ព្យាបាលជំងឺជូនប្រជាពលរដ្ឋជាង៣ ពាន់នាក់ដោយឥតគិតថ្លៃ

ខេត្តព្រៃវែង៖ នៅព្រឹកថ្ងៃអាទិត្យ ៨កើត ខែផល្គុន ឆ្នាំករ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញជាអធិបតី ពិធីចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ប្រារព្ធនៅបរិវេណអនុវិទ្យាល័យ សម្ដេចឪ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែង ។

ជាកិច្ចចាប់ផ្ដើម លោក សឿង សុជាតិ អភិបាលនៃគណៈអភិបាលស្រុកកំចាយមារ បានអញ្ជើញថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡហោម និងលោកជំទាវ ព្រមទាំងអង្គពិធី ដែលបើតាមលោកអភិបាលស្រុក នៅថ្ងៃនេះគឺជាលើកទី៤ហើយដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា របស់ឯកឧត្តម ស សុខា និងលោកជំទាវ បានចុះមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ហើយនៅថ្ងៃនេះមានប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍សំណេះសំណាលទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានសម្ដែងសេចក្ដីរំភើពរីករាយចំពោះព្រឹត្តិការណ៍សប្បុរសធម៌នាថ្ងៃនេះ ពិសេសការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីបងប្អូនប្រជាពលរដ្ឋ ទាំងនៅក្នុងពិធីសំណេះសំណាល និងការពិនិត្យព្យបាលជម្ងឺ ។

សម្ដេចក្រឡាហោម ក៏បានសម្ដែងការកោតសរសើរចំពោះសមាជិកសមាជិការនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ទាំងអស់ ដែលបានលះបង់ពេលវេលា និងប្រើប្រាស់ចំណេះដឹងក្នុងវិស័យសុខាភិបាលរបស់ខ្លួន ចូលរួមចំណែកក្នុងកិច្ចការមនុស្សធម៌នៅថ្ងៃនេះ និងកន្លងមក តាមរយៈការចុះពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋ ដោយមានកិច្ចសហការ និងការចូលរួមគាំទ្រយ៉ាងសកម្ម ពីក្រុមគ្រូពេទ្យនៃមូលដ្ឋានសុខាភិបាលខេត្តព្រៃវែង។

សម្ដេចឧបនាយករដ្ឋមន្ត្រី បានមានប្រសាន៍ថាកម្មវិធីពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដូចថ្ងៃនេះ គឺជាការរួមចំណែកមួយ ជាមួយក្រសួងសុខាភិបាល ដើម្បីធ្វើយ៉ាងណាឱ្យសុខាភភាពប្រជាពលរដ្ឋមានភាពល្អប្រសើរ តាមរយៈការពិនិត្យពិគ្រោះ ការផ្ដល់ថ្នាំព្យាបាល និងការវះកាត់ទ្រង់ទ្រាយតូច ហើយសម្រាប់ប្រជាពលរដ្ឋដែលត្រូវបានរកឃើញថាមានបញ្ហាសុខភាពធ្ងន់ធ្ងរបន្ទាប់ពីទទួលការពិនិត្យ ក្រុមគ្រួពេទ្យនឹងផ្ដល់យោបល់ជូនគាត់ទៅមន្ទីរពេទ្យរដ្ឋដែលមានជំនាញ។

ពីវេទិកាអធិបតីនេះដែរ សម្ដេចបានបង្ហាញសេចក្ដីរំភើបក្ដីរីករាយ ដែលសង្កេតឃើញមូលដ្ឋានប្រារព្ធកម្មវិធីសប្បុរសធម៌នាថ្ងៃនេះ មានការរីកចំរើនជាបន្តបន្ទាប់ ទាំងសាលារៀន ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី នៅផ្ទះសម្បែង។ សម្ដេចបានរំលឹកថា សេវាទឹកស្អាតដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់សព្វថ្ងៃនេះ គឺសម្ដេចបានប្រមូលបច្ច័យបានមកពីការចូលបុណ្យសពលោកឪពុកមកកសាងជូនប្រជាពលរដ្ឋ ហើយសម្ដេចរីករាយណាស់ចំពោះសមិទ្ធផលនេះ។

នៅក្នុងឱកាសនោះដែរ សម្ដេចក្រឡហោម បានមានប្រសាសន៍ថាការធ្វើនយោបាយ និងការដឹកនាំមូលដ្ឋាន មិនខុសគ្នាទេ គឺធ្វើយ៉ាងណាត្រូវឆ្លើយតបតាមសំណូមពរប្រជាពលរដ្ឋ មិនបំពានសិទ្ធ និងផលប្រយោជន៍ស្របច្បាប់របស់ពួកគាត់ ។ សម្ដេចបន្តថាពេលនេះ រាជរដ្ឋាភិបាលដែលជាថ្នាក់ជាតិ និងអាជ្ញាធរខេត្ត ក្រុង ស្រុក ឃុំ និងភូមិនៅថ្នាក់ក្រោមជាតិ ក៏កំពុងខិតខំបំរើសេចក្ដីត្រូវការក្នុងជីវភាពប្រចាំថ្ងៃជូនប្រជាពលរដ្ឋ តាមគោលនយោបាយផ្លូវ ទឹក ភ្លើង និងធនធានមនុស្ស ។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍អំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវខិតខំប្រឹងប្រែងជំរុញការសិក្សារៀនសូត្ររបស់កូនៗ ពីព្រោះតំបន់នេះ ដែលកាលពីកុមារភាព សម្ដេច និងកូនចៅប្រជាពលរដ្ឋផ្សេងទៀតមានការលំបាកក្នុងការសិក្សារៀនសូត្រនោះ ឥលូវមធ្យោបាយសិក្សារៀនសូត្រលែងជួបការខ្វះខាតទៀតហើយ។ ដូច្នេះសូមសិស្សានុសិស្សប្រឹងប្រែងខិតខំសិក្សារៀនសូត្រ ហើយមិនត្រូវផ្ដេតផ្ដួលលើការពឹងពាក់ណាមួយនោះឡើយ។

បន្ទាប់ពីបញ្ចប់ការមានប្រសាសន៍សំណេះសំណាល សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ញ៉ែម សាខន សខេង បានអញ្ជើញជូនថវិកាដល់អង្គពិធី និងបានប្រគល់កុំព្យូទ័រដល់អនុវិទ្យាល័យសម្ដេចឪ មុននឹងបន្តអញ្ជើញសួរសុខទុក្ខបងប្អួនប្រជាពលរដ្ឋ ដែលកំពុងទទួលការពិនិត្យព្យាបាលជម្ងឺពីក្រុមគ្រួពេទ្យស្ម័គ្រចិត្ត ស សុខា ក្នុងបរិយាកាសប្រកបដោយមនោសញ្ចេទនាគោរព និងស្រលាញ់យ៉ាងក្រែលែង។

សូមបញ្ជាក់ថាចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដឹកនាំផ្ទាល់ដោយឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន ៤៣.៥១៩នាក់ ហើយ ។ សម្រាប់ថ្ងៃនេះ តាមគម្រោងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នឹងពិនិត្យព្យាបាលជម្ងឺជូនប្រជាពលរដ្ឋប្រមាណ៣ពាន់នាក់ ៕

Loading...