ព្រឹទ្ធសភាសម្រេចមិនផ្អាកការឃុំខ្លួនឈ្មោះ ហុង សុខហួរ នោះទេ

ភ្នំពេញ ៖ ឆ្លងតាមការបោះឆ្នោតរបស់សមាជិកព្រឹទ្ធសភា ដែលបានចូលរួមចំនួន ៤៧រូប ដោយពុំមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភាគណបក្ស សម រង្ស៊ី នោះ សម័យប្រជុំលើកទី៧ព្រឹទ្ធសភា នីតិកាលទី៣ ដែលបានធ្វើឡើងកាល ពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ក្រោមអធិតីភាព ឯកឧត្ដម នៃ ប៉េណា ប្រធានព្រឹទ្ធសភាស្ដីទី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចមិនផ្អាកការឃុំ ខ្លួនឈ្មោះ ហុង សុខហួរ សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៤ ឡើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មានព្រឹទ្ធសភាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ បានឱ្យដឹងថា របៀបវារៈនៃកិច្ចប្រជុំមានតែមួយគត់គឺពិនិត្យ និងសម្រេចលើ របាយការណ៍របស់ក្រសួងមានសមត្ថកិច្ចអំពីករណីឈ្មោះ ហុង សុងហួរ សមា ជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី៤ ។
អនុលោមតាមមាត្រា១១១ថ្មី (ពីរ) នៃរដ្ឋធម្មនុញ្ញ និងប្រការ៤២ នៃបទ បញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និងអាស្រ័យដោយមានសំណើពីសមាជិកព្រឹទ្ធសភាចំនួន ១១រូប (ច្រើនជាងមួយភាគដប់) ព្រឹទ្ធសភាបានអនុម័តដំណើរការប្រជុំជាសម្ងាត់ ។

អនុវត្តន៍តាមមាត្រា១០៤ថ្មី នៃរដ្ឋធម្មនុញ្ញ មាត្រា១២ និង១៣ នៃច្បាប់ស្ដីពីលក្ខត្តិកៈសមាជិកព្រឹទ្ធសភា ព្រមទាំងប្រការ៦៤ និង៦៥ នៃបទបញ្ជាផ្ទៃក្នុងព្រឹទ្ធ សភា អង្គព្រឹទ្ធសភាបានដំណើរការបោះឆ្នោតជាសម្ងាត់ ដើម្បីបញ្ចេញមតិផ្អាក ការឃុំខ្លួន ការចោទប្រកាន់ ឈ្មោះ ហុង សុខហួរ សមាជិកព្រឹទ្ធសភា មណ្ឌល ភូមិភាគទី៤ ។ លទ្ធផលនៃសំឡេងឆ្នោតមានផ្អាកៈ ០សំឡេង និងមិនផ្អាកៈ៤៧ សំឡេង។

មាត្រា១៣ នៃច្បាប់ស្ដីពីលក្ខត្តិកៈសមាជិកព្រឹទ្ធសភាបញ្ញត្តិថា «ក្នុងករណី ទាំងអស់ខាងលើនេះ ការឃុំខ្លួន ការចោទប្រកាន់សមាជិកព្រឹទ្ធសភាណាមួយ ត្រូវផ្អាក ប្រសិនបើព្រឹទ្ធសភាបញ្ចេញមតិឱ្យផ្អាកតាមមតិភាគច្រើនបីភាគបួន នៃ ចំនួនសមាជិកព្រឹទ្ធសភាទាំងមូល»។
ឆ្លងតាមលទ្ធផលនៃការបោះឆ្នោតខាងលើនេះ ព្រឹទ្ធសភាបានបញ្ចេញមតិ «មិនផ្អាក» ការឃុំខ្លួន ការចោទប្រកាន់ ឈ្មោះ ហុង សុខហួរ សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី៤ ឡើយ ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *