ពេលធ្លាក់ពីតំណែង នាយករដ្ឋមន្ត្រីវ័ណ្ឌកនឹងផ្លូវច្បាប់

មន្ត្រីប៉ូលីសជាន់ខ្ពស់ម្នាក់បាននិយាយថាប៉ូលីសម៉ាឡេស៊ីបានស្រាវជ្រាវទាំងយប់រហូតដល់ព្រឹកព្រហស្បតិ៍ ថ្ងៃទី១៧ ខែឧសភា នៅទីតាំងចំនួន៥ ដែលទាក់ទងនឹងអតីតនាយករដ្ឋមន្ត្រី Najib Razak រួមទាំងភូមិគ្រឹះ ដែលគ្រួសារគាត់កំពុងស្នាក់នៅផងដែរ ។

មេធាវីរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak ដែលធ្លាក់ពីតំណែងដោយសារចាញ់ឆ្នោតកាលពីសប្តាហ៍មុនបាននិយាយថា ប៉ូលិសបានរឹបអូសកាបូប និងវត្ថុផ្ទាល់ខ្លួនមួយចំនួនផ្សេងទៀតពីផ្ទះរបស់អតីតនាយករដ្ឋមន្ត្រី Najib Razak ដែលសង្ស័យទាក់ទងទៅនឹងការស៊ើបអង្កេតលើបទលាងលុយខ្មៅ ។

រឿងអាស្រូវរាប់ពាន់លានដុល្លារនៅក្នុងមូលនិធិរដ្ឋ 1Malaysia Development Berhad (1MDB) បង្កើតឡើងដោយលោកNajib ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីសនៅក្នុងប្រទេសយ៉ាងហោចណាស់ប្រាំ ក្នុងនោះរួមមាន សហរដ្ឋអាមេរិកផងដែរ។ លោក Najib Razak បានបដិសេធថា ពុំបានធ្វើអ្វីខុសនោះឡើយ ។

លោក Amar Singh ស្នងការប៉ូលីសទទួលបន្ទុកការងារ ស៊ើបអង្កេតឧក្រិដ្ឋកម្មពាណិជ្ជកម្មបានប្រាប់រ៉យទ័រថា លំនៅឋានប្រាំកន្លែងដែលទាក់ទងទៅនឹងលោក Najib Razak កំពុងត្រូវបានគេស្រាវជ្រាវ ក្នុងនោះរួមមានគេហដ្ឋានដែលគ្រួសារលោកNajib Razak កំពុងស្នាក់ក្នុងទីក្រុងគូឡាឡាំពួរផងដែរ ។

លោក Singh មិនបានផ្តល់ព័ត៌មានលម្អិតទេ ប៉ុន្តែកាសែត Star បានរាយការណ៍ថា ការស៊ើបអង្កេតធ្វើឡើងនៅខុទ្ទកាល័យអតីតនាយករដ្ឋមន្ត្រី ដែលជាទីលំនៅផ្លូវការ និងទីកន្លែងពីរទៀតដែលទាក់ទងគ្រួសារលោកNajib Razak គឺខុនដូ ក្នុងទីក្រុងគូឡាឡាំពួរ ។

កាសែតបរទេសបានរាយការណ៍ថា គេសង្ស័យអតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីរូបនេះ មិនអាចរួចផុតពីសំណាញ់ច្បាប់បានឡើយ គឺកំពុងវ័ណ្ឌកនឹងបញ្ហាពុករលួយ ក៏ដូចលាងលុយខ្មៅជាដើម ។ នេះដូចទៅនឹងសុភាសិតបុរាណខ្មែរចែង ៖«ទឹកឡើងត្រីស៊ីស្រមោច ទឹកហោច ស្រមោចស៊ីត្រី» មិនខុសមែន ៕

Loading...