ពិតជាជើងខ្លាំងមែន!! មេឈ្មួញឈ្មោះ តុង ហាន ដឹកជញ្ជូនឈើ ចេញពីឃុំកាឡៃ យកទៅស្តុកទុកនៅក្រុងបានលុង សមត្ថកិច្ចមិនហ៊ានបង្ក្រាប

ខេត្តរតនគិរី÷ កាលពីវេលាម៉ោង១១និង១៤យប់រំលងអធ្រាត្រនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ មេឈ្មួញដុះស្លែម្នាក់ដែលគេស្គាល់ឈ្មោះ តុង ហាន តែងតែដឹកជញ្ជូនឈើ យ៉ាងសកម្មចេញពីស្រុកអូរជុំ យកទៅលក់ឲ្យជនជាតិវៀតណាម នៅក្នុងក្រុងបានលុង សម្រាប់ដឹកបន្ត យកទៅលក់នៅប្រទេសវៀតណាម ប៉ុន្តែនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកាឡៃមិនបង្ក្រាបខ្លាចប៉ះពាល់ដល់លាភសក្ការ:ផ្ទាល់ខ្លួន។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សមត្ថកិច្ចខាងលើនេះ ខ្លាចលោក តុង ហាន ជាមួយឈ្មួញដុះស្លែប្រចាំស្រុកអូរជុំ បើទោះបីដឹកជញ្ជូនឈើយ៉ាងណាក៏ដោយ ក្នុងមួយយប់ចាប់ពី៦ម៉ូតូទៅ៧ ម៉ូតូ ក្នុងម៉ូតូនីមួយៗ ចាប់ពី៥០០គីឡូទៅ៨០០ គីឡូ ពុំមានស្ថាប័នសមត្ថកិច្ច នៅស្រុកអូរជុំធ្វើការបង្ក្រាបនោះឡើយ។

ប្រភពប្រជាពលរដ្ឋបានបន្តថា នៅស្រុកអូរជុំ គាត់បានដាក់ការសង្ស័យថា មេប៉ុស្តិ៍ ប្រហែលបានទទួលសំណែនសែនពីលោក តុង ហាន អស់ហើយទេដឹង បានមិនជាហ៊ានបង្ក្រាបឬមួយក៏ខ្លាចអំណាចរបស់លោក តុង ហាន ដែលជាមេឈ្មួញដុះស្លែទៅហើយ?។

ប្រភពបានបញ្ជាក់ទៀតថា នៅភូមិកាឡៃស្រុកអូរជុំ បានបង្ហើបប្រាប់សារព័ត៌មានយើងថា លោកតុង ហាននេះមិនមែនទើបតែចេះរកស៊ីឈើនោះទេ គឺលោក តុង ហាន នេះទោះបីថ្នាក់ដឹកនាំខេត្ត ដាក់បទបញ្ជាឲ្យបិទ មិនឲ្យមានការដឹកជញ្ជូនឈើក៏នៅតែលោក តុង ហាន ដឹកជញ្ជូនឈើបានយ៉ាងរលូនដដែល។

ចំណែកប្រជាពលរដ្ឋខុសពីលោកតុងហាន ឲ្យតែដឹកឈើមួយដុំ ឆ្លងកាត់ស្រុកអូរជុំក៏ត្រូវធ្វើការបង្ក្រាបភ្លាមៗផងដែរ។

ប្រជាពលរដ្ឋនៅក្នុងក្រុងបានលុងបានសំណូមពរដល់មន្ត្រីមានសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាពិសេសរដ្ឋបាលព្រៃឈើអូរជុំ ប៉េអឹមស្រុកអូរជុំ និងនគរបាលសេដ្ឋកិច្ចខេត្ត ជួយមានវិធានការទៅលើមេឈ្មួញឈ្មោះតុងហាននេះផងទាន! បើនៅតែបណ្ដែតបណ្ដោយ ប្រហែលជារាស្រ្ត ឬប្រជាពលរដ្ឋគេរិះគន់ទៅលើសមត្ថកិច្ចនៅក្នុងស្រុកអូរជុំនេះមិនខានឡើយ៕

Loading...