ខេត្តកំពត៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលដេប៉ូកាប់ជ្រូក-គោ មួយកន្លែង ដែលស្ថិតក្នុងភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត នៅតែបានបង្កឲ្យមានក្លិនស្អុយយ៉ាងខ្លាំង ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ដោយសារតែដេប៉ូនេះមិនបានរៀបចំទុកដាក់កាកសំណល់ឲ្យបានត្រឹមត្រូវ និងបង្ហូរទឹកលូចូលពេញព្រៃ ខ្វះអនាម័យ មិនក្រែចិត្តនរណាម្នាក់សោះ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនោះបាននសម្តែងការមិនពេញចិត្តថា ពួកគាត់អស់ជំនឿចិត្តយ៉ាងខ្លាំងលើអាជ្ញាធរ ដែលបានដឹងលឺពីផលប៉ះពាល់ តែមិនព្រមមានវិធានការ និងដោះស្រាយជូនពួកគាត់ទាល់តែសោះ ហាក់ដូចមិនអើពើទុកលំបាកប្រជាពលរដ្ឋនោះទេ។
ទាក់ទិនករណីនេះ ភ្នាក់ងារយើង បានសុំការបំភ្លឺពីលោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពតម្តងរួចមកហើយ កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយរូបលោកសន្យាថា នឹងចាត់មន្ត្រីជំនាញឲ្យទៅពិនិត្យចំពោះបញ្ហានេះ តែមកដល់ពេលនេះមិនទាន់ឃើញមានសភាពអ្វីប្រែប្រួលនៅឡើយទេ។
សូមបញ្ជាក់ថាសត្តឃាដដ្ឋានមួយនេះត្រូវបានគេស្គាល់ថា មានម្ចាស់ដេញថ្លៃជាអ្នកមានអំណាច និងទ្រព្យសម្បត្តិស្តុកស្តម្ភម្នាក់ទៀតផង៕