ព្រោះតែស្ថានភាពផ្លូវតូចចង្អៀត ហើយភ្លើងឆេះពេញបន្ទុកទៅហើយ សមត្ថកិច្ចមិនអាចជួយបាញ់ទឹកពន្លត់ទាន់

ខេត្តមណ្ឌលគិរី៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ភ្លើងបានលេបត្របាក់ចំការដាំដើមម៉ាកាវអស់រាប់ពាន់ដើម ក្រោយសមត្ថកិច្ចមិនអាចជួយបាញ់ទឹកពន្លត់ទាន់ ព្រោះតែស្ថានភាពផ្លូវតូចចង្អៀត ហើយភ្លើងឆេះពេញបន្ទុកទៅហើយ ទើបដំណឹងទៅដល់សមត្ថកិច្ចជំនាញ។

នគរបាលស្រុកអូររាំងបានឲ្យដឹងថា ភ្លើងបានឆេះចំការអស់៤ហិកតា និងត្រាក់ទ័រ១គ្រឿង នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅភូមិពូត្រែង ឃុំដាក់ដាំស្រុកអូររាំង ខេត្តមណ្ឌលគិរី។ បើតាមនគរបាលបន្តថា ចំការដែលភ្លើងឆេះនេះ ជាកម្មសិទ្ធរបស់ឈ្មោះ សេក យ៉ត ភេទប្រុស អាយុ៤៩ឆ្នាំ ហើយខណៈពេលកើតហេតុ ម្ចាស់បានទៅរាយការណ៍ដល់នគរបាលប៉ុស្តិ៍ អំពីករណីភ្លើងឆេះចំការ ដំណាំរបស់គាត់ ។

បន្ទាប់មកកម្លាំងប៉ុស្តិ៍រដ្ឋបាលដាក់ដាំ បានសហការជាមួយកម្លាំងជំនាញពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ដល់ទីតាំងកន្លែងកើតហេតុ ដោយប្រើប្រាស់រថយន្តពន្លាត់អគ្គិភ័យ១គ្រឿង។ ទោះជាយ៉ាងណា បញ្ហាដែលប្រឈមខ្លាំង ដោយសារចំការនៅឆ្ងាយពីភូមិ ផ្លូវចូលតូចចង្អៀតមិនអាចឲ្យរថយន្តចូលទៅដល់ ហើយករណីឆេះចំការខាងលើនេះ មិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ប៉ុន្តែឆេះត្រាក់ទ័រចំនួន១គ្រឿង និងខូចខាតដំណាំអស់ចំនួន៤ហិចតា។

លោក វ៉ាន់ ដានីន អធិការនគរបាលស្រុកអូររាំង បានបញ្ជាក់ថា មូលហេតុដែលបណ្តាលឲ្យឆេះចំការដាំម៉ាកាវនេះ គឺរាលដាលមកពីភ្លើងឆេះវាលស្មៅដែលអ្នកភូមិដុត រាល់រដូវប្រាំងទើបវារាលដាលដល់ចំការខាងលើ ដោយមិនអាចជួយសង្គ្រោះទាន់ពេល។

លោកអធិការបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋថា សូមកុំដុតស្មៅ ឬស្បូវនៅតាមទីវាលលើខ្នងភ្នំនានា ព្រោះវាអាចឆេះរាលដល់ផ្ទះអ្នកស្រុក ឬចំការ ដំណាំនានាដូចករណីខាងលើ។ បើបងប្អូនចង់ដុតសម្អាតចំការ គួរកាត់ស្មៅធ្វើមុខភ្លើងជាមុន ចៀសវាងកើតគ្រោះថ្នាក់ជាយថាហេតុ៕

Loading...