ពលរដ្ឋ​ខេត្តពោធិ៍សាត់​ព្រមាន​ទប់ស្កាត់​ការ​ចិញ្ចឹម​ត្រី​ឆ្ដោរ​និង​ឆក់​ត្រី​ក្នុង​បឹង​គុ​ជ​នប់​ដោយ​ខ្លួនឯង​

​តំណាង​ និង​ពលរដ្ឋ​រស់នៅ​ឃុំ​មួយ​ចំនួន​នៃ​ស្រុក​ក្រគរ​ ខេត្តពោធិ៍សាត់​ ព្រមាន​ចុះ​ដកហូត​ម៉ាស៊ីនបូមទឹក​ និង​ទប់ស្កាត់​សកម្មភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ​ និង​ឆក់​ត្រី​ក្នុង​បឹង​គុ​ជ​នប់​ ដោយ​ខ្លួនឯង​ ប្រសិនបើ​អាជ្ញាធរ​មូលដ្ឋាន​នៅ​តែ​មិន​ដោះស្រាយ​។​ ក្រុម​ពលរដ្ឋ​បញ្ជាក់​ថា​ សកម្មភាព​ចិញ្ចឹម​ត្រី​ទាំងនេះ​បាន​ធ្វើ​ឲ្យ​ទឹក​បឹង​គុ​ជ​នប់​ រីង​ និង​ប៉ះពាល់​ដល់​ពលរដ្ឋ​មិន​អាច​ប្រើ​ទឹកជា​ច្រើន​ភូមិ​។​

 

តំណាង​ពលរដ្ឋ​មក​ពី​ឃុំ​អន្លង់​ត្នោត​ ឃុំ​ឈើ​តុំ​ និង​ឃុំ​ក្បាល​ត្រាច​ បាន​រក​ឃើញ​ម៉ាស៊ីនបូមទឹក​ចំនួន​ ៩​គ្រឿង​ កំពុង​បញ្ឈរ​ចាំ​បូមទឹក​បឹង​គុ​ជ​នប់​ និង​ស្រះ​ចិញ្ចឹម​ត្រី​ឆ្ដោរ​ចំនួន​ពីរ​ ហើយ​ស្រះ​ចិញ្ចឹម​ត្រី​ប្រា​ និង​ត្រី​ទី​ឡា​ព្យា​ ចំនួន​ ១០​ស្រះ​។​ ពួក​គាត់​ថា​ អាជ្ញាធរ​ឃុំ​ និង​ស្រុក​ តែងតែ​ឆ្លើយ​ខុស​ការ​ពិត​អំពី​បញ្ហា​ដែល​កើត​មាន​ក្នុង​មូលដ្ឋាន​ជាមួយ​អ្នក​សារព័ត៌មាន​ ហើយ​មិន​គិតគូរ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ទេ​។

 

​ ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ក្បាល​ត្រាច​ អ្នកស្រី​ ឡោ​ន​ ស៊ី​វី​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣​ ខែមីនា​ ថា​ តំណាង​ និង​ប្រជាពលរដ្ឋ​កំពុង​ពិភាក្សា​រៀបចំ​វិធានការ​ទប់ស្កាត់​បទល្មើស​ឆក់​ក្នុង​បឹង​ និង​ដកហូត​ម៉ាស៊ីនបូមទឹក​តាម​ទំនប់​ នៃ​បឹង​គុ​ជ​នប់​ ទៅ​ទុក​នៅ​ទីស្នាក់ការ​រដ្ឋបាល​ជលផល​ស្រុក​។​ អ្នកស្រី​បន្ត​ថា​ បឹង​គុ​ជ​នប់​ មាន​ប្រភព​ទឹក​ចេញពី​អូរ​ជា​ច្រើន​ ហើយ​ទំនប់​ក៏​មិន​បាក់​ធ្លាយ​ទឹក​ទៅ​ណា​ក្រៅពី​បូម​បញ្ចូល​ស្រះ​ដែរ​៖​ «​យើង​ចាំ​មើល​អាជ្ញាធរ​ប្រសិនបើ​អត់​ទប់ស្កាត់​អី​ទៅ​លើ​បញ្ហា​បូមទឹក​ដាក់​ស្រះ​អីហ្នឹង​ទេ​ ពួក​ខ្ញុំ​នឹង​ទៅ​ទប់ស្កាត់​ផ្ទាល់​ទៅ​ចាប់​ម៉ាស៊ីន​កន្លែង​បូមទឹក​ ទៅ​ដាក់​ឲ្យ​កន្លែង​ជលផល​តែ​ម្ដង​ ចាំ​មើល​គាត់​ថា​ម៉េច​ទៀត​ ព្រោះ​អី​ព័ត៌មាន​ទាំងអស់​ហ្នឹង​មិនមែន​គាត់​ (​អាជ្ញាធរ​មូលដ្ឋាន​)​ ឆ្នាំ​មុនៗ​អ៊ីចឹង​ពេល​ប្រជាពលរដ្ឋ​រាយការណ៍​ទៅ​ គាត់​បាន​តែ​ចុះ​មក​យក​លុយ​ទេ​»​។​

ទាក់ទង​បញ្ហា​នេះ​ ម្ចាស់​ស្រះ​ចិញ្ចឹម​ត្រី​ អ្នកស្រី​ អ៊ឹ​ង​ ស្រី​ណា​ក់​ បញ្ជាក់​ថា​ កន្លង​ទៅ​ប្រជាពលរដ្ឋ​បាន​ចោទ​ប្ដី​របស់​គាត់​ដែល​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់​ ថា​បាន​ចិញ្ចឹម​ត្រី​ឆ្ដោរ​ខុសច្បាប់​ តែ​ជាក់ស្ដែង​ គ្រួសារ​គាត់​មាន​ស្រះ​ជួល​ឲ្យ​គេ​ និង​ចិញ្ចឹម​ត្រី​ខ្លួនឯង​សរុប​ចំនួន​ ១០​ស្រះ​ ហើយ​ត្រី​ដែល​ចិញ្ចឹម​នោះ​ គឺជា​ប្រភេទ​ត្រី​ប្រា​ និង​ត្រី​ទី​ឡា​ព្យា​ ដែល​ការ​ចិញ្ចឹម​នេះ​មិន​ត្រូវការ​ទឹក​ផ្លាស់​ប្ដូរ​ច្រើន​ដង​ទេ​។​

 

អ្នកស្រី​ថា​ បច្ចុប្បន្ន​អ្នក​ជួល​ស្រះ​របស់​គាត់​ ចិញ្ចឹម​ត្រី​មាន​ម៉ាស៊ីនបូមទឹក​ចាស់​មួយ​គ្រឿង​ កំពុង​បញ្ឈរ​ចោល​នៅ​បឹង​គុ​ជ​នប់​ មែន​ ព្រោះ​ម្ចាស់​ឈឺ​ កំពុង​សម្រាក​ព្យាបាល​នៅ​វៀតណាម​៖​ «​គាត់​ (​ប្ដី​)​ ធ្វើ​មន្ត្រី​ ប៉ុន្តែ​គាត់​មិន​ដែល​ទៅ​ស្រះ​វាក់​វិ​ន​ (​ជាប់​ទាក់ទង​)​ ជាមួយ​ខ្ញុំ​ទេ​។​ ដី​ហ្នឹង​ពេល​ខ្ញុំ​ទិញ​ ហើយ​ខ្ញុំ​ជីក​ស្រះ​យូរហើយ​ សហគមន៍​នៅ​នោះ​ក៏​ដឹង​ដែរ​ ព្រោះ​អី​ប្អូន​ខ្ញុំ​នៅ​ស្វាយ​ អត់​មានការ​ងារ​ធ្វើ​ បានជា​ខ្ញុំ​ជួល​ស្រះ​ដាច់​ឲ្យ​វា​ទៅ​ រួច​ហើយ​វា​ចិញ្ចឹម​តែ​ត្រី​ហ្នឹង​ (​ត្រី​ទី​ឡា​ព្យា​ និង​ត្រី​ប្រា​)​ វា​អត់​មាន​លទ្ធភាព​ចិញ្ចឹម​ត្រី​ឆ្ដោរ​ទេ​»​។​

 

ចំណែក​មេឃុំ​ក្បាល​ត្រាច​ លោក​ ដួង​ សា​រិ​ន​ ថ្លែង​ថា​ បទល្មើស​ឆក់​នៅ​បឹង​គុ​ជ​នប់​ អាច​នឹង​កើត​មាន​ខ្លះ​មែន​ ដោយសារ​ប្រជា​ការពារ​ភូមិ​មិនសូវ​ទៅ​ដល់​។​ លោក​ថា​ អាជ្ញាធរ​ឃុំ​ និង​សហគមន៍​ នឹង​មាន​វិធានការ​គ្រប់គ្រង​ទឹក​នៅ​រដូវវស្សា​ឲ្យ​បាន​ត្រឹមត្រូវ​ ដើម្បី​តម្កល់​ទឹក​ឲ្យ​បាន​ប្រើប្រាស់​រហូត​ដល់​រដូវប្រាំង​ឡើង​វិញ​ ប៉ុន្តែ​លោក​ទទួលស្គាល់​ថា​ ប៉ុន្មាន​ឆ្នាំ​មកនេះ​មាន​អ្នក​ប្រើប្រាស់​ទឹក​ច្រើន​ពេក​។​ ពលរដ្ឋ​ឲ្យ​ដឹង​ថា​ បឹង​គុ​ជ​នប់​ មាន​ទំហំ​ប្រហែល​ ១០​ហិ​កតារ​ ជម្រៅ​ ៤​ម៉ែត្រ​។​ បឹង​នេះ​មាន​ពលរដ្ឋ​ជា​ច្រើន​ភូមិ​ នៃ​ឃុំ​ក្បាល​ត្រាច​ ប្រើប្រាស់​។​ ក្រុម​ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ ទប់ស្កាត់​សកម្មភាព​នានា​ដែល​ប៉ះពាល់​ដល់​ទឹក​បឹង​គុ​ជ​នប់​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *