ពលរដ្ឋ​នៅ​ស្រុក​មេសាង​ចោទ​ក្រុមហ៊ុន​អគ្គិសនី​ថា​ផ្ដល់​ភ្លើង​មិន​ប្រក្រតី

ខេត្ត​ព្រៃវែង ៖ប្រជាពលរដ្ឋ​នៅ​ស្រុក​មេសាង ខេត្ត​ព្រៃវែង ស្នើ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ជួយ​ពិនិត្យ និង​ធ្វើ​អន្តរាគមន៍​ចំពោះ​ក្រុមហ៊ុន​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​នោះ ដែល​ដំណើរ​ការ​ចែកចាយ​អគ្គិសនី​ដាច់​ញឹកញាប់ និង​កុងទ័រ​ភ្លើង​ដើរ​លឿន​ខុស​ប្រក្រតី។ ចំណែក​ក្រុមហ៊ុន​អគ្គិសនី បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

ក្រុម​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​នៅ​ឃុំ​ស្វាយជ្រំ ស្រុក​មេសាង ខេត្ត​ព្រៃវែង ចោទ​ក្រុមហ៊ុន​អគ្គិសនី​ឈ្មោះ ធូក សាមាន ថា ជញ្ជក់​ញើស​ឈាម​ពួកគាត់ ដោយ​ក្រុមហ៊ុន​នេះ​តែងតែ​ធ្វើ​ឱ្យ​ដាច់​ភ្លើង​ស្ទើរ​រាល់ថ្ងៃ ក្នុង ១​ថ្ងៃ ៤ ទៅ ៥​ដង បណ្ដាល​ឱ្យ​គីឡូ​ភ្លើង​កើន​ឡើង​ទ្វេ​ដង​ជា​អតិបរមា។

​តំណាង​អ្នក​តវ៉ា​នៅ​ឃុំ​ស្វាយជ្រំ គឺ​លោក ពោជ ខន បញ្ជាក់​ថា ក្រៅ​ពី​គីឡូវ៉ាត់​ភ្លើង​ចេះតែ​ឡើង ហើយ​ភ្លើង​ចេះតែ​ដាច់​នោះ គឺ​ក្រុមហ៊ុន​អគ្គិសនី ធូក សាមាន បាន​យក​តម្លៃ​ខ្ពស់​ខុស​ទំនង​ពី​កន្លែង​លាង​ម៉ូតូ​ទៀត។ បញ្ហា​នេះ លោក​បញ្ជាក់​ថា អាជ្ញាធរ​គួរ​តែ​ចុះ​ពិនិត្យ និង​អន្តរាគមន៍​ទៅ​កាន់​ក្រុមហ៊ុន​ផ្គត់​ផ្គង​អគ្គិសនី​មួយ​នេះ៖ «គ្រួសារ ​ខ្លះ​ធ្លាប់​ប្រើ​អស់​មួយ​ម៉ឺន ទៅ​ជា​អស់​បួន​ម៉ឺន​ក៏​មាន ហើយ​អត់​សូវ​ប្រើ​ផង។ តវ៉ា​មួយ​ទៀត​នោះ គឺ​ទាមទារ​ថា តើ​ខ្នាត​ប៉ុន្មាន​ដែល​ត្រូវ​ធ្វើ​អាជីវកម្ម ព្រោះ​អ្នក​ខ្លះ​គ្រាន់​តែ​ធ្វើ​អាជីវកម្ម និង​លាង​ម៉ូតូ​តិចតួច បែរ​ជា​យក​លុយ​គ្នា​មួយ​លាន ហើយ​គ្នា​រក​មួយ​ថ្ងៃ​បាន​មួយ​គ្រឿង ពី​គ្រឿង​អី​ហ្នឹង»

​ប្រជាពលរដ្ឋ​នៅ​ទី​នោះ​ឲ្យ​ដឹង​ដែរ​ថា តម្លៃ​ភ្លើង​គឺ ១.០៥០​រៀល​ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ហើយ​ការ​ដែល​ដាច់​ភ្លើង ហើយ​គីឡូ​កើន​ឡើង​នេះ បាន​ធ្វើ​អោយ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់​នៅ​ប្រចាំថ្ងៃ​ ពួកគាត់។

​មេ​ឃុំ​ស្វាយជ្រំ លោក ឡាយ សារ៉េត ទទួល​ស្គាល់​ចំពោះ​បញ្ហា​ផ្ដល់​សេវា​អគ្គិសនី​មិន​ប្រក្រតី​នេះ ហើយ​លោក​អះអាង​ថា ធ្លាប់​បាន​អន្តរាគមន៍​ទៅ​ក្រុមហ៊ុន​នេះ​ជា​ច្រើន​លើក​ដែរ តែ​មិន​បាន​លទ្ធផល​ឡើយ។ ទោះ​យ៉ាង​ណា លោក​ជំរុញ​អោយ​ប្រជាពលរដ្ឋ​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក។

ឆ្លើយ​តប​ចំពោះ​បញ្ហា​នេះ តំណាង​ក្រុមហ៊ុន​អគ្គិសនី ធូក សាមាន គឺ​លោក រ៉ុន សុវណ្ណ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ចែកចាយ​លក់​បន្ត​ នៅ​ឃុំ​ស្វាយជ្រំ និង​ឃុំ​មួយ​ចំនួន​ទៀត នៅ​ស្រុក​មេសាង ហើយ​ការ​ដែល​ដាច់​ភ្លើង​ញឹកញាប់​នោះ គឺ​ដោយសារ​ខ្វះ​ថាមពល​ភ្លើង​មក​ពី​ខាង​អគ្គិសនី​កម្ពុជា៖ «ភ្លើង​គ្មាន​ ឡើង​គីឡូ​ទេ តាម​ពិត​ដោយសារ​គាត់​ទិញ​សម្ភារៈ​កាន់តែ​ច្រើន​ឡើង ដល់​អ៊ីចឹង​គាត់​ប្រើ​ទៅ​អស់​រាង​ច្រើន ខុស​ពី​ខែ​មុន​អ្នក​ខ្លះ​ខុស​បួន​ដប់​គីឡូ ពីរ​បី​គីឡូ​អ៊ីចឹង​ទៅ។ តាម​ពិត​រឿង ដាច់​ភ្លើង​គឺ​ក្នុង​ស្រុក​មេសាង ដាច់​ទាំង​អស់»

​បើ​ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ប្រជាពលរដ្ឋ​លើក​ឡើង​ថា បញ្ហា​ដាច់​ភ្លើង​នេះ គឺ​កើត​ឡើង​ជា​យូរ​ណាស់​មក​ហើយ តែ​ក្រុមហ៊ុន​នៅ​តែ​រក​លេស​ឡាំប៉ា​មិន​ចង់​ដោះស្រាយ។

ទាក់ទិន​បញ្ហា​នេះ ប្រធាន​មន្ទីរ​អគ្គិសនី​ខេត្ត​ព្រៃវែង លោក សុខ ហេង មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ ថាមពលអគ្គិសនី​មិន​សូវ​ខ្វះ​ទៀត​ឡើយ។ លោក​ថា ភ្លើង​ដែល​ដាច់​នោះ គឺ​អាច​មក​ពី​ឧប្បត្តិហេតុ​ភ្លៀង​ផ្គរ​ជាដើម។

អ្នក​សម្របសម្រួល​អង្គការ​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រៃវែង អ្នកស្រី អ៊ាង គឹមលី កត់សម្គាល់​ថា ជា​ទូទៅ​ភ្លើង​ដាច់​ស្ទើរ​គ្រប់​តំបន់​នៅ​ក្នុង​ខេត្ត​ព្រៃវែង ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការ​រស់​នៅ​របស់​ប្រជាពលរដ្ឋ។ អ្នកស្រី​បន្ត​ថា អាជ្ញាធរ​ខេត្ត​ព្រៃវែង គួរ​តែ​យក​ចិត្ត​ទុក​ដោះស្រាយ​បញ្ហា​នេះ​ដើម្បី​អោយ​ប្រជាពលរដ្ឋ បាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​ក្នុង​តម្លៃ​ថោក និង​កុងទ័រ​គីឡូ​មាន​ដំណើរ​ការ​ធម្មតា។

បើ​ទោះ​បី​ជា​យ៉ាង​ក៏ដោយ​ចុះ ប្រជាពលរដ្ឋ​ព្រមាន​ថា ពួកគាត់​នឹង​ប្រមូល​ផ្តុំ​គ្នា​ជា​ទ្រង់ទ្រាយ​ធំ​នៅ​ដើម​ខែ​តុលា ខាង​មុខ​នេះ ប្រសិនបើ​ពុំ​មាន​ដំណោះស្រាយ​ជូន​ពួកគាត់​ឆាប់ៗ​ទេ​នោះ៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *