ព្រឹត្តិការណ៍ជាតិសំខាន់ៗ ប្រចាំសប្តាហ៍

ភ្នំពេញ៖ នៅក្នុងសប្តាហ៍ចុងខែមីនា ចូលដើមខែមេសានេះ មានព្រឹត្តិការណ៍ជាតិ បានកើតឡើង។ ប៉ុន្តែក្នុងនោះ ករណីឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ឆ្លងសហគមន៍ ថ្ងៃ២០កុម្ភៈ នៅតែជាព្រឹត្តិការណ៍ក្តៅគគុកនៅឡើយ ក្នុងប្រទេសយើង។

១-សម្តេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋទ្រង់ទ្រាយធំ ១ខែ អោយបានយ៉ាងតិច ១លានដូស

កាលពីថ្ងៃចន្ទ ទី២៩ ខែមីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសផែនការ បើកយុទ្ធនាការទ្រង់ទ្រាយធំ ចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋទូទំាងប្រទេស អោយបាន ១ខែ យ៉ាងតិច ១លានដូស។ ដើម្បីធានាអោយការចាក់វ៉ាក់សាំងជូនពលរដ្ឋទ្រង់ទ្រាយធំសម្រេចបាន ដូចការគ្រោងទុក សម្តេចតេជោ ក៏បានដាក់ចេញនូវការងារអាទិភាពមួយចំនួន ដល់គណៈកម្មការចំពោះកិច្ច និងអភិបាលរាជធានីខេត្ត។

២- កម្ពុជា ចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យមន្រ្តីនស្ថានទូតចំនួន១៨ និងបុគ្គលិកអង្គការអន្តរជាតិ ក្រសួងសុខាភិបាល បានប្រកាសពីការផ្តល់នូវការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្រ្តីតាមបណ្ដាស្ថានទូតបរទេសចំនួន ១៨ រួចរាល់អស់ហើយ។ ក្រសួងសុខាភិបាល ក៏បានបន្តចាក់វ៉ាក់សាំងឱ្យបុគ្គលិកបណ្ដាអង្គការអន្តរជាតិចំនួន ៤៤ ទៀត។ លោកស្រី Pauline Tamesis អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានសម្តែងការដឹងគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូលបុគ្គលិកអង្គការសហប្រជាជាតិទៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ-១៩។ ការដាក់បញ្ចូលនេះ គឺជាការធ្វើឡើងតាមការស្នើសុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។

៣-សម្តេចព្រះមហាក្សត្រី ព្រះមហាក្សត្រ ព្រះរាជទានព្រះរាជទ្រព្យ ៤០ម៉ឺនដុល្លារ ជូនរាជរដ្ឋាភិបាល សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»

ព្រះករុណា ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានប្រោសព្រះរាជទានព្រះរាជទ្រព្យ ចំនួន ៤០ម៉ឺនដុល្លារ ( ២០ម៉ឺនដុល្លារ ក្នុង ១ព្រះអង្គ ) ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ជួយទ្រទ្រង់ដល់ដំណើរការរៀបចំមន្ទីរពេទ្យ «ហ្លួងម៉ែ»។ មន្ទីរពេទ្យ «ហ្លួងម៉ែ» សព្វថ្ងៃ កំពុងទទួលពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសទិញពីឯកជន មកធ្វើជាពេទ្យរដ្ឋ ហើយប្តូរឈ្មោះជា មន្ទីរពេទ្យហ្លួងម៉ែ។ ជាបន្តបន្ទាប់ ចាប់តាំងពីចុងសប្តាហ៍មុន មានឧកញ៉ា មហាសេដ្ឋីច្រើនរូប បានចូលរួមបរិច្ចាគថវិកាជូនរាជរដ្ឋាភិបាល។

៤- សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិសម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១ ខែមីនា បានចេញសារាចរណែនាំ ស្តីពីវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ រយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ខាងមុខនេះ។
ក្នុងសារាចរណែនាំថ្មីនេះ សម្តេចតេជោ បានអំពាវនាវជាថ្មី ដល់បងប្អូនប្រជាពលរដ្ឋ ឲ្យបន្តនៅផ្ទះ ហើយកុំធ្វើដំណើរចល័តពីខេត្តមួយ ទៅខេត្តមួយទៀតឡើយ។ ក្រៅពីនោះ កម្មវិធីជួបជុំនានា មានទាំងពិធីសាសនាផង ក្នុងអំឡុងពេលចូលឆ្នាំ មិនអនុញ្ញាតឲ្យរៀបចំឡើយ ដើម្បីការពារ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។

៥-រាជរដ្ឋាភិបាល ចេញអនុក្រឹត្យបើកផ្លូវឱ្យអាជ្ញាធររាជធានីខេត្ត អាចដាក់បម្រាមគោចរ និងវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល កាលពីថ្ងៃទី៣១ ខែមីនា បានចេញអនុក្រឹត្យ ស្ដីពី វិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អនុក្រឹត្យនេះ បានកំណត់ពីវិធានការរដ្ឋបាលមួយចំនួន រួមទាំងការដាក់បំរាមគោចររឹតត្បិត និងហាមឃាត់ការធ្វើដំណើរផងដែរ។ យ៉ាងណាក៏ដោយ ការអនុវត្តអនុក្រឹត្យនេះ គឺអាស្រ័យលើការចេញលិខិតបទដ្ឋាន ដោយឡែកមួយទៀតរបស់រាជរដ្ឋាភិបាល ឬរដ្ឋបាលរាជធានីខេត្ត។

៦- រាជធានីភ្នំពេញ ចេញវិធានការបណ្តោះអាសន្ន និងបម្រាមគោចរ ចាប់ពីថ្ងៃ ទី១-១៤មេសាអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពី ការអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នោះគឺការចាប់ផ្តើមអនុវត្តនូវបម្រាមគោចរ នៅពេលយប់ ដោយហាមឃាត់ការធ្វើដំណើរ ការជួបជុំតាមទីសាធារណៈ ការទទួលទានអាហារ-គ្រឿងស្រវឹង និងត្រូវបិទហាងលក់ដូរ ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ៥ព្រឹក។ វិធានការបម្រាមគោចរនេះ ត្រូវអនុវត្ត ២សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១៕

Loading...