ព្រៃឈើនៅឃុំរយ៉ស្រុកកោះញែកក្នុងតំបន់ការពារធម្មជាតិប្រឈមនឹងការបាត់បង់

ខេត្តមណ្ឌលគិរី៖ សកម្មភាពនៃការកាប់បំផ្លាញព្រៃឈើនិងឈូសឆាយដើម្បីកាន់កាប់ធ្វើជាកម្មសិទ្ធិបាននិងកំពុងកើតឡើងយ៉ាងសកម្មនៅក្នុងតំបន់ការពារធនធានធម្មជាតិដែលគ្រប់គ្រងដោយលោកញឹមវណ្ណៈនាយករងតំបន់ការពារធនធានធម្មជាតិភ្នំព្រេច ។

ប្រភពបានរាយការណ៍ថាគ្រឿងចក្រជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពឈូសឆាយព្រៃនៅក្នុងឃុំរយ៉ស្រុកកោះញែកខេត្តមណ្ឌលគិរី។

ប្រភពបន្តថាសូម្បីតែស្នាក់ការរបៀងជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិដែលមានទីតាំងនៅភូមិរយ៉លើឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរីក៏នៅតែជើងសសរប៉ុណ្ណោះពីព្រោះឈ្មួញបានឈូសឆាយក្រឡឹងស្នាក់ការស្ទើរដួលរលំទៅហើយ ។ យ៉ាងណាក៏ដោយ ការដែលអាចដំណើរការទៅបាននេះ សង្ស័យថាដោយសារតែការឃុបឃិតគ្នារវាងពួកឈ្មួញនិងនាយករងតំបន់ការពារធនធានធម្មជាតិភ្នំព្រេចដែលជាអ្នកទទួលទិសខាងលើនេះ។

ព្រៃឈើរាប់រយហិចតាត្រូវបានគេវៃនិងបោសសំអាតហើយលក់ខ្ទង់តម្លៃម៉ឺនដុល្លារ ក្នុង1ហិចតា។ស្ថាប័នជំនាញក៏ដូចជាអាជ្ញាធរខេត្តមណ្ឌលគិរីហាក់មិនទាន់បានដឹងអំពីបញ្ហានេះនៅឡើយ តែម្នាក់ៗបានព្យាយាមជួយបិទបាំងចំពោះទង្វើដែលឃុបឃិតឲ្យមានការឈូសឆាយកាប់បំផ្លាញព្រៃឈើនៅក្នុងស្រុកកោះញែក ។ គេនិយាយថាវាជាមហន្តរាយដ៏ធំធេងដែលលោកញឹមវណ្ណៈបានកសាងហើយអាជ្ញាធរខេត្តនៅតែធ្វើមិនដឹងមិនឮ។

ប្រភពបានរាយការណ៍ថាពីមុនមកព្រៃឈើនៅតំបន់នោះគ្មាននរណាហ៊ានប៉ះពាល់ឡើយពីព្រោះគឺជាតំបន់ការពារ ។ ប៉ុន្តែសម្រាប់លោកញឹមវណ្ណៈមិនដែលខ្វល់ពីបញ្ហានេះឡើយគិតតែអនុញ្ញាតឱ្យមានការកាប់បំផ្លាញដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ។គេសង្ឃឹមថាក្រសួងបរិស្ថានជាពិសេសអាជ្ញាធរខេត្តមណ្ឌលគិរីមេត្តាទៅអើតឈ្ងកមើលព្រៃនៅតំបន់ឃុំរយ៉ស្រុកកោះញែកខេត្តមណ្ឌលគីរីនៅផងតើពិតដូចគេរាយការណ៍ដែរឬទេ? ៕

Loading...