ព្រឹកស្អែកសម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង ១ម៉ឺននាក់នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ បន្ទាប់ពីការខកខានចុះជួបកម្មករ កម្មការិនីអស់រយៈពេល៣សប្តាហ៍កន្លងមក ដោយសារព្រឹត្តិការណ៍នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាសនានានៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កម្មករ និយោជិត ដែលនឹងអញ្ជើញជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ មានចំនួន ១៤,៦៩៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខណ្ឌពោធិ៍សែនជ័យ។

បើតាមលោក អ៉ិត សំហេង រោងចក្រ សហគ្រាសទាំង២៤ ដែលអនុញ្ញាតឲ្យកម្មករ និយោជិតជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃស្អែកនេះ មានថៅកែជាជនជាតិចិនចំនួន១៩, កូរ៉េចំនួន២, សិង្ហបុរីចំនួន១ និងខ្មែរចំនួន១។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២១, ផលិតស្បែកជើងចំនួន២ និងបោកគក់ចំនួន១។ ផលិតផលទាំងអស់ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានគូសបញ្ជាក់ដែរថា រោងចក្រ សហគ្រាស​នៅក្នុងខណ្ឌពោធិ៍សែនជ័យ បានបង្កើតនូវមុខរបរ និងការងារបន្ថែមជាច្រើនងាយស្រួលដល់យុវជនក្នុងការរកការងារធ្វើក្នុងមូលដ្ឋានរបស់ខ្លួន របរជួលផ្ទះ លក់ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្សេងៗទៀត រួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជនក្នុងមូលដ្ឋាន។

ក្រោយថ្ងៃរំដោះចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ គ្រាន់តែជាទីក្រុងខ្ទេចខ្ទីដោយសារភ្លើងសង្គ្រាមដ៏ស្ងប់ស្ងាត់មួយកុំថាឡើយដល់ការវិនិយោគ សូម្បីតែប្រជាពលរដ្ឋចូលមករស់នៅក៏គ្មានផង។ ប៉ុន្តែបច្ចុប្បន្នរាជធានីភ្នំពេញ បានក្លាយជាទៅជារាជធានីជាទីប្រតិព័ទ្ធសម្រាប់ប្រជាពលរដ្ឋរស់នៅ សម្រាប់ការធ្វើពាណិជ្ជកម្ម សម្រាប់វិនិយោគ សម្រាប់ធ្វើទេសចរណ៍ សម្រាប់ក្រេបជញ្ជក់ចំណេះដឹងជាដើម។ ជាពិសេសរាជធានីភ្នំពេញជាទីក្រុងឧស្សាហកម្មដ៏រស់រវើកមួយផងដែរ។

លោក អ៉ិត សំហេង បានបញ្ជាក់ថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន៤,៤៥៣ មានកម្មករនិយោជិតចំនួន ៧៧២,៨៣៦នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ១,៨៥៥លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៦៨៨ មានកម្មករ និយោជិតចំនួន ៤០៨,២៣៤នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ៩៧៩លានដុល្លារក្នុងមួយឆ្នាំ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះបើកវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីមកពីតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាតាំងពីថ្ងៃអាទិត្យ ខែសីហា ឆ្នាំ២០១៧មកម្ល៉េះ។ មកដល់ពេលពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ៥១លើក ដោយមានកម្មករ កម្មការិនីចូលរួសរុប ៧០០,២០២នាក់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនេះ ក្នុងបំណងស្វែងយល់ពីទុក្ខលំបាករបស់កម្មករ កម្មការិនី និងដោះស្រាយបញ្ហាប្រឈមរបស់ពួកគេ។ ជាពិសេសដើម្បីជំរុញគោលនយោបាយឧស្សាហកម្មឲ្យបានកាន់តែប្រសើរថែមទៀត។

តាមរយៈដំណើរចុះជួបសំណេះសំណាលជាបន្តបន្ទាប់នោះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់កម្មករ កម្មការិនី ហើយក៏ធ្វើឲ្យមានសុខដុមនៅក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងផងដែរ៕

Loading...