ពលរដ្ឋ​ក្នុងភូមិ​ដែល​មាន​ឆ្លង​មេរោគ​អេ​ដស៍​នៅ​បាត់ដំបង​បារម្ភ​ពី​កូនចៅ​ពិបាក​រក​គូស្រករ​

ក្រុម​ប្រជាពលរដ្ឋ​ដែល​ឆ្លង​មេរោគ​អេ​ដស៍​ជា​ច្រើន​គ្រួសារ​ នៅ​ភូមិ​រកា​ ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ សម្ដែង​ក្ដី​បារម្ភ​ចំពោះ​កូនចៅ​របស់​ខ្លួន​ ខ្លាច​ពិបាក​រក​គូស្រករ​នៅ​ថ្ងៃ​អនាគត​។​ ការ​ព្រួយបារម្ភ​នេះ​ កើត​មាន​បន្ទាប់​ពី​ពួក​គាត់​ធ្វើតេស្ដ​ឈាម​នៅ​មណ្ឌល​សុខភាព​រកា​ រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​អេ​ដស៍​។​

​ក្រុម​ប្រជាពលរដ្ឋ​ទាំង​អ្នក​ឆ្លង​មេរោគ​អេ​ដស៍​ និង​អ្នក​ដែល​ពុំ​មាន​មេរោគ​អេ​ដស៍​ នៅ​ភូមិ​រកា​ សម្ដែង​ការ​ព្រួយបារម្ភ​ថា​ ពួក​គេ​នឹង​ប្រឈម​មុខ​គ្មាន​គូស្រករ​ ឬ​ប្ដី​ប្រពន្ធ​ទៅ​ថ្ងៃ​មុខជា​មិន​ខាន​ ដោយសារ​មាន​ផ្ទុកមេរោគ​អេ​ដស៍​នៅ​ក្នុង​ខ្លួន​។​

​ក្រុម​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ ថ្លែង​ក្នុង​ទឹកមុខ​ស្រពោន​នៅ​ថ្ងៃ​ទី​២៣​ ធ្នូ​ ថា​ ពួក​គាត់​ខ្លាច​គ្មាន​គូស្រករ​ដូច​គេឯង​នៅ​ឃុំ​ដទៃ​ ហើយ​មានការ​ខ្មាស​អៀន​ក្នុង​ការ​បង្ហាញខ្លួន​នៅ​ទី​សាធារណៈ​។​ អ្នក​ភូមិ​បញ្ជាក់​ថា​ សព្វ​ថ្ងៃនេះ​ គ្រួសារ​មួយ​ចំនួន​ដែល​ឆ្លង​មេរោគ​អេ​ដស៍​ ត្រូវ​គេ​រិះគន់​បណ្ដើរៗ​ហើយ​ ធ្វើ​ឲ្យ​អ្នកខ្លះ​មិន​ចង់ទៅ​សាលារៀន​នោះ​ទេ​៖​ «​ខ្ញុំ​ព្រួយបារម្ភ​ខ្លាំង​ទៅ​លើ​កូន​ ព្រោះ​ទៅ​ថ្ងៃ​អនាគត​ខ្លាច​មិន​មានគូស្រករ​ហ្នឹង​គេ​។​ អនាគត​គ្នា​ទៅ​មុខ​ទៀត​មិនដឹង​យ៉ាងណា​ បើ​ជំងឺ​នេះ​ព្យាបាល​មិនជា​អ៊ីចឹង​។​ ខ្ញុំ​បារម្ភ​ខ្លាច​កូន​ពេញក្រមុំ​ទៅ​ គ្មាន​អ្នក​មក​ស្ដីដណ្ដឹង​ជា​គូ​អនាគត​ ពីព្រោះ​អ្នក​កើត​ជំងឺអេដស៍​ហ្នឹង​ពេញ​ភូមិ​ទៅ​ហើយ​។​ យើង​មនុស្ស​កើត​ទៅ​វា​មិនជា​សំខាន់​ទេ​ តែ​ក្មេង​ដល់​ពេល​កើត​អ៊ីចឹង​ទៅ​មិនជា​យ៉ាងនោះ​ទេ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ មេ​ភូមិ​រកា​ លោក​ ឆាត​ ចឹក​ មាន​ប្រសាសន៍​បញ្ជាក់​ថា​ អ្នក​ដែល​ឆ្លង​មេរោគ​អេ​ដស៍​ក្នុងភូមិ​រកា​ មាន​ទាំង​កូន​ក្មេង​ និង​មនុស្ស​ចាស់​។​ ទោះ​យ៉ាងនេះ​ក្ដី​ លោក​ពុំ​ទាន់​ដឹង​ចំនួន​អ្នក​ដែល​ឆ្លង​មេរោគ​អេ​ដស៍​ប៉ុន្មាន​នាក់​នៅឡើយ​ទេ​ តែ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ពិតជា​មានការ​ព្រួយបារម្ភ​ចំពោះ​អនាគត​កូនចៅ​របស់​ពួក​គាត់​ប្រាកដ​មែន​៖​ «​បាទ​!​ អា​រឿង​ទុកដាក់​កូនចៅ​ហ្នឹង​ប្រជាពលរដ្ឋ​ក្នុងភូមិ​ខ្វល់​គ្រប់​តែ​គ្នា​ហ្នឹង​ មិនជា​យ៉ាងណា​ទេ​»​។​

​ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ​ មន្ត្រី​ទីប្រឹក្សាបច្ចេកទេស​អង្គការ​សម្ព័ន្ធភាព​ខ្មែរ​ ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ លោក​ នី​ សុជាត​ មាន​ប្រសាសន៍​ថា​ មាន​កត្តា​សំខាន់​បី​យ៉ាង​ដែល​ចម្លង​មេរោគ​អេ​ដស៍​ឆាប់រហ័ស​ រួម​មាន​ ការ​ឆ្លង​តាម​រយៈ​ឈាម​ ការ​ឆ្លង​ពី​ម្ដាយ​ទៅ​កូន​ និង​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ​ ហើយ​ការ​ឆ្លង​ខ្ពស់​ជាងគេ​ គឺ​ឆ្លង​តាម​រយៈ​ឈាម​ ដូច​ជា​ការ​ប្រើប្រាស់​គ្រឿងញៀន​ដែល​ប្រើ​ស៊ី​រាំង​ចាក់​រួម​គ្នា​ ជាដើម​៖​ «​កាលណា​យើង​ដឹង​ថា​ឆ្លង​មេរោគ​អេ​ដស៍​អ៊ីចឹង​ គាត់​ត្រូវ​ប្រញាប់​ទៅ​ធ្វើតេស្ដ​ឈាម​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់​ តាមដាន​មេរោគ​នេះ​។​ បើ​ពិនិត្យ​ឃើញ​មាន​ផ្ទុកមេរោគ​អេ​ដស៍​ហើយ​ ត្រូវ​ទៅ​ទទួល​សេវា​ព្យាបាល​ឲ្យ​ឆាប់រហ័ស​»​។​

​កាលពី​រសៀល​ថ្ងៃ​ទី​២២​ ធ្នូ​ ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តបាត់ដំបង​ សម្រេច​ចោទប្រកាន់​គ្រូពេទ្យ​ លោក​ យ៉ែ​ម​ ជ្រិ​ន​ ដែល​អ្នក​ភូមិ​សង្ស័យ​ថា​ជា​អ្នកចម្លង​មេរោគ​អេ​ដស៍​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​រកា​ ចំនួន​ ៣​ករណី​។​ ករណី​ទី​១​ ចោទ​ពី​បទ​ប្រព្រឹត្ត​ដោយ​ចេតនា​ ធ្វើ​ឲ្យ​អ្នក​ដទៃ​ឆ្លង​មេរោគ​អេ​ដស៍​។​ ករណី​ទី​២​ អំពើ​ឃោរឃៅ​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​ និង​ករណី​ទី​៣​ បើក​កន្លែង​ពិនិត្យ​សុខភាព​ដោយ​ពុំ​មានការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។​

​កាលពី​ថ្ងៃ​ទី​២០​ ធ្នូ​ នាយក​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ លោក​វេជ្ជបណ្ឌិត​ ដេ​លី​យ៉េ​ ហ្វង់​តេ​នី​ល​ (Dilier​ Fontenille)​ ប្រាប់​អ្នកកាសែត​ក្នុងស្រុក​ថា​ អ្នក​ផ្ទុកមេរោគ​អេ​ដស៍​ឃុំ​រកា​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ កើនឡើង​រហូត​ដល់​ ១៤០​នាក់​។​ រហូត​មក​ទល់​ពេល​នេះ​ ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​ទៅ​ធ្វើតេស្ត​ឈាម​ពិនិត្យ​មេរោគ​អេ​ដស៍​នៅ​មណ្ឌល​សុខភាព​រកា​ ជា​បន្តបន្ទាប់​នៅឡើយ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *