ព្រឹទ្ធសភាអាមេរិក អនុម័តកញ្ចប់ថវិកាសង្រ្គោះទំហំជិត២ទ្រីលានដុល្លារ របស់លោក ចូ បៃដិន សំដៅដោះស្រាយវិបត្តិកូវីដ-១៩

(វ៉ាស៉ីនតោន)៖ ព្រឹទ្ធសភាអាមេរិកនៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) បានអនុម័តកញ្ចប់ថវិកាសង្រ្គោះទំហំ១.៩ទ្រីលានដុល្លារ របស់លោក ចូ បៃដិន ហើយ ក្រោយមានការកែសម្រួលបន្តិចបន្តួច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ ព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែមីនា ឆ្នាំ២០២១។

គម្រោងកញ្ចប់ថវិកាខាងលើ បានឆ្លងផុតសភាក្នុងសំឡេងគាំទ្រចំនួន៥០ និងជំទាស់ចំនួន៤៩ ដោយសមាជិកព្រឹទ្ធសភាទាំងអស់នៃបក្សប្រជាធិបតេយ្យសុទ្ធតែគាំទ្រ ហើយសមាជិកបក្សសាធារណរដ្ឋសុទ្ធតែជំទាស់។ វាគឺជាកញ្ចប់ថវិកាសង្រ្គោះដែលមានទំហំធំបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់សហរដ្ឋអាមេរិក ហើយវាជាជ័យជម្នះធំធេងមួយជាលើកដំបូងសម្រាប់ លោក បៃដិន ចាប់តាំងពីលោកបានឡើងកាន់អំណាច កាលពីខែមករាមក។

គួរបញ្ជាក់ថា ដោយសារតែមានការកែសម្រួលបន្តិចបន្តួច កញ្ចប់ថវិកាសង្រ្គោះនេះ នឹងត្រូវបញ្ជូនទៅរដ្ឋសភាអាមេរិក ដើម្បីបោះឆ្នោតអនុម័តសាជាថ្មីឡើងវិញ។ ក្នុងកញ្ចប់ថវិកាសង្រ្គោះដ៏ធំនេះ រួមមានប្រាក់៤០០ពាន់លានដុល្លារ សម្រាប់ការផ្តល់ជាប្រាក់ឧបត្ថម្ភដោយផ្ទាល់ ចំនួន១,៤០០ដុល្លារ សម្រាប់ពលរដ្ឋអាមេរិកជាច្រើននាក់។ ក្រៅពីនេះ មានការផ្តល់ប្រាក់ ៣០០ដុល្លារក្នុងមួយសប្តាហ៍ តាមរយៈកម្មវិធីទ្រទ្រង់អ្នកបាត់បង់ការងារ សម្រាប់មនុស្សដល់ទៅជិត១០លាននាក់ ដែលបានបាត់បង់ការងារ ដោយសារតែវិបត្តិ COVID-19 ផងដែរ។ ចំណែកថវិកា ៣៥០ពាន់លានដុល្លារទៀត នឹងត្រូវផ្តល់ឲ្យរដ្ឋនិងអាជ្ញាធរតាមតំបន់ ដើម្បីដោះស្រាយផលប៉ះពាល់ផ្សេងៗ ដែលបង្កឡើងដោយវិបត្តិនេះ ៕

ប្រភព៖ Fresh News

Loading...