ពលរដ្ឋ​សង្កាត់​ត្រើយ​កោះ​ក្រុង​កំពត​ចង់​ឲ្យ​អាជ្ញាធរ​ស្ថាបនា​ផ្លូវ​ក្នុង​សង្កាត់​ឲ្យ​បាន​ឆាប់

​​ខេត្តកំពត៖ត្រើយ​កោះ​ជា​សង្កាត់​មួយ​ដែល​មាន​គមនាគមន៍​ពិបាក​ជាង​គេ ក្នុង​ចំណោម​សង្កាត់​ទាំង​៥ នៃ​ក្រុង​កំពត។ ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​ដែល​ប្រើប្រាស់​ផ្លូវ តែង​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ជាពិសេស​នៅ​ពេល​រដូវ​វស្សា ដែល​ផ្លូវ​ត្រូវ​ទឹក​លិច​នៅ​កន្លែង​ខ្លះ និង​កន្លែង​ខ្លះ​ទៀត​គ្រប​ដណ្ដប់​ដោយ​ភក់។ ពលរដ្ឋ​ចង់​ឲ្យ​អាជ្ញាធរ ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​ប្រវែង ៦​គីឡូ​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​ជូន​ពួក​គាត់។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ត្រើយកោះ ក្រុង​កំពត ទទូច​ឲ្យ​អាជ្ញាធរ​ខេត្ត​កសាង​ផ្លូវ​មេ​មួយ​ខ្សែ​ចាប់​ពី​ចំណុច​ផ្លូវ​បែក​ ទឹក​ឈូ ទៅ​ដល់​ភ្នំ​ដូង​ឲ្យ​បាន​ឆាប់​រហ័ស។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ដោយសារ​តែ​ប្រជាពលរដ្ឋ​ជាច្រើន​ភូមិ​ក្នុង​សង្កាត់​ត្រើយកោះ កំពុង​ជួប​ប្រទះ​ការ​លំបាក​ក្នុង​ការ​ប្រើប្រាស់​ផ្លូវ ដែល​លិច​ទឹក​ដោយ​អន្លើ និង​មាន​លាយ​ឡំ​ជាមួយ​ភក់​ផង៖ «ពិបាក​ផុត ពិបាក​ហើយ។ ទៅ​ផ្សារ ឬ​រក​ស៊ី​អ្វី​ពិបាក​វេទនា​ណាស់ ជិះ​អ៊ីចឹង​ទៅ​ជួន​កាល​ដួល ធ្លាក់​អីវ៉ាន់​ចឹង​ទៅ។ លើក​អីវ៉ាន់​ហើយ​ទៅ​ទៀត​ទៅ។ បើ​មេឃ​រាំង​គ្រាន់​បើ​បន្តិច បើ​មេឃ​ភ្លៀង​ពិបាកៗ​មែន​ទែន​តែ​ម្តង។ ខ្លាច​តែ​ដួល​ទៅ​មាន​គ្រោះ​ថ្នាក់។ ជួប​ការ​លំបាក​យូរ​ហើយ​ផ្លូវ​ហ្នឹង ចឹង​បាន​ថា​សូម​សំណូមពរ​ថា យ៉ាង​ម៉េច​ឲ្យ​ធ្វើ​បាន​លឿន​បន្តិច ពីព្រោះ​ប្រជាជន​ជួប​ការ​លំបាក។ ក្មេងៗ​ទៅ​រៀន ផ្លូវ​វា​មាន​ជង្ហុក​ជាប់​ភក់​ជាប់​អី ពិបាក​ណាស់​អា​រឿង​ផ្លូវ​ហ្នឹង មិន​មែន​ថា​តែ​ខ្ញុំ​ទេ គឺ​ទូទាំង​មួយ​សង្កាត់​ហ្នឹង»

ប្រជាពលរដ្ឋ​អះអាង​ថា ពួក​គាត់​ទន្ទឹង​រង់ចាំ​ផ្លូវ​មួយ​ខ្សែ​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ និង​បាន​លើក​សំណើ​កសាង​ផ្លូវ​ជាច្រើន​លើក​ច្រើន​សា​ទៅ​កាន់​អាជ្ញាធរ ប៉ុន្តែ​ពុំ​ទាន់​ឃើញ​មាន​ភាគី​ណា​មួយ ចុះ​មក​វាស់វែង ឬ​សន្យា​ឲ្យ​ជាក់លាក់​ថា នឹង​ចាប់​ផ្ដើម​សាងសង់​នៅ​ពេល​ណា​នោះ​ទេ៖ «សូម​ ឲ្យ​អស់​លោកៗ ជួយ​ឲ្យ​ផ្លូវ​ហ្នឹង​បាន​ល្អ អរគុណ​ច្រើនៗ។ បើ​អស់​លោក​មើល​ឃើញ ថា​ធ្វើ​ឲ្យ​ធ្វើ​ទៅ បើ​អត់​ទេ ក៏​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច ប៉ុន្តែ​សុំ​នេះ​សុំ​ពេក​ហើយ អំពាវនាវ ២-៣​ដង​ហើយ»

ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើសុំ​របស់​ពលរដ្ឋ ចៅ​សង្កាត់​ត្រើយកោះ លោក ពៅ សុន បាន​បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ល្ងាច​ថ្ងៃ​ទី​២២ កញ្ញា ថា លោក​បាន​ធ្វើ​សំណើ​ដាក់​ជូន​ទៅ​ថ្នាក់​លើ​រួច​រាល់​ហើយ ប៉ុន្តែ​លោក​មិន​អាច​កំណត់​បាន​ថា ការ​ស្ថាបនា​ផ្លូវ​មេ​មួយ​ខ្សែ​នេះ​នឹង​ចាប់​អនុវត្ត​នៅ​ពេល​ណា​នោះ​ឡើយ៖ «ខ្ញុំ ​កំណត់​អត់​បាន​ដែរ ប៉ុន្តែ​ចំណារ​របស់​សម្ដេច​លោក​បាន​ចារ​ហើយ ប៉ុន្តែ​ខ្ញុំ​ខ្លាច​ថវិកា​មិន​ទាន់​មាន។ ចាំ​មើល​ក្រសួង​សាធារណការ ធ្វើ​ការ​បែង​ចែក ហើយ​ខ្ញុំ​ក៏​បាន​ស្នើ​ទៅ​ខេត្ត ខេត្ត​ក៏​បាន​ធ្វើ​សំណើ​ទៅ​មន្ទីរ​សាធារណការ ដើម្បី​លៃលក​ថវិកា​ដើម្បី​ធ្វើ​ផ្លូវ​យើង​នេះ»

លោក ពៅ សុន បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​ពលរដ្ឋ​មួយ​ចំនួន​ដែល​យល់​ថា លោក​បាន​កិបកេង​លុយ​មិន​ព្រម​កសាង​ផ្លូវ។ លោក​បកស្រាយ​ថា សង្កាត់​មាន​ភារៈ​ត្រឹម​ស្ថាបនា​ផ្លូវ​តាម​ភូមិ​តែ​ប៉ុណ្ណោះ រីឯ​ផ្លូវ​មេ​ជា​កិច្ចការ​របស់​អាជ្ញាធរ​ក្រុង និង​ខេត្ត​កំពត៖ «រៀង​ រាល់​ឆ្នាំ​មាន​ថវិកា​ដែរ គឺ​ប្រហែល ៥០-៦០​លាន​រៀល​ដែរ ដើម្បី​អភិវឌ្ឍ។ ប៉ុន្តែ​គម្រោង​ផ្លូវ​មេ​នេះ ខេត្ត-ក្រុង​មិន​ឲ្យ​ឃុំ-សង្កាត់​ធ្វើ ឬ​ជួសជុល​អ្វី​ទេ ដោយសារ​ថា​នេះ​ជា​ផ្លូវ​មេ​របស់​ក្រុង និង​ខេត្ត​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចំពោះ​ថវិកា​របស់​សង្កាត់ គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​គ្រប់​ភូមិ​ឲ្យ​ចរាចរ​វិល»

ចំណែក​អភិបាល​ក្រុង​កំពត លោក នាក់ សុវណ្ណារី ទទួល​ស្គាល់​ថា ប្រជាពលរដ្ឋ​នៅ​សង្កាត់​ត្រើយកោះ ពិត​ជា​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​មេ​នេះ​ពិត​មែន ដោយសារ​តែ​ផ្លូវ​មាន​ការ​ខូចខាត​ជាច្រើន​កន្លែង។ ទោះ​យ៉ាង​នេះ​ក្តី លោក​ក៏​ពុំ​អាច​បញ្ជាក់​ពី​ពេលវេលា​ពិត​ប្រាកដ នៃ​គម្រោង​ស្ថាបនា​ផ្លូវ​នោះ​ទេ ដោយសារ​ការងារ​នេះ​ជា​បន្ទុក​របស់​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត៖ «មន្ទីរ ​សាធារណការ និង​ដឹក​ជញ្ជូន មាន​គម្រោង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​គាត់​ដែរ ឆ្នាំ​ណា​គាត់​ត្រូវ​ធ្វើ​អ្វី ឆ្នាំ​ណា​គាត់​ត្រូវ​ធ្វើ​អ្វី ព្រោះ​កិច្ច​ការងារ​ផ្លូវ​ហ្នឹង ខាង​បង​ប្អូន​ប្រជាពលរដ្ឋ​ហ្នឹង​គាត់​បាន​សំណូមពរ​យូរ​មក​ហើយ ព្រោះ​ផ្លូវ​ហ្នឹង​មាន​ការ​ខូចខាត​ពិត​ប្រាកដ​មែន»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​កំពត បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា។

សង្កាត់​ត្រើយកោះ ក្រុង​កំពត មាន​ភូមិ​ចំនួន​៤ គឺ​ភូមិ​តាអង្គ ភូមិ​ដូនតោក ភូមិ​ស្រែ និង​ភូមិ​បឹងតាព្រាប ដែល​មាន​ប្រជាពលរដ្ឋ​ជាង ១.៣០០​គ្រួសារ ត្រូវ​នឹង​ជាង ៦​ពាន់​នាក់។ ផ្លូវ​មេ​ដែល​ប្រជាពលរដ្ឋ​ស្នើសុំ​នេះ​មាន​ប្រវែង ៦​គីឡូ​ម៉ែត្រ​ចាប់​ពី​រង្វង់​មូល​ទឹក​ឈូ រហូត​ដល់​ចំណុច​ភ្នំ​ដូង ជាប់​សមុទ្រ។ ផ្លូវ​មេ​មួយ​ខ្សែ​នេះ ជា​តម្រូវ​ការ​ចាំបាច់​របស់​ពលរដ្ឋ និង​សិស្សានុសិស្ស​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​វា​ក៏​ជា​ច្រក​មួយ​ដ៏​សំខាន់​ក្នុង​ការ​ដឹក​ជញ្ជូន​អំបិល​ប្រមាណ ២​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំ ចេញ​ពី​ស្រែ​នៃ​សហគមន៍​អំបិល​ខេត្ត​កំពត-កែប ទៅ​កាន់​ទីកន្លែង​ដទៃ​ទៀត៕

image5

Loading...

Leave a Reply

Your email address will not be published. Required fields are marked *