ពាក្យ Cochin-Chine, Inde-Chine » Cochinchine, Indochine #កូសាំងស៊ីន_មកពីណា? Cochinchine បារាំងអានថា /កូស្ហាំងស្ហ៊ីន/

ខ្ញុំធ្លាប់បានវែកញែកឈ្មោះនេះប្រាប់គេឯងកាលខ្ញុំនៅបង្រៀនក្នុងអំឡុងទសវត្សរ៍ទី៨០ និងកាលមុន១៩៧៥ ប៉ុន្តែគេមិនសូវចាប់អារម្មណ៍ទេ។

ខ្ញុំបានលើកហេតុផល២ ជាបង្គុំពីពាក្យបារាំង Cochin + Chine ៖

ទី១ គឺក្រុង Cochin ទឹកដីឯនាយសមុទ្របារាំង នៅលើឆ្នេរសមុទ្រឥណ្ឌាា ឬ Cochin d’Outre-Mer។ ស្ថានភាពឆ្នេរ Cochin នៃឥណ្ឌានេះស្រដៀងនឹង ឆ្នេរសមុទ្រខ្មែរកម្ពុជាក្រោម។ ហើយកាលនោះចំណេះដឹងផែនទីភូមិសាស្ត្រ មិនល្អិតល្អន់ងាយចំណាំដូចឥឡូវនេះទេ។

រាល់ឆ្នាំ ការប្រលងបាក់ឌុប ក្រុង Cochin បារាំងនៅឆ្នេរ Inde ឥណ្ឌានេះ ចេញប្រធានបទប្រលង ជាពិសេស គណិតវិទ្យារបស់ខ្លួនដូចខេត្តនិង/ឬ departement បារាំងឯទៀតៗធ្វើដែរ។

២. ការអះអាងថា បារាំងដាក់ពាក្យ Chine ដើម្បីសម្គាល់នេះ គឺឲ្យដឹងថា Cochin Chine ផ្សេងពី Cochin Inde ។ ចុះហេតុអ្វី ដាក់ថា Cochin Chine មិនដាក់ថា Cochin Khmer/Cambodge?

នេះពីព្រោះ ទឹកដីនេះ បារាំងកត់សម្គាល់ឃើញ មានជនជាតិចិន ក៏ដូចជា ឈ្មួញឥណ្ឌា មករស់នៅលាយឡំ ជាពិសេស អ្នកស្រុកកាន់ទំនៀមវប្បធម៌ ខ្លះបែបជាចិន ខ្លះបែបជាឥណ្ឌា លាយឡំជាមួយវប្បធម៌ខ្មែរ។ ម្យ៉ាងទៀត បើដាក់ថា Cochin Cambodge នោះវាទៅជាខុសពីគំនិតបារាំងដែលប្រាថ្នាចង់បានទឹកដីនេះជារបស់បារាំង។

ទំនងជា បារាំងកត់សម្គាល់យ៉ាងនេះថា កម្ពុជាក្រោមស្ថិតនៅចន្លោះ វប្បធម៌ ឥណ្ឌានិងចិន ទើបបារាំងហៅ Cochin-Chine/កូស្ហាំងស្ហ៊ីន/។ ឬម្យ៉ាងទៀត ជាតឹកតាងច្បាស់បន្ថែមនោះគឺ បារាំងហៅមួយបែបទៀត ដោយពាក្យ Inde Chine បង្រួមទៅជា Indo-Chine ឬ Indochine ឬ ឥណ្ឌូចិន ហៅតាមខ្មែរប្រែពីបារាំង គឺពុំមែនតាមពាក្យយួន កូជិនស៊ីន (កូនស្រីទី៩នៃស្ដេចយួនសុំ) ណានោះទេ។ បារាំងអានថា “កូស្ហាំង + ស្ហ៊ីន” ពុំមែន “កូ + ជិន + សុំិន” ឡើយ។

វប្បធម៌ អារ្យធម៌ខ្មែរ មាននិមិត្តរូបតាងដោយរូប សំពៅ ដែលមានខ្លួនក្រពើ (មើលរូបចម្លាក់ សត្វក្រពើ តំណាងព្រលឹងជាតិខ្មែរ នៅជញ្ជាំងនិង បាតស្ទឹងសក្ការៈលិង្គពាន់នៃភ្នំគូលែន) ក្បាលជារូប គ្រុឌ (តំណាងនៃអារ្យធម៌ឥណ្ឌា) និងកន្សៃ/កន្ទុយជារូប នាគ (តំណាងនៃអារ្យធម៌ចិន)។ សំពៅ បើទោះបីពុំមានក្បាលនិងកន្សៃ ក៏ពុំលិចដែរ មានន័យថា ខ្មែរយកអារ្យធម៌ចិននិងឥណ្ឌា គ្រាន់់តែមកលម្អបន្ថែមលើអារ្យធម៌ខ្មែរខ្លួនឯងតែប៉ុណ្ណោះ ។

បើបារាំងដាក់ឈ្មោះទឹកដីនេះជា Cochin des Khmers ឬ Cochin Cambodge នោះវាខុសពីគំនិតបារាំង ដែលចង់បង្ហាញថា ទឹកដីនេះជារបស់បារាំង។ យោងតាមប្រវត្តិវិទូខ្លះ ដូចជា Milton E. Osborne បារាំងបានព្យាយាមបន្សាបឥទ្ធិពលស្ដេចខ្មែរ ដោយបញ្ចូលជនជាតិយួន ដំបូងមកពង្រាយនៅទឹកដ៏ីកម្ពុជាក្រោម នាប៉ែកខាងកើតទន្លេមេគង្គនៃដីសណ្ដរ បន្ទាប់មក នៅប៉ែកខាងលិចទន្លេមេគង្គ បាសាក់ … និង ក្រោយមក នៅកម្ពុជាកណ្ដាល តំបន់ចម្ការកៅស៊ូ ។ល។

កាលនោះ បារាំងហៅកម្ពុជាកណ្ដាលថា Royaume du Cambodge ឬ Royaume des Khmers ។ បើបារាំងដាក់ឈ្មោះទឹកដីកម្ពុជាក្រោមនេះជា Cochin des Khmers ឬ Cochin Khmer ឬ Cochin Cambodge នោះម្ល៉េះសម កម្ពុជាក្រោមនៅតែជារបស់ខ្មែរ ។

បារាំងដែលមានឫកជាម្ចាស់ត្រួតត្រាអាណានិគមនោះ ពុំមានហេតុផលអ្វី ត្រូវហៅតាមពាក្យយួន កូជិនស៊ីន នោះទេ។

ពាក្យ Cochin + Chine ទៅជា Cochinchine អានត្រឹមត្រូវ កូស្ហាំងស្ហ៊ីន ពុំមែន កូសាំងស៊ីន ឬ កូជិនស៊ិន នោះឡើយ។ យួនឆ្លាតបានឆ្លៀតឱកាសនិយមបកស្រាយ យកចំណេញជាពាក្យយួនថា កូ ជិន ស៊ិន (កូនស្រីទី៩នៃស្ដេចយួន សុំ) ទៅវិញ។ បំណកស្រាយនេះអាចចេញមកព៏ប្រភពពីរ (ដែលទោះជាមួយណា ក៏ហុចផលចំណេញទៅឲ្យយួន)។

ទី១ គឺ ប្រភពពីយួនជាផ្នែកនៃការដោះសាថា យួនបានទឹកដីនេះពុំមែនជាចោរ លួចប្លន់ទឹកដីខ្មែរទេ។ ទី២ គឺចេញពីខ្មែរដែលស្ដាយស្រណោះទឹកដី ហើយ ភ្ជាប់ទាំងខឹងសំបារ ថាមហេសីយួននៃស្ដេចខ្មែរ ជ័យជេដ្ឋាទី២ បានសុំពីស្ដេច ខ្មែរអង្គនេះ។ ផលចំពេញធំរបស់យួននោះគឺ ខ្មែរឈ្លោះគ្នា ដូច្នេះពុំមានឱកាសរួមកម្លាំងគ្នា ទាមទារមកវិញទេ។

រឿង ជ័យជេដ្ឋាទី២ មហេសីយួន និង ទឹកដីកម្ពុជាក្រោម នេះ ប្រវត្តិវិទូ អាមេរិកាំង ម៉ៃខឹល វិខឹរិ Michael Vickery ដែលបានស្រាវជ្រាវនិងសរសេរ សៀវភៅប្រវត្តិសាស្ត្រខ្មែរជាច្រើន បានចេញផ្សាយថ្មីៗនេះថា ទឹកដីខ្មែរ កម្ពុជាក្រោម បានធ្លាក់ទៅនៅក្រោមការកាន់របស់វៀតណាម កំឡុងពេល ជាង៤០ឆ្នាំ ក្រោយ ជ័យជេដ្ឋាទី២ សុគត ពុំមែនក្នុងរាជ្យជ័យជេដ្ឋាទី២ ទេ។ លោកបានសរសេរថា សម័យ រាជ្យ ព្រះបាទ ស្រីសុរិយោពណ៌បន្តទៅជ័យជេដ្ឋាទី២ ជាបុត្រនោះ នគរខ្មែរនៅមានឈ្មោះខ្លាំង ដែលជប៉ុនទទួលស្គាល់ជាងសៀម អយុធ្យា។

ដើម្បីជាតឹកតាងថាខ្មែរនៅខ្លាំងជាងសៀមនោះ លោកបានភ្ជាប់នឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថា សៀមបានលើកទ័ពរាប់សែននាក់ស្ងាត់ៗពីរដង ទាំងជើងគោក និងផ្លូវសមុទ្រ មកវាយខ្មែរ ហើយត្រូវបានកងទ័ពខ្មែរវាយកម្ចាយបាក់ទ័ព ចាប់ជាឈ្លើយសឹកទាំងពីរលើក។

គេអាចសួរផ្ទុញថា បើខ្មែរខ្លាំងជាងសៀម ហេតុអ្វីសៀមអាចវាយដណ្ដើមយកបានបន្ទាយលង្វែក? ប្រវត្តិសាស្ត្រមានដំណាក់កាលរបស់វា។ ក្រោយបរាជ័យ ពីរលើកក្នុងសង្គ្រាមរណសិរ្សបើកមុខ សៀមដឹងថាទាល់តែប្រើល្បិច. .. បញ្ជូនសង្ឃពីរអង្គចូលធ្វើចារកម្ម និងបាញ់ប្រាក់ដួងចូលរបងបន្ទាយឫស្សីកម្រាស់រាប់រយម៉ែត។ យ៉ាងណាក៏ទ័ពខ្មែរបានវាយកម្ចាត់ទ័ពសៀមចេញទៅវិញ។ …

អត្ថបទ រក្សាសិទ្ធិ៍ © Copyright rbu_spp ថ្ងៃទី៨ មិថុនា ២០១៦ សៅរ៍ ពុធពង្ស Puthpong Sao

coshincshin

Loading...

Leave a Reply

Your email address will not be published. Required fields are marked *