ព័រទុយហ្គាល់, បារាំង និងអេស្ប៉ាញទទួលបានលទ្ធផលល្អក្នុងព្រឹត្តិការណ៍ National League

ក្រុមខ្លាំងៗ៣ទទួលបានជ័យជម្នះរៀងៗខ្លួនក្នុងការប្រកួតពានរង្វាន់ UEFA National League កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ វិច្ឆិកានេះ។ ក្នុងនោះក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះក្រុមម្ចាស់ផ្ទះ និងជាអតីតម្ចាស់ជើងឯករង World Cup ក្រូអាត ដោយលទ្ធផល ៣ទល់២។

ចំណែកក្រុមអតីតម្ចាស់ជើងឯកពិភពលោកមាន់គកបារាំងបានយកឈ្នះក្រុមភ្ញៀវស៊ុយអែតក្នុងលទ្ធផល ៤ទល់២ ដែលធ្វើឲ្យក្រុមនេះបង្ហាញភាពខ្លាំងរបស់ខ្លួនមុនជំនួបជម្រុះយូរ៉ូចូលមកដល់នៅឆ្នាំក្រោយ។

ដោយឡែកក្រុមអេស្ប៉ាញបានបំបាក់ក្រុមខ្លាំងអាល្លឺម៉ង់ទក់សាច់ក្នុងលទ្ធផល ៦ទល់០ ដែលលទ្ធផលនេះធ្វើឲ្យអាល្លឺម៉ង់ស្គាល់រសជាតិចាញ់លើកដំបូងក្នុងពានរង្វាន់ខាងលើ។ ខ្សែប្រយុទ្ធ Ferran Torres បានក្លាយជាកីឡាករឆ្នើមប្រចាំការប្រកួតដោយរកបាន៣គ្រាប់ម្នាក់ឯង។

គួរបញ្ជាក់ថា ការប្រកួតបន្តនៃពានរង្វាន់ National League នៅថ្ងៃនេះគឺមាន ប៊ូស្នៀប៉ះអ៊ីតាលី, ប៉ូឡូញប៉ះហុល្លង់, បែលហ្ស៊ិកប៉ះដាណឺម៉ាក និងអង់គ្លេសប៉ះអ៊ីស្លង់ដែលនឹងត្រូវប្រកួតនៅវេលាម៉ោង២និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៩ វិច្ឆិកានេះ ៕

 

Loading...