ពលរដ្ឋ៣នាក់ស្លាប់ ខណៈស្រុក-ក្រុង៨ក្នុងខេត្តបន្ទាយមានជ័យរងគ្រោះពីទឹកជំនន់ 

(បន្ទាយមានជ័យ)៖ ដោយគិតមកត្រឹមថ្ងៃទី១០ខែតុលាឆ្នាំ២០២០ ភ្លៀង បានបន្តធ្លាក់ ក្នុងកម្រិតមធ្យមទូទាំងស្រុកក្រុងចំនួន៩ របស់ខេត្តបន្ទាយមានជ័យ ក្នុងនោះទឹកស្ទឹងសិរីសោភ័ណ ស្ទឹងមង្គលបូរី បាននិងកំពុងហក់ឡើងខ្លាំង ទឹកហូរធ្លាក់ពីតាមអូរព្រំដែនប្រទេសថៃនៅបន្តកើនឡើងខ្ពស់បណ្តាលអោយលិចតាមតំបន់ទំនាប ភូមិតាមមាត់អូរ ស្ទឹង ប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងហេដ្ឋារចនាសម្ពន្ធ័មួយចំនួន ។

តាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្រុក-ក្រុងចំនួន៨បានរងផលប៉ះពាល់ធ្ងន់ធ្ងរ ក្នុងនោះ ពលរដ្ឋ៣នាក់បានលង់ទឹកស្លាប់ (កុមារម្នាក់) លំនៅដ្ឋាន១.២២៥ខ្នង និងជម្លៀសពលរដ្ឋមកកាន់ទីទួលសុវត្ថិភាពចំនួន២៨៤គ្រួសារ (ស្មើនឹង១០១៣នាក់)លិចស្រែចំនួន១៤៨១ហិតា ចំការដំឡូងមី១០៩០ហិតា ក្នុងនោះដំណាំរួមផ្សំ ៣១ហិតា សាលារៀន១២សាលាត្រូវបានផ្អាកការរៀនសូត្រ វត្ត៣ ផ្លូវ៥៨កន្លែងប្រវែង ១១,៣៩៥ម៉ែត្រ។

ស្រុកក្រុងដែលទទួលរងផលប៉ះពាល់មាន

1. ក្រុងសិរីសោភ័ណ លិចលំនៅដ្ឋានចំនួន១៤ខ្នង ជម្លៀសមកកាន់ទីទួលសុវត្ថិភាព១០គ្រួសារ ។

2. ក្រុងប៉ោយប៉ែត លិចតំបន់ទីប្រជុំជនខ្លះដោយសារលូហូរមិនទាន់ រដ្ឋបាលក្រុងបានចាត់វិធានការកាយបង្ហូរអស់ហើយ ។

3. ស្រុកអូរជ្រៅ លិចលំនៅដ្ឋាន ១៨៦ខ្នង ជម្លៀសមកកាន់ទីទួលសុវត្ថិភាពបានចំនួន៩១គ្រួសារ លិចផ្លូវគ្រួសក្រហម៩កន្លែងប្រវែង៥០០ម៉ែត្រ។

4. ស្រុកស្វាយចេក លង់ទឹកស្លាប់ម្នាក់ លិចសាលារៀនបីសាលា លិចដំឡូងមី៣៧៧ហិតា ផ្លូវក្រាលគ្រួសក្រហម២០កន្លែងប្រវែង១២៩៦ម៉ែត្រ ។

5. ស្រុកព្រះនេត្រព្រះ លិចសាលា ២សាលា ផ្លូវគ្រួសក្រហម៧កន្លែងប្រវែង២៩៦០ម៉ែត្រ ។

៦. ស្រុកថ្មពួក លិចលំនៅដ្ឋាន៤៦ខ្នង សាលារៀន៣សាលា លិចស្រូវ៧៥ហិតា ដំឡូងមី៧១២ហិតា លិចផ្លូវគ្រួសក្រហម០៤កន្លែងប្រវែង៣១០ម៉ែត្រ។

៧.ស្រុកមង្គលបូរី លង់ទឹកស្លាប់ម្នាក់ លិចលំនៅដ្ឋាន១៣៧ខ្នង សាលារៀន២សាលា វត្តមួយ លិចស្រូវ១០៧៨ហិតា គ្រួសក្រហម៨កន្លែងប្រវែង១៦២០ម៉ែត្រ។

៨.ស្រុកម៉ាឡៃ លង់ទឹកស្លាប់ម្នាក់ លិចលំនៅដ្ឋានចំនួន៨៤២ខ្នង ជម្លៀសមកកាន់ទីទួលសុវត្ថិភាពបានចំនួន១៨៣គ្រួសារ សាលារៀនមួយសាលា លិចស្រូវ៣០ហិតា។

ឆ្លើយតបជាមួយការលិចលង់នេះដែរ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន ចុះផ្ទាល់ដើម្បីពិនិត្យស្ថានភាពទឹកនិងដឹកនាំ កម្លាំងជួយអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះ និងនាំយកមកកាន់ទីទួលសុវត្ថិភាព។

លោកអភិបាលបានផ្តល់អំណោយសង្គ្រោះបន្ទាន់បឋមដល់បងប្អូនរងគ្រោះដើម្បីផ្គត់ផ្គង់េជីវភាពប្រចាំថ្ងៃ។ ជាមួយនោះពលរដ្ឋដែលមានសមាជិករងគ្រោះដោយលង់ទឹកស្លាប់លោកអភិបាលខេត្តក៏បានចូលរួមជាថវិការៀបចំធ្វើបុណ្យទៅតាមប្រពៃណីផងដែរ។

សូមបញ្ជាក់ថា ទឹកជំនន់អាចនឹងបន្តហក់ឡើង ធ្វើអោយចំនួនពលរដ្ឋរងគ្រោះមានការកើនឡើងបន្ថែមទៀត ។ ដើម្បីត្រៀមបង្ការទប់ស្កាត់ជួយសងគ្រោះអោយបានទាន់ពេលវេលា គ្រប់កងឯកភាពចំណុះ មានអាវុធហត្ថ នគរបាល យោធា បានបញ្ចេញកម្លាំងចំណុះដោយបំពាក់ឧបករណ៍សុវត្ថិភាព មធ្យោបាយគ្រប់ប្រភេទចេញជួយអន្តរាគមន៍ នៅតាមមូលដ្ឋានដែលរងនូវផលប៉ះពាល់ត្រៀមជានិច្ចនិងជួយសង្គ្រោះបងប្អូនពលរដ្ឋធ្វើយ៉ាងណាអោយទាន់ពេលវេលា ៕

 

Loading...