ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង ក្រចេះ និង​មណ្ឌលគិរី កំពុង​វិនាស​ដោយសារ​ស្នាដៃ​មេ​ឈ្មួញ គង់ ក្រឹ​ង

ខេត្តក្រចេះ៖ ប្រភពពី​មន្ត្រី​យោធា​អង្គភាព​វរ​ការពារ​ព្រំដែន​លេខ​២០៤ ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​មេ​ឈ្មួញ គង់ ក្រឹ​ង ដែលជា​ឧ​ត្ត​ម​សេនីយ៍​យោធា និង​មាន​ងារ​ជា​ឧកញ៉ា​ផង​នោះ កំពុង​បង្កើន​សកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​។ ប្រការនេះ​កំពុង​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុង​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ​ព្រោះ​គ្មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ គង់ ក្រឹ​ង ទាល់តែសោះ​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា​មេ​ឈ្មួញ គង់ ក្រឹ​ង ដែល​អាង​មាន​ខ្នងបង្អែក​រឹងមាំ​នៅក្នុង​ក្រសួងការពារជាតិ​និង​ក្រសួងមហាផ្ទៃ ទើប​អាចធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ក៏ដូចជា​ច្រករបៀង​ច្រើន​កន្លែង​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុង​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មាន​ឈ្មួញ​ជាច្រើន​នាក់​ដឹកជញ្ជូន​ឈើ​ពី​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និង​ខេត្តមណ្ឌលគិរី យកមក​លក់​ឲ្យ​មេ​ឈ្មួញ គង់ ក្រឹ​ង ដល់​ខាងក្រោយ​បន្ទាយ​យោធា​វរ​ការពារ​ព្រំដែន​លេខ​២០៤ តែម្តង​។ នៅពេល​ប្រមូល​ទិញ​បាន​ច្រើន​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ប្រើប្រាស់​រថយន្ត​ធំៗ​ដឹកជញ្ជូន​ឈើ​ទាំងនោះ​ទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ​-​វ៉ា​លឺ យ៉ាង​សុខ​ស្រួល​ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី ព្រមទាំង​សមត្ថកិច្ច​ច្រើន​ស្ថាប័ន​នៅ​ច្រក​ត្រពាំង​ស្រែ​។ ឈើ​មួយផ្នែក​ទៀត​ត្រូវបាន​មេ​ឈ្មួញ គង់ ក្រឹ​ង ដឹកជញ្ជូន​ទៅ​ស្រុក​យួន​តាម​ច្រករបៀង​ដេ​៣ និង​ច្រករបៀង​ដេ​៤ ក្នុងភូមិ​សាស្ត្រ​តាម​ព្រំដែន​ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ទាំងយប់​ទាំង​ថ្ងៃ​។

ប្រភព​ដែល​ស្និទ្ធ​នឹង​មេ​ឈ្មួញ គង់ ក្រឹ​ង បាន​ឲ្យ​ដឹងថា ការដែល​មេ​ឈ្មួញ​រូបនេះ​អាច​បន្តសកម្មភាព​ប្រមូល​ទិញ​ឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន គឺមាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ជាមួយ​មន្ត្រី​ធំៗ​ក្នុង​ខេត្តក្រចេះ ជាពិសេស​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តក្រចេះ ព្រមទាំង​ស្នងការ​នគរបាល​ខេត្តក្រចេះ និង​មេបញ្ជាការ​អាវុធហត្ថ​ខេត្តក្រចេះ ផងដែរ​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង មិនអាច​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​បានទេ ហើយ​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រាកដជា​ចាត់វិធានការ​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​។ ប៉ុន្តែ​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទើប​មេ​ឈ្មួញ គង់ ក្រឹ​ង អាច​ផ្គើន​ទៅនឹង​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន យ៉ាង​កំរោល​ដោយ​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​កាន់តែ​ច្រើនឡើងៗ​។

​ប្រភពពី​សមត្ថកិច្ច​ក្នុងស្រុក​ស្នួល ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា មាន​ឧកញ៉ា​ច្រើន​នាក់​បាន​ពឹងពាក់​មេ​ឈ្មួញ គង់ ក្រឹ​ង ឲ្យ​ជួយ​សម្របសម្រួល​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​ផងដែរ ដើម្បី​ចៀស​ផុតពី​ការបង្ក្រាប​របស់​សមត្ថ​កិច្ច​និង​មន្ត្រី​ជំនាញ​។ សម្រាប់​ការជួយ​សម្របសម្រួល​ឲ្យ​ឧកញ៉ា​ដទៃទៀត​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​តាម​ច្រក​ត្រពាំង​ស្រែ និង​ច្រករបៀង​ក្បែរៗ​នេះ​គឺ​មេ​ឈ្មួញ គង់ ក្រឹ​ង កំណត់​ឲ្យ​ឧកញ៉ា​ទាំងនោះ​បង់លុយ​ក្នុង​ឈើ​មួយ​រថយន្ត​ធុន​ធំ​ពី​៧០០០​ទៅ​៨០០០​ដុល្លារ ដើម្បី​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​សុខ​ស្រួល​។ ដូច្នេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា​មេ​ឈ្មួញ គង់ ក្រឹ​ង គឺជា​មេខ្លោង​បំផ្លាញ​ព្រៃឈើ​ក្នុង​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី យ៉ាង​មហន្តរាយ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

Loading...