ពលរដ្ឋ​២៩​នាក់​ឃុំ​ដង​ពែង ស្រុក​ស្រែអំបិល​តម្រូវឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​

កោះកុងៈ ប្រជាពលរដ្ឋ​២៩​នាក់ ក្នុងនោះ​ស្រី​១២​នាក់ កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ដាច់ដោយឡែក​នៅក្នុង​ផ្ទះ​របស់​ពួកគាត់​រៀងៗ​ខ្លួន​តាម​ការណែនាំ​ផ្នែក​សុខាភិបាល​នៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះ​កុង ក្រោយ​ពួកគេ​ត្រឡប់​វិល​ចូល​មូលដ្ឋាន​ពី​កន្លែងធ្វើការ​នៅ​ខេត្ត​ព្រះសីហនុ រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​ប្រឈម​ផ្សេងៗ​ទៀត​។​

​លោក ជា ច័ន្ទ​កញ្ញា អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស្រែអំបិល បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០២១​ថា ការដែល​តម្រូវឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​នាក់ តាម​ក្បួន​វេជ្ជសាស្ត្រ​បែបនេះ ដើម្បី​ធានាបាន​ថា​ពួកគាត់​គ្មាន​ការផ្ទុក​នូវ​វីរុស​កូ​វី​ឌ​១៩ ខណៈ​ជំងឺ​ប្រភេទ​កាច​សាហាវ​បង្កក្តី​បារម្ភ​ខ្លាំង​។​

​លោក​អភិបាលស្រុក និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុកស្រែ​អំបិល​ផង​នោះ អះអាងថា ភាព​គ្មាន​ការងារ​ធ្វើ និង​គ្មាន​ចំណូល​សម្រាប់​ដោះស្រាយ​ជីវភាព​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ​ជាង​២​ខែ​មកហើយ ទើប​ជា​មូល​ហេតុដែល​ពួកគាត់​វិល​ត្រឡប់មក​រស់នៅក្នុង​មូលដ្ឋាន​វិញ គ្រា​រាជរដ្ឋាភិបាល​សម្រេច​បើក​ការធ្វើដំណើរ​ឆ្លងខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។​

​លោក ជា ច័ន្ទ​កញ្ញា បន្ថែមថា ពលរដ្ឋ​ដែល​ធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ និង​បណ្តា​ខេត្ត​ប្រឈម​ផ្សេងៗ​នេះ​វិល​ចូល​មូលដ្ឋាន​២​ថ្ងៃ ខ្លះមក​៤​ថ្ងៃ​ទៅ​៦​ថ្ងៃ​ហើយ​ដែរ បច្ចុប្បន្ន​ពួកគាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ដាច់ដោយឡែក​ក្នុងផ្ទះ​រៀងៗ​ខ្លួន​មិនឱ្យ​ចេញ​ក្រៅ​គ្មាន​ការអនុញ្ញាត​នោះទេ​។ ទោះបី​មិន​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​ក៏ដោយ ពោលគឺ​រង់ចាំ​តាមដាន​សុខភាព ផ្តល់​អាហារ​ហូបចុក​ប្រចាំថ្ងៃ និង​យក​សំណាក​ទៅពិនិត្យ​បន្ត​។​

​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ពលរដ្ឋ​២៩​នាក់ ស្មើនឹង​១៨​ខ្នង​ផ្ទះ ដែល​វិលត្រឡប់​ចូលមក​រស់នៅក្នុង​មូលដ្ឋាន​ជាមួយ​ក្រុមគ្រួសារ​វិញ សុទ្ធតែ​បាន​យល់ដឹង​ពី​របៀប​រក្សាខ្លួន​នៅ​ដាច់ដោយឡែក​ពី​ពលរដ្ឋ​ផ្សេងៗ ដោយ​មុននឹង​ត្រឡប់មក​ស្រុកកំណើត គឺ​ពួកគេ​ត្រូវបាន​អាជ្ញាធរ​នៅ​តំបន់​ពួកគេ​ធ្វើ​ការធ្វើ​ច​ត្តា​ឡី​ស័ក​រួចរាល់​ម្តង​ហើយ​។​

​ទន្ទឹម​នោះ លោក​អភិបាលស្រុក​ស្រែអំបិល និង​ក្រុមការងារ សហការ​ជាមួយ​អាជ្ញាធរ​ឃុំ និង​ភូមិ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​អនុសាខា ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៨​ខ្នង​ផ្ទះ ស្ថិតនៅ​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង​។ អំណោយ​ទាំងនោះ រួមមាន អង្ករ​២០​គ​.​ក្រ មី​០១​កេស ត្រីខ​០១​យួរ ទឹកត្រី​០២​ដប ទឹកស៊ីអ៊ីវ​០១​យួរ ពង​ទា​១០​គ្រប់ សាប៊ូ​០២​ដុំ និង​ម៉ាស​០១​ប្រអប់​។​

​ក្រៅពី​ឃុំ​ដង​ពែង ក៏មាន​បណ្តា​ឃុំ​ដ៏ទៃទៀត​ដែរ ដែល​ទទួលបាន​ពលរ​ដ្ឋ​ត្រឡប់​មកពី​បណ្តា​រាជធានី​ភ្នំពេញ និង​ខេត្ត​ផ្សេងៗ​វិលត្រឡប់​ចូលមក​រស់នៅ​ជាមួយ​ក្រុមគ្រួសារ​ជា​បន្តបន្ទាប់ ហើយ​ពួកគាត់​ស្ថិតនៅក្រោម​ការតាម​ដាន​​ពិនិត្យ​សុខភាព​ពី​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​លើ​ការទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វី​ឌ​១៩​ក្នុង​សហ​គមន៍​៕​

Loading...