ព្រឹកនេះ ក្រុមគ្រូពេទ្យ ធ្វើតេស្តរកមេរោគកូវីដ-១៩ ជាលើកចុងក្រោយ ចំពោះ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍ «ថ្ងៃ៣វិច្ឆិកា» 

(ភ្នំពេញ)៖ ចាប់ពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ក្រុមគ្រូពេទ្យនឹងធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី៤ ដើម្បីឲ្យប្រាកដថា អ្នកប៉ះពាលផ្ទាល់​និង ប្រយោលក្នុងព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកាទាំងអស់ មានឆ្លង ឬគ្មានការចម្លងមេរោគកូវូដ-១៩ ។

នៅព្រឹកថ្ងៃដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋមន្ត្រី និង អ្នកសារព័ត៌មាន ព្រមទាំងអ្នកប៉ះពាល់ ដោយប្រយោលផ្សេងទៀតនឹងធ្វើតេស្តរកមេរោគកូវីដ-១៩ ជាលើកចុងក្រោយ ។

តាមប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២០អ្នកពាក់ព័ន្ធព្រឹត្តិការ ណ៍«ថ្ងៃ៣វិច្ឆិកា» ទាំងផ្ទាល់ និងប្រយោល សរុប ៣,៩១៨នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩។ ក្នុងនោះអ្នកធ្វើតេស្តលើកទី១ ចំនួន ១,៧៤១នាក់ លើកទី២ ចំនួន ៨២៥នាក់ និងលើកទី៣ បានចំនួន ១,៣៥២នាក់ ។

គួររំលឹកថា ព្រឹត្តិការណ៍ «ថ្ងៃ៣វិច្ឆិកា» នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកការសិក្សានៅតាមសាលារដ្ឋ និងឯកជនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ដើម្បីធានាថាមិនមានការរីកសាយភាយនៃការឆ្លងជំងឺកូវីដ១៩ នាអំឡុង ពេលតាមដានសុខភាពអ្នកប៉ះពាល់ផ្ទាល់និងប្រយោល។ រាជរដ្ឋាភិបាលក៏បានបិទពហុកីឡដ្ឋានជាតិអូឡាំពិក ផ្អាកសកម្មភាពកីឡាគ្រប់ប្រភេទនៅក្នុងពហុកីឡដ្ឋានជាតិនេះ ។ រាជរដ្ឋាភិបាលក៏បានសម្រេចបិទជាបណ្តោះអាសន្ននូវ KTV ក្លឹបកម្សាន្ត រោងភាពយន្ត និងសារមន្ទីរ នៅទូទាំងប្រទេសផងដែរ ។

សូមជម្រាបថា គិតត្រឹមម៉ោង ០៧៖០០ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា អ្នកមានវីរុសកូវីដ-១៩ ចំនួនសរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ២៩១នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ចំនួន១៣នាក់៕

 

Loading...