ពុទ្ធោ!!! រអិល​ផ្ទាំង​ទឹកកក​ពីលើ​ភ្នំ សម្លាប់​មនុស្ស ជាង ១០០​នាក់ នៅ​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន

ការ​ធ្លាក់​ព្រិល​ខ្លាំង និង​ការ​បាក់​ផ្ទាំង​ទឹកកក​ចុះ​ពីលើ​ភ្នំ បាន​សំលាប់​មនុស្ស ចំនួន​ប្រមាណ​ជាង ១០០ នាក់ នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ របស់ BBC នៅ​យប់​ថ្ងៃអាទិត្យ​។

នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​តែ​មួយ មនុស្ស​ជិត ១០០ នាក់ បាន​បាត់បង់​ជីវិត ដោយសារ​ការ​បាក់​ផ្ទាំង​ទឹកកក ក្នុង​រយៈពេល ៣​ថ្ងៃ​។ មនុស្ស​ចំនួន ១៦ នាក់ បាន​ស្លាប់​នៅ​ពេល​ផ្ទាំង​ទឹកកក​បាក់​សង្កត់​ផ្ទះ​ពួក​គេ​នៅ​ពេល​យប់ ភាគ​ខាងជើង រដ្ឋធានី​កា​ប៊ុល ។

ចំណែក​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​វិញ មនុស្ស​ចំនួន ១៣ នាក់​បាន​ស្លាប់​ដោយសារ​ការ​បាក់ ផ្ទាំង​ទឹកកក រអិល​ធ្លាក់​ពីលើ​ភ្នំ នៅ​ភាគ​ខាងជើង​ប្រទេស​។

ផ្ទះ​ជា​ច្រើន​ផង​ដែរ​ត្រូវ​បាន​បំផ្លាញ​នៅ​ក្នុង​ទីក្រុង ហើយ​មនុស្ស​ជា​ច្រើន​ទៀត ត្រូវ​គេ​ព្រួយបារម្ភ​ថា​ជាប់​នៅ​ក្រោម​ព្រិល​ដ៍​ក្រាស់​។

ព្រ​លាន​យន្តហោះ​នៅ​ក្នុង​រដ្ឋធានី​កា​ប៊ុល ត្រូវ​បាន​បិទ​បណ្តោះអាសន្ន ដោយសារ​តែ បញ្ហា​ព្រិល​ក្រាស់​។

មន្ត្រី​ប្រចាំ​ប្រទេស​ទាំង​ពីរ បាន​ព្រមាន​ថា ហេតុការណ៍​ទឹកកក​រអិល​ពីលើ​ភ្នំ នឹង​នៅ​កើត​មាន​ទៀត ខណៈ​ដែល​ព្រិល​បន្ត​ធ្លាក់​ឥត​ឈប់​ឈរ ៕

Loading...