ពុទ្ធោ! ក្រុមពេទ្យ​នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ភ្លេចបង់រុំរបួស នៅក្នុងស្បូនរបស់ស្ត្រីសម្រាលកូនម្នាក់

ខេត្ត​តាកែវ ​៖ ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​យប់​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៩​ដោយ​បាន​លើក​ឡើង​ថា នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​តាកែវ ផ្នែក​សម្ភព មានការ​ធ្វេសប្រហែស​ពី​សំណាក់​ក្រុម​គ្រូពេទ្យ ដោយ​ភ្លេច​បង់​រុំ​របួស​ក្នុង​ស្បូន​ស្ត្រី​ម្នាក់​ក្រោយ​សម្រាលកូន​រួច តែ​សំណាងល្អ​មិនបាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

​តាម​គណនី​ហ្វេ​ស​ប៊ុ​ក នួន ឈិន បាន​ឲ្យ​ដឹងថា​៖( ថ្ងៃទី​18/06/2019 ពេលនេះ​ភរិយា​ខ្ញុំ​រួច​ផុតពី​គ្រោះថ្នាក់​ហើយ ខ្លាច​ហើយ​ពេទ្យ​ផ្នែក​សម្ភព​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្តតាកែវ សំអាត​មិន​ស្អាត​ហើយ​ថែមទាំង​មាន​បង់​រុំ​របួស​ក្នុង​ស្បូន​ទៀត ពិតជា​ខកចិត្ត​ខ្លាំងណាស់​ដែល​សម្រេច​ចិត្ត​ទៅ​សម្រាល​នៅ​ពេទ្យ​នោះ ខ្លាច​ហើយ​រៀង​ហើយ​)​។​

​ជុំវិញ​ករណីនេះ លោក នុត ស៊ី​ណាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា ករណីនេះ​លោក​កំពុង​ស្រាវជ្រាវ​។ ចំណែក លោក ឈូ​វ ឈួន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ​ក៏បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៩​នេះដែរ​ថា លោក​កំពុង​ពិនិត្យ​រក​ឯកសារ​ដែល​ពាក់ព័ន្ធ​។​

​ប្រជាពលរដ្ឋ​ជាច្រើន​បានស្នើ​​សុំ​លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​គួរតែ​ចាត់វិធានការ​ចំពោះ​ការបំពេញ​ការងារ​ដ៏​ខ្ជីខ្ជា ​និង​ធ្វេស​បំផុត​នេះ បើ​នៅតែ​បន្ត​ឲ្យ​កើតឡើង​បែបនេះ​ដដែលៗ តើ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ពឹង​អី​បាន ​លើ​វិស័យ​សុខាភិបាល ហើយ​ប្រសិនបើ​ពលរដ្ឋ​មាន​គ្រោះថ្នាក់​បាត់បង់​ជីវិត​វិញ តើ​អ្នកណា​ជា​អ្នកទទួលខុសត្រូវ ?៕

Loading...