ពាណិជ្ជកម្ម​តាមផ្លូវ​អាកា​សមាន​កំណើន​ប្រមាណ​ជាង10% ជា​រៀងរាល់ឆ្នាំ

យោងតាម​តួលេខ​របស់​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បាន​បង្ហាញថា ចំនួន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ដែល​ធ្វើដំណើរ​តាម​យន្តហោះ​ជាតិ និង​អន្តរជាតិ​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ឆមាស​ទី1 ឆ្នាំ2018នេះ មាន​ចំនួន​ជាង 5លាន 1សែន​នាក់ កើនឡើង24% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ2017។ នេះ​បើតាម​ការ​ឱ្យដឹងពី​លោក​ស៊ិន ចាន់​សេរី​វុត្ថា រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា។

លោក​បញ្ជាក់ថា៖ «តួលេខ​ខាងលើនេះ គឺ​រាប់បញ្ចូល​ចំនួន​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ព្រលានយន្តហោះ​ទាំង3 របស់​កម្ពុជា គឺ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មាន​ចំនួន 2លាន 6សែន​នាក់ ព្រលានយន្តហោះ​ខេត្តសៀមរាប ចំនួន 2លាន 3សែន​នាក់ និង​ក្រៅពីនោះ​គឺ​ឆ្លងកាត់​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​ប្រមាណ 2សែន​នាក់»។

លោក​បានឱ្យដឹងថា ចំនួន​ភ្ញៀវ​ដែល​ធ្វើដំណើរ​តាម​ព្រលានយន្តហោះ​ទាំង3 របស់​កម្ពុជា​ប្រសិនបើ​មិនមាន​ព្រឹត្តិការណ៍ធំៗដូចជា​ជំងឺ សារ(SAR) និង​បាតុកម្មផ្សេងៗទេនោះ ជើងហោះហើរ​នឹង​នៅតែមាន​ជាប្រចាំ​ដដែល ជាពិសេស​ជើងហោះហើរ​ក្នុងស្រុក ដូចជា​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​អ៊ែ​រវេ​យ៍(Cambodia Airways) ដែល​ទើប​ចាប់ផ្តើម​ប្រតិបត្តិ​ការដឹក​អ្នកដំណើរ​របស់ខ្លួន​នោះ មិនទាន់​អាច​ចាត់ទុកថា ជាការ​បង្កើន​ចំនួន​ភ្ញៀវ​អ្នកធ្វើដំណើរ​នៅឡើយ​ទេ ព្រោះ​គ្រាន់​តែមាន​ផ្លូវ​ហោះហើរ​ថ្មី​នៅក្នុង​ស្រុក​នៅឡើយ ទាល់តែ​ក្រុមហ៊ុន​គាត់​បើក​ការហោះហើរ​ជា​អន្តរជាតិ​ទើប​អាច​ហៅថា ជាការ​ទទួលបាន​ភ្ញៀវថ្មីៗមក នោះ​ទើប​អាច​ចាត់ទុកថា​មាន​កំណើន​ភ្ញៀវទេសចរ។

លោក​បញ្ជាក់​បន្ថែមថា តែ​រដូវ​នេះ​ជា​រដូវ​ខ្សត់​ភ្ញៀវ ដែល​គេ​ហៅថា Low season គឺ​ចំនួន​ភ្ញៀវ​មានការ​ថយចុះ​ជាធម្មតា ប៉ុន្តែ​កំណើន​ពាណិជ្ជកម្ម​តាមផ្លូវ​អាកាស​នៅតែមាន​ដដែល គឺ​ប្រមាណ​ជាជាង10% ជា​រៀងរាល់ឆ្នាំ។

លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​អះអាងថា កំណើន​ពាណិជ្ជកម្ម​តាមផ្លូវ​អាកា​សបាន​ឆ្លុះបញ្ចាំង​ពី​កំណើនសេដ្ឋកិច្ច​ការអភិវឌ្ឍ និង​សន្តិភាព​របស់​កម្ពុជា​ដែល​បាន​ផ្តល់នូវ​ទំនុកចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​ក្នុង​ការបន្ត​បោះទុន​វិនិយោគ​ជា​បន្តបន្ទាប់ និង​មិនចាំបាច់​តែមាន​ជើងហោះហើរ​ត្រង់​ផ្ទាល់(Direct flight)ឬ​មិនផ្ទាល់​នោះទេ សំខាន់​ឱ្យតែ​មាន​កិច្ចព្រមព្រៀង​នៃ​ការតភ្ជាប់​ផ្លូវអាកាស​របស់​ក្រុមហ៊ុន​ណាមួយ​ហើយ​នោះ យើង​នឹង​ទទួលបាន​លំហូរ​ចូល​នៃ​អ្នកដំណើរ​ដែល​នឹង​នាំមក​នូវ​កំណើនសេដ្ឋកិច្ច​នៃ​ប្រទេសជាតិ។

អគ្គនាយក​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា លោក Eric DELOBEL បាន​ថ្លែងថា កិច្ចសហការ​របស់រ​ដ្ឋ​បាល​គយ​ដែល​បាន និង​កំពុងផ្តល់​សេវាកម្ម​នៅក្នុង​អាកាសយានដ្ឋាន​ទាំង3 (ភ្នំពេញ សៀមរាប​និង​ព្រះសីហនុ) បានផ្តល់​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ដែល​អាច​ឆ្លើយតបបាន​ទាន់ពេលវេលា​នឹង​កំណើន​ទំហំ​ពាណិជ្ជកម្ម​ដែល​គ្របដណ្តប់​ប្រមាណ40% នៃ​សកម្មភាព​របស់​អាកាស​យានដ្ឋាន​ទាំងមូល​ក្នុង2017កន្លងមក៕

Loading...