ពិធីសមយុទ្ធប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យត្រៀមជួយសង្រ្គោះទប់ស្កាត់អគ្គិភ័យនៅរដូវប្រាំង

ខេត្តបន្ទាយមានជ័យ៖ ​អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នា២០១៧ បានធ្វើពិធីសមយុទ្ធ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យចំនួន២គ្រឿង ធ្វើឡើងនៅក្នុងបរិវេណសាលាខេត្តបន្ទាយមានជ័យ ដើម្បីជាវិធានការត្រៀមចេញប្រតិតបត្តិការបង្ការទប់ស្កាត់ អគ្គិភ័យ និងត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះនៅពេលមានអគ្គិភ័យកើតឡើងជាយថាហេតុណាមួយនោះ អគ្គិភ័យត្រូវគេមើលឃើញថាគឺជាបញ្ហាមួយនៅតែគំរាមកំហែងអាជីវិត និងបំផ្លាញទ្រព្យសម្បត្តិ លំនៅឋានរបស់ប្រជាពលរដ្ឋយ៉ាងធងន់ធ្ងរ។

ការធ្វើសមយុទ្ធដើម្បីត្រៀមបង្ការទប់ស្កាត់អគ្គិភ័យប្រព្រឹត្តក្រោមការចូលរួមពីលោក អ៊ុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យ គ្រាដែលគេមើលឃើញថា នៅខេត្តបន្ទាយមានជ័យ ក្នុងអំឡុងឆ្នាំ២០១៦ កន្លងទៅនេះ បើតាមរបាយការន៍របស់ស្នងការដ្ឋាននគរបាលខេត្តបង្ហាញឱ្យដឹងថាគ្រោះអគ្គិភ័យបានកើតឡើងចំនួន៣១លើក ក្នុងនោះកើតនៅក្រុងសិរីសោភ័ណ៦លើក,ក្រុងប៉ោយប៉ែត៥លើក ,ស្រុកមង្គលបុរី៥លើក,ស្រុកស្វាយចេក៣លើក,ស្រុកថ្មពួក១លើក ,ស្រុកម៉ាឡៃ២លើក​,ស្រុកអូរជ្រៅ៥លើក, ស្រុកព្រះនេត្រព្រះ៣លើក និងស្រុកភ្នំស្រុក១លើក។

អគ្គិភ័យ៣១លើកខាងលើនោះដែរមិនបង្កឱ្យរងគ្រោះថ្នាក់អាយុជីវិតប្រជាពលរដ្ឋណាម្នាក់នោះឡើយ ក៏ប៉ុន្តែបានបង្កឱ្យរងការខូចខាតផ្ទះប្រជាពលរដ្ឋ២៤ខ្នង រោងម៉ាស៊ិនកិនស្រូវ១ខ្នង រោងម៉ាស៊ីនច្រូតស្រូវ១ខ្នង ម៉ាស៊ីនច្រូតស្រូវ១គ្រឿង អេស្កាវ៉ាទ័រ១គ្រឿង ម៉ូតូ១គ្រឿង ទូរទស្សន៍២គ្រឿង ប្រាក់ថៃ១៩ម៉ឺន៨ពាន់បាត ប្រាក់ដុល្លារ៣០០ដុល្លារ ប្រាក់ខ្មែរ៩០ម៉ឺនរៀល ឆេះស្រូវក្នុងរោងម៉ាស៊ីន៧ពាន់បាវ និងអង្ករ២ពាន់បាវ។មូលហេតុដែលនាំឱ្យកើតមានឡើងអគ្គិភ័យគឺផ្តើមចេញពីឆ្លងចរន្តអគ្គិសនី ភ្លើងចង្រ្កាន​ ចោលកន្ទុយបារី រាលដាលភ្លើងឆេះព្រៃ ជាដើមនោះ។

របាយការណ៍បានបង្ហាញឱ្យដឹងទៀតថា​ នៅពេលគ្រោះអគ្គិភ័យកើតឡើងកម្លាំងនគរបាលបានចេញប្រតិបត្តិការនិងប្រើប្រាស់រថយន្តចេញអន្តរាគមន៍ពន្លត់អគ្គិភ័យប្រើប្រាស់ទឹកសរុបចំនួន៥០រថយន្ត។

​លោកឧត្តមសេនីយ៍ត្រី ចាន់ តារា ស្នងការងទទួលការងារអាវុធជាតិផ្ទុះ និងបង្ការ ពន្លត់អគ្គិភ័យបានប្រាប់ឱ្យដឹងថា តាមការណ៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងវិធានការបង្ការទប់ស្កាត់ អគ្គិភ័យ កម្លាំងការិយាល័យជំនាញបង្ការពន្លត់អគ្គិភ័យ បានធ្វើការផ្សព្វផ្សាយជាប្រចាំជូនដល់ប្រជាពលរដ្ឋនៅតាមទីប្រជុំជននិង ដាច់ស្រយ៉ាល ឱ្យមានការប្រុងប្រយ័ត្នពីបញ្ហាភ្លើងផ្សែង និងចុះបង្ហាត់បង្រៀនអំពីការប្រើប្រាស់បំពង់ឧ័ស្មពន្លត់អគ្គិភ័យ ចំពោះម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន រោងម៉ាស៊ីនកិនស្រូវ និងតាមខ្នងផ្ទះប្រជាពលរដ្ឋជាដើម។

មិនតែប៉ុណ្ណោះ នៅឆ្នាំ២០១៧ ក៏បានបង្កើតនៅស្ថានីយ៍រងបូមទឹកសរុបចំនួន១៤កន្លែងទៀត ដើម្បីភាពងាយស្រួលដល់ក្រុមរយន្ត ជួយសង្រ្គោះបាញ់ពន្លត់អគ្គិភ័យទាន់ពេលវេលា។

លោកស្នងការរងបានបញ្ជាក់ឱ្យដឹងទៀតថា រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យត្រៀមចេញប្រតបត្តិការជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យមានសរុបចំនួន៧គ្រឿង បែកចែកទៅស្រុកព្រះព្រះ១គ្រឿង ស្រុកភ្នំស្រុក១គ្រឿង ស្រុកស្វាយចេក១គ្រឿង ស្រុកម៉ាឡៃ១គ្រឿង ចំណែក៣គ្រឿងទៀតទុកត្រៀមចេញប្រតិបត្តិការជួយសង្រ្គោះប្រចាំការនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី ចាន់ តារា ស្នងការងទទួលការងារអាវុធជាតិផ្ទុះ និងបង្ការ ពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឱ្យដឹងទៀតថា លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបន្ទាយមានជ័យគ្រោងស្នើសុំក្រសួងមហាផ្ទៃនូវរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងទៀត ដើម្បីបែកចែកប្រគល់ឱ្យបណ្តាស្រុកក្រុងដែលមិនទាន់មានរថយន្តពន្លត់អគ្គិភ័យប្រើប្រាស់ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយអគ្គិភ័យ៕ ពាយព្យ

Loading...