ពេល​នេះ​កំពស់​ទឹក​នៅ​សល់​តែ​កន្លះ​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃនឹង​ត្រូវ​ប្រកាស​អាសន្ន​ហើយ

ខេត្តកំពង់ស្ពឺ ៖ ពេល​នេះ​កំពស់​ទឹក​នៅ​សល់​តែ​កន្លះ​ម៉ែត្រ​ទៀត​ប៉ុណ្ណោះ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នឹង​ត្រូវ​ប្រកាស​អាសន្ន​ហើយ​បើ​បើកទ្វារ​រំដោះ​ទឹក​មិន​ទាន់​ទេ​នឹង​មានការ​ជន់​លិច​នៅ​ផ្នែក​ខាងលើ​ជាក់​ជា​មិន​ខាន ។ តែបើ​បើកទ្វារ​ទឹកនឹង​ធ្លាក់​ទៅ​ផ្នែក​ខាងក្រោម​ៗ​ទៀត​ហើយ​ការ​ជន់​លិច​ប្រាកដជា​កើត​មាន​ជាក់​ជា​មិន​ខាន​ឡើយ ។

តាម​ការ​អោយ​ដឹង​ពី​លោក ញ្ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​កាលពី​រសៀល​​​​​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ប្រាប់​ថា រហូត​មក​ដល់​ពេល​នេះ​ស្ថានភាព​ទឹក​ហាក់បីដូចជា​កាន់តែ​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង​តែ​ទោះជា​យ៉ាងណា​នេះ​ជា​កត្តា​ធម្មជាតិ​ដែល​គ្មាន​អ្នក​ណា​អាច​ដឹង​មុន​បាន​ឡើយ សូ​ម្បី​តែ​ខាង​ប្រទេស​ដទៃ​ក៏​មាន​កត្តា​ធម្មជាតិ​ដូច​យើង​ដែរ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា បច្ចុប្បន្ន​ផ្នែក​ខាងលើ​ទ្វារ​ទឹក​រលាំង​ជ្រៃ​បាន​ជន់​លិច​ហើយ​ជា​ហេតុ​តម្រូវ​អោយ​បើកទ្វារ​ទឹក​ទាំងអស់ ដើម្បី​កុំអោយ​ជន់​លេច​ខ្លាំង អ​ញ្ចឹ​ង​ទេ​បើ​ទឹក​នៅ​តែ​ឡើង​លើស​ពី​៧​ម៉ែត្រ​ជាង​ទៅ​នៅ​ទ្វារ​ទឹក​រលាំង​ជ្រៃ​គឺ​នឹង​ត្រូវ​ប្រកាស​អាសន្ន ខណៈ​វេលា​នេះ​កំពស់​ទឹក​នៅ​កំរិត​ជាង​៦​ម៉ែត្រ​ហើយ ។

គួរ​រំលឹក​ថា ប្រសិនបើ​កំពស់​ទឹក​លើស​ពី​៧​ម៉ែត្រ​ទៅ​ទឹក​អាច​ហូរ​ជន់​លិច​ផ្សារ​កំពង់ស្ពឺ​ក៏​ដូច​ជា​តំបន់​ជា​ច្រើន​ទៀត​មាន​ក្រុង​ច្បារមន ស្រុក​សំរោង​ទង ស្រុក​ប​សេដ្ឋ ស្រុក​គងពិសី រហូត​មក​ដល់​ស្រុក​អង្គស្នួល នៃ​ខេត្តកណ្តាល ខណៈ​ដែល​បច្ចុប្បន្ន​នៅ​ផ្នែក​ខ្លះ​នៃ​ស្រុក​ភ្នំស្រួច​កំពុង​ជន់​លិចទៅ​ហើយ​រហូត​ដល់​កំណាត់​ផ្លូវជាតិ​លេខ​៤​ត្រូវ​បាន​បិទ​ផ្អាក​ចរាចរណ៍​ទៀត​ផង ។

បើ​តាម​មន្ត្រី​នៃ​មន្ទីរ​ធនធាន​ទឹកបាន​លើក​ឡើង​ថា ឆ្នាំ​នេះ​ខេត្តកំពង់ស្ពឺ​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​នៅ​តំបន់​មួយ​ចំនួន​នៃ​ស្រុក​ភ្នំស្រួច ហើយ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​ធ្វើ​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត​បន្ត​កើនឡើង ។ ដើម្បី​ចៀសវៀង​គ្រោះថ្នាក់​ផ្សេង​ដែល​កើតឡើង​ដោយ​យថា​ហេតុ​​សូម​បងប្អូន​ដែល​រស់នៅ​តាម​សណ្តរ​ស្ទឹង​ព្រែក​ត្នោត និង​តំបន់​ផ្សេង​ៗ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ៕

 

Loading...