ព្រោះតែខ្លាចបាត់បង់ដីស្រែពលរដ្ឋស្វះស្វែងរកអន្តរាគមន៍ពីថ្នាក់លើតែថ្នាក់ក្រោមមិនអនុវត្ត

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋចំនួន១២គ្រួសាររស់នៅក្នុងភូមិដង និងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺធ្វើការសំណូមពរដល់ លោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ខេត្ត ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ និងជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយពន្លឿក្នុងការដោះស្រាយដីស្រែរបស់ពួកគាត់ធ្លាប់ អាស្រ័យផល កាន់កាប់តាំងពីអំឡុងឆ្នាំ២០១៣មកម្លេះ។ហើយស្រាប់តែមានឈ្មោះថុល ដែលគេស្គាល់ច្បាស់ថា ជាមេការរបស់លោក ឆេង ឡុង ជាអ្នកទិញដីរបស់ពួកគាត់ពីអាជ្ញាធរ ឃុំ និងស្រុកឱរ៉ាល់ សូមអោយសម្តេចជួយចាត់ជំនាញ ប្រគល់ដីស្រែរបស់ពួកគាត់មកធ្វើស្រែ ចំការដើម្បីចិញ្ចឹមជីវិតវិញផង។

តាមការអោយដឹងពីឈ្មោះ នុត សុខុន ភេទស្រី អាយុ៥៦ឆ្នាំជាកសិករ រស់នៅភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ឈ្មោះនុត ប៊ុនធឿន ភេទប្រុស អាយុ៤៣ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ និងម្នាក់ទៀតឈ្មោះ ប៊ុត ប៊ុនធៀង ភេទប្រុស អាយុ៣៨ឆ្នាំ ជាកសិករ រស់នៅក្នុងភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំណាងប្រជាពលរដ្ឋ១២គ្រួសារ និយាយស្រដៀងគ្នាថា ពួកគាត់បានកាន់កាប់ ធ្វើស្រែចំការនៅលើដីរបស់ពួកគាត់តាំងពីអំឡុងឆ្នាំ២០១៣ ដោយមានការទទួលស្គាល់ពីលោក មេភូមិនិងលោកមេឃចាស់ (សន សៀង) ដោយធ្វើស្រែចំការ ចិញ្ចឹមជីវិត លុះអំឡុងឆ្នាំ២០១៦ឆ្នាំ២០១៧ ស្រាប់តែ ឈ្មោះ ថុល អាយុប្រហែល៥០ឆ្នាំ ជាមេការរបស់លោក ឆេង ឡុង បានមកគំរាមកំហែង ពួកគាត់ជាប្រជាពលរដ្ឋ ស្លូតត្រង់ ឈប់អោយមកធ្វើស្រែ ចំការនៅលើដីធ្លីនេះតទៅទៀត ពីព្រោះគេមានប្លង់រួចរាល់ទៅហើយ។ក្រោយពីខ្លាចការគំរាមកំហែងរបស់ឈ្មោះ ថុល រូប ពួកគាត់មិនហ៊ានទៅធ្វើស្រែចំការទៀតទេ ហើយបានទុកដីនោះចោលបណ្តាលអោយដុះស្មៅ ដុះព្រៃ។

 ប្រភពប្រជាពលរដ្ឋបន្តថាដោយបាត់ពលរដ្ឋមិនឃើញទៅធ្វើស្រែចំការនៅលើដីនោះ ស្រាប់តែលោក មេភូមិឈ្មោះគង់ និងអនុភូមិ បានយកក្រដាស់ដើរផ្តិតមេដៃប្រជាពលរដ្ឋពេញភូមិ ទាំងយប់ទាំងថ្ងៃ មានការបែកធ្លាយ រឿងនេះទើបប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅសម្តេច ក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៩ កន្លងទៅដើម្បីអោយជួយអន្តរាគមន៍មកលោកមេឃុំតាសាល ឈ្មោះ ឌុល សុខុម និងលោក មួង ធី អភិបាលស្រុកឱរ៉ាល់ ដោយបានឃុបឃិតគ្នា លក់ដីរបស់ពួកគាត់ទៅអោយឈ្មួញមាលុយនិងមានអំណាចនៅក្នុងខេត្តកំពង់ស្ពឺ បន្ទាប់ពីទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋចំនួន១២គ្រួសារ រួចមក សម្តេចក្រឡាហោមស ខេង បានចារទម្លាក់មកអោយ រដ្ឋបាលខេត្តកំពង់ស្ពឺ និងជំនាញជួយអន្តរាគមន៍ដោះស្រាយ ប្រគល់ដីធ្លីទៅប្រជាពលរដ្ឋវិញ បើទោះបីដីនោះ ឈ្មួញបានលួចឃុប ឃិតគ្នាធ្វើប្លង់រឹង(ប័ណ្ណកាន់កាប់)រួចហើយក្តីត្រូវតែរំលាយចោល។ មិនត្រឹមតែប៉ុណ្ណោះ លោក តាប់ ម៉ាឡៃ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានចេញលិខិត អោយប្រធានការិយាល័យភូមិបាល ស្រុកឱរ៉ាល់ជួយធ្វើការវាស់វែងហើយក៏ដោយ ក៏អស់លោកនៅតែធ្វើព្រងើយ មិនធ្វើការដោះស្រាយ អោយពួកគាត់ឡើយ សន្យា ថ្ងៃនេះ សន្យាថ្ងៃនោះ ម្តងជាពីដង។ធ្វើអោយពួកគាត់អស់ជំនឿចិត្តលើអាជ្ញាធរ ឃុំតាសាល  ស្រុកឱរ៉ាល់ហើយ ទើបធ្វើការសំណូមពរដល់ ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយពួកគាត់ផង(អោយដូចអ្វីដែល)សម្តេចបានមានប្រសាសន៍ថា ដីធ្លីពលរដ្ឋកាន់កាប់ អាស្រ័យផលជាច្រើនឆ្នាំមកហើយ និងដីសេសសល់ អាជ្ញាធរខេត្តនិងជំនាញត្រូវតែកាត់ឆ្វៀលជូនពួកគាត់ទៅ. ហើយបើមន្ត្រីរាជការ និង មន្ត្រីណាពាក់ព័ន្ធត្រូវតែដកខ្លួនចេញជាបន្តបន្ទាន់កុំអោយមានទោសដល់ខ្លួន។

អ្វីដែលប្រជាពលរដ្ឋលើកឡើង ហើយពាក់ពន្ធ័ ការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធនោះ មានលោក មេភូមិ មេឃុំ និងអភិបាលស្រុកឱរ៉ាល់ ទៀតផង ដូច្នេះការលើកឡើងរបស់ប្រជាពលរដ្ឋនេះ សង្ឃឹមថាថ្នាក់លើនិងចាត់ជំនាញចុះស៉ើបអង្កេត អោយបានល្អិតល្អន់ដើម្បីរកអោយឃើញ តើអ្នកណាខ្លះជាប់ពាក់ពន្ធ័រឿងលក់ដីរបស់ពលរដ្ឋផង។

ពាក់ព័ន្ធនឹងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋចំនួន១២គ្រួសារថាលោក ឌុល សុខុម មេឃុំតាសាល ឃុបឃិតលក់ដីពួកគាត់ជាប្រជាពលរដ្ឋនោះ អ្នកយកព័ត៌មានយើង ទូរស័ព្ទទៅធ្វើការសួរនាំដែរ ប៉ុន្តែទូរស័ព្ទចូលចំនួន០៣ដងមិនមានអ្នកលើកឡើយ។

ដោយឡែកលោក មួង ធី អភិបាលស្រុកឱរ៉ាល់ និយាយអោយដឹងតាមទូរស័ព្ទថា រឿងដីធ្លីនេះកើតយូរមកហើយ ប្រជាពលរដ្ឋកាន់កាប់ម្នាក់១៨ហិកតាឯណ្ណោះលោកមិនបានដឹងទេ គឺគេធ្វើទទួលស្គាល់ត្រឹមភូមិ ឃុំទេ។ ហើយលោកទើបតែបានដឹង បន្ទាប់ពីពួកគាត់(ប្រជាពលរដ្ឋប្តឹងទៅក្រសួងមហាផ្ទៃទេ)។ហើយរឿងនេះគេដឹងអស់ហើយ អ្នកណាលក់ទិញនោះ ពីព្រោះក្រសួងចុះមកហើយ។

 ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ បានធ្វើការសំណូមពរចង់បានដីរបស់ពួកគាត់ ត្រឡប់មកវិញដើម្បីអាស្រ័យផល ដូចមុនវិញ ហើយម្យ៉ាងទៀត រដូវនេះជារដូវធ្វើស្រែចំការហើយ។

សូមបញ្ជាក់ថាដីរបស់ប្រជាពលរដ្ឋធ្លាប់អាស្រ័យផល កាន់កាប់ចំនួន១៣គ្រួសារ តាំងអំឡុងឆ្នាំ២០១៣ មានទំហំជាង២០០ហិចតា ស្ថិតនៅក្នុងភូមិដូង ឃុំតាសាល ឱរ៉ាល់ ខេត្តកំពង់ស្ពឺ។បន្ទាប់ពី

បែកធ្លាយ មេភូមិដូងឈ្មោះ អន គង់ ដើរផ្តិតមេដៃ យកលុយអោយពលរដ្ឋក្នុង ម្នាក់២០ម៉ឺនទៅ៣០ម៉ឺនរៀល បើសរុប១គ្រួសារ១០០ដុល្លារ ។អ្នកអត់ដឹងចេះតែផ្តិតទៅ ផ្តិតទាំងយប់ទាំងថ្ងៃ តែម្តង៕

Loading...