ពុទ្ធ សំបូរ ប្រើពេលកន្លះទឹក ធ្វើឲ្យ សុខ វិរៈបោះបង់ការប្រកួត

ភ្នំពេញ៖ ត្រឹមតែកន្លះទឹកនៃការប្រកួតកីឡាប្រដាល់គុនខ្មែរ វគ្គជម្រុះដណ្តើមកៅអី វគ្គជុំទី២ សម្រាប់ពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement កាលពីយប់ថ្ងៃទី៧ខែកក្កដាឆ្នាំ២០១៨ កន្លងទៅ កីឡាករ ពុទ្ធ សំបូរ មកពី ក្លិបពុទ្ធសេរីវង្សកីឡា ប្រើស្នៀតជើងទាត់បំបាកជន្ទល់ កីឡាករ សុខ វិរៈ មកពីក្លឹបសំរោងកោងខេត្តបាត់ដំបង ដើមទឹកទី១ ។

ការប្រកួតដ៏ផុយស្រួយ របស់បេក្ខភាពកីឡាករ ដណ្តើមពានរង្វាន់ខាងលើ ត្រូវបានអ្នកទស្សនា ដាក់ការសង្ស័យថា ទំនង សុខ វិរៈ ហ្វឹកហាត់ពុំបានល្អ ទើបធ្វើឲ្យរូបគេ ត្រូវរងការទាត់បំបាកជើង ត្រឹមតែពាក់កណ្តាលទឹកបែបនេះ ។ ចំពោះសកម្មភាព របស់កីឡាករទាំង២នាក់ ត្រូវបានកត់សម្គាល់ឃើញ ពុទ្ធ សំបូរ ហាក់បានដឹងចំណុចខ្សោយ សុខ វិរៈរួចហើយ ដោយប្រើស្នៀតជើងទាត់សម្រុកទៅផ្នែកខាងក្រោម របស់ សុខ វិរៈ ៤ទៅ៥ជើង បណ្តាលឲ្យខូចជើង មិនអាចបន្តការប្រកួតបានក៏សម្រាប់ចិត្ត សុំបោះបង់តែម្តង ។

ដោយឡែក កីឡាករ សូត្រ ខេវិន ក៏ត្រូវបញ្ចប់បេសសកម្ម របស់ខ្លួន ក្រោយវាយចាញ់ កីឡាករ ណាម ម៉ូរ៉ាក់ ដោយពិន្ទុ ។ ដូច្នេះវាសនា សូត្រ ខេវិន និង សុខ វិរៈ អស់ឱកាស បន្តការប្រកួត ដណ្តើមកៅអី វគ្គជម្រុះ នៃពានរង្វាន់ TV5 Boxing Knock-Out Series by K-Cement ទម្ងន់៦០គីឡូក្រាមទៀតនោះទេ ។ដោយកីឡាករ កីឡាករ ណាម ម៉ូរ៉ាក់ និង ពុទ្ធ សំបូរ ពួកគេត្រូវបន្តទើង ទៅប្រកួតក្នុងវគ្គ ជម្រុះជុំទី២ ហើយក៏ជាបេក្ខភាពទី៩និង១០ផងដែរ ក្នុងចំណោម៥សប្តាហ៍កន្លងមក ។

ចំពោះការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិ អ្នកប្រដាល់ថៃ និង អ្នកប្រដាល់កម្ពុជា កីឡាករ សុខ សាវិន មកពីក្លិបអេលីតគុនខ្មែរនោះ បានយកឈ្នះអ្នកប្រដាល់វ័យចំណាស់ថៃឈ្មោះ រ៉េ ដា(RADA)នៅទឹកទី៤ ។ លោក សេង កដិការ អ្នកគ្រប់គ្រងកម្មវិធីកីឡាប្រដាល់ របស់សង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានបញ្ជាក់ថា ចំពោះកម្មវិធីនេះ ក្រៅពីការចូលរួមជំរុញ វិស័យកីឡាប្រដាល់ប្រកដដោយគុណភាព សង្វៀន របស់លោក ក៏មានបំណង បង្កើននូវកម្រិតជីវភាព របស់កីឡាករកីឡាការិនីប្រដាល់ តាមរយៈកម្មវិធីប្រកួត របស់ដែលបានកំពុងដំណើរ រៀងរាល់ថ្លៃសៅរ៍ នៅព្រែកកំពឹសនោះ ៕

Loading...