង និងក្រុមយុវជន ដែលជាសមាជិកនៃអង្គការចលនាមាតាធម្មជាតិ បានប្ដេជ្ញាថា នឹងបន្តទាមទារស្វែងរកកិច្ចអន្តរាគមន៍ឲ្យដោះលែងសកម្មជនបរិស្ថានទាំងបីនាក់ ឲ្យមានសេរីភាពឡើងវិញ។ ជាងនេះក្រុមប្រជាពលរដ្ឋបានអះអាងថា នឹងមិនរំសាយការប្រមូលផ្តុំការតវ៉ានៅពីមុខតុលាការខេត្តកោះកុងទេ ដរាបណាតុលាការខេត្តកោះកុង មិនដោះលែងសមាជិកអង្គការចលនាមាតាធម្មជាតិទាំង ៣នាក់ ឲ្យមានសេរីភាពវិញទេ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *