ពលរដ្ឋ​ខេត្ត​បាត់ដំបង​ចេញ​ការពារ​ផ្លូវ​លំ​រារាំង​មិន​ឲ្យ​រថយន្ត​ដឹក​ដី​បើកបរ​ឆ្លង​កាត់

ខេត្ត​បាត់ដំបង៖ប្រជាពលរដ្ឋ​នៅ​ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ប្រមាណ ៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ កញ្ញា នាំ​គ្នា​បិទ​ផ្លូវ​លំ​ឆ្លង​កាត់​ភូមិ​មួយ​ខ្សែ ដើម្បី​រារាំង​មិន​ឲ្យ​រថយន្ត​របស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី​លក់ បើកបរ​ឆ្លង​កាត់។

អ្នក​ភូមិ​បញ្ជាក់​ថា មូលហេតុ​ដែល​ពួក​គាត់​ចេញ​ទៅ​ការពារ​ផ្លូវ​ដោយ​ខ្លួន​ឯង​នេះ ដោយសារ​ពួក​គាត់​ស្នើ​ទៅ​ខាង​ក្រុមហ៊ុន និង​អាជ្ញាធរ​មូលដ្ឋាន ឲ្យ​បញ្ឈប់​រថយន្ត​ដឹក​ធ្ងន់ ធ្វើ​ដំណើរ​លើ​ផ្លូវ​នោះ​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល។

ក្រុម​ប្រជាពលរដ្ឋ​បិទ​ផ្លូវ​ដោយ​បោះ​បង្គោល​ចំនួន ២​ដើម ហើយ​ចង​ដើម​ឫស្សី​មួយ​ដើម​ភ្ជាប់​ទៅ​នឹង​បង្គោល​នោះ ដើម្បី​ធ្វើ​ជា​រនាំង​បិទ​ផ្លូវ នៅ​ពេល​ដែល​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ទៅ​ដល់។

ក្រុម​អ្នក​ភូមិ​ថ្លែង​ខណៈ​តវ៉ា​នៅ​ក្រោម​កម្ដៅ​ថ្ងៃ នៅ​ភូមិ​ដំណាក់ហ្លួង សង្កាត់​វត្តគរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី​ទាំង​រដូវ​ប្រាំ និង​រដូវ​វស្សា ធ្វើ​ឲ្យ​ខូច​ផ្លូវ និង​បង្ក​ការ​លំបាក​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​ជិត ១០​ឆ្នាំ​មក​ហើយ ដោយ​ពុំ​បាន​សាងសង់​ផ្លូវ​ជូន​ពួក​គាត់​នោះ​ទេ។ អ្នក​ភូមិ​ថ្លែង​ទាំង​ខឹង​សម្បា​ទៀត​ថា ពួក​គាត់​នាំ​គ្នា​តវ៉ា​នេះ ដោយសារ​ទ្រាំ​មិន​បាន​ពី​ការ​លំបាក ពីព្រោះ​ថា រថយន្ត​របស់​ក្រុមហ៊ុន​បាន​ប្ដូរ​ទិសដៅ​ធ្វើ​ដំណើរ​ដឹក​ដី​លើ​ផ្លូវ​លំ​មួយ​ ខ្សែ ដែល​ពួក​គាត់​រួម​គ្នា​សាងសង់ និង​ថែរក្សា​ដោយ​ខ្លួន​ឯង។

ប្រជាពលរដ្ឋ​អះអាង​ថា ប្រសិន​បើ​បណ្ដោយ​ឲ្យ​រថយន្ត​របស់​ក្រុមហ៊ុន​បើកបរ​នៅ​លើ​ផ្លូវ​នោះ​បន្ត​ ទៀត នឹង​បណ្ដាល​ឲ្យ​ខូច​ផ្លូវ និង​មិន​អាច​ធ្វើ​ដំណើរ​បាន​ទេ​នៅ​ក្នុង​រដូវ​វស្សា​នេះ៖ «ពួក​ខ្ញុំ​អត់ ​បាន​ទទួល​ផល​អី​ពី​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី​នេះ​ទេ បែរ​ជា​ទទួល​រង​ទុក្ខ​ដោយ​ខូច​ផ្លូវ​ពិបាក​ធ្វើ​ដំណើរ​ទៅ​វិញ។ ពេល​ក្រុមហ៊ុន​ឡាន​ដឹក​មក​ម្ដងៗ​ធ្វើ​ផ្លូវ​បែក​ភក់ ហើយ​រអិល​មិន​អាច​ធ្វើ​បាន​ទេ។ កូន​ខ្ញុំ​ទៅ​ដើរ ជួន​កាល​ភក់​ខ្ទាត​ប្រឡាក់​ខោ​អាវ​អស់ ទៅ​ដល់​សាលា​គ្រូ​ស្ដី​ថា​ឲ្យ​ជា​ប្រចាំ​រឿង​ខោ​អាវ​ប្រឡាក់​ដី»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ម្ចាស់​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី លោក ហេង អេង ថ្លែង​ថា ឡាន​ក្រុមហ៊ុន​របស់​លោក​ពុំ​ទាន់​ដឹក​ដី​នៅ​លើ​ផ្លូវ​ដែល​អ្នក​ភូមិ​រារាំង​ នោះ​នៅ​ឡើយ​ទេ។ លោក​អះអាង​ថា កន្លង​មក​ខាង​ក្រុមហ៊ុន​តែង​ធ្វើ​ការ​សាងសង់​ផ្លូវ សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​ជា​បន្តបន្ទាប់ ហើយ​ថា ប្រជាពលរដ្ឋ​មិន​គួរ​រារាំង​រថយន្ត​របស់​លោក​មិន​ឲ្យ​ធ្វើ​ដំណើរ​នៅ​លើ​ ផ្លូវ​នោះ​ឡើយ៖ «រថយន្ត​របស់​ខ្ញុំ​ចុះ​ទៅ​កាយ​ដី​ធ្វើ​ផ្លូវ​សាឡើងវិញ​ ទេ តែ​មិន​ទាន់​នឹង​បាន​អី​ផង ស្រាប់​តែ​ពួក​គាត់​មក​រារាំង​ឡាន​របស់​ខ្ញុំ​អ៊ីចឹង​ទៅ»

ទោះ​យ៉ាង​នេះ​ក្ដី ប្រជាពលរដ្ឋ​អះអាង​ថា រថយន្ត​របស់​ក្រុមហ៊ុន​បាន​ដឹក​ដី​បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ក្នុង​ភូមិ​អស់​ ជាច្រើន​ខ្សែ​មក​ហើយ ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​បាន​ងាក​មក​ប្រើ​ផ្លូវ​ដែល​ពួក​គាត់​រារាំង​ជំនួស​វិញ។

ទាក់ទង​នឹង​បញ្ហា​នេះ​ដែរ ចៅ​សង្កាត់​វត្តគរ លោក សុខ ឈឿក ទទួល​ស្គាល់​ថា ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដឹក​ដី​ពិត​ជា​ធ្វើ​ដំណើរ​ដឹក​ដី​តាម​ផ្លូវ​នៅ​ តំបន់​នោះ​ជិត ១០​ឆ្នាំ​ប្រាកដ​មែន ប៉ុន្តែ​ការ​ធ្វើ​អាជីវកម្ម​នេះ ខាង​ក្រុមហ៊ុន​មិន​បាន​បង្ក​ផល​លំបាក​អ្វី​ធំ​ដុំ​ដល់​ការ​រស់នៅ​របស់​ ប្រជាពលរដ្ឋ​នោះ​ទេ៖ «វា​មិន​ខូច​ផ្លូវ​អី​ទេ បើ​ឡាន​ដឹក​ដី​ធ្វើ​ឲ្យ​ខូច​ផ្លូវ ខ្ញុំ​ឃាត់​ឲ្យ​ឈប់​ភ្លាម ហើយ​យើង​ឡាន​ដឹក​ដី​ធ្វើ​ផ្លូវ​សង​វិញ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​ត្រូវ​នាំ​គ្នា​ទៅ​បិទ​ផ្លូវ​មិន​ឲ្យ​ឡាន​គេ​ចេញ​ ចូល​អ៊ីចឹង​នោះ​ទេ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​ស៊ើប​អង្កេត​នៃ​អង្គការ​លីកាដូ (LICADHO) ខេត្ត​បាត់ដំបង លោក ហេង សាយហុង មាន​ប្រសាសន៍​ថា បញ្ហា​នេះ អាជ្ញាធរ​គួរ​តែ​បញ្ឈប់​រថយន្ត​របស់​ក្រុមហ៊ុន​ដឹក​ដី​ឆ្លង​កាត់​ផ្លូវ​នោះ តាម​ការ​ស្នើសុំ​របស់​ប្រជាពលរដ្ឋ​មួយ​រយៈ​សិន ពីព្រោះ​ថា រដូវ​នេះ​ជា​រដូវ​វស្សា ប្រសិន​បើ​បណ្ដោយ​ឲ្យ​រថយន្ត​ដឹក​ដី​ធ្ងន់​នៅ​លើ​ផ្លូវ​នោះ​យូរៗ​ទៅ បណ្ដាល​ឲ្យ​ខូច​ផ្លូវ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ៕

image៥

Loading...

Leave a Reply

Your email address will not be published. Required fields are marked *