ព្រោះតែអាងខ្នងរដ្ឋលេខាធិការក្រសួងបរិស្ថាន ផៃ ប៊ុនឈឿន ទើបលោក វុធ សារ៉ុម នាយការិយាល័យក្រុងសែនមនោរម្យ មណ្ឌលគិរី មិនញញើតនឹងការដើរប្រមូលប្រាក់?

ខេត្តមណ្ឌលគិរី៖ លោក វុធ សារ៉ុម នាយការិយាល័យបរិស្ថានក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានក្រុមអ្នករកស៊ីដឹកជញ្ជូនគ្រឿងសង្ហារឹមតាមរថយន្ត អ្នកដឹកជញ្ជូនឈើ និងម្ចាស់សិប្បកម្មនានាត្អួញតែ្អរថា បានជំរិតទារប្រាក់ពីពួកគាត់គ្មានការអាណិតអាសូរ ផ្គើនទៅនឹងច្បាប់ខ្លាំងណាស់ ហើយថែមទាំងយកឈ្មោះរដ្ឋលេខាធិការក្រសួងបរិស្ថានម្នាក់មកធ្វើជាទីសំអាងថែមទៀតផង ។ ក្រុមឈ្មួញបានស្នើថ្នាក់លើ មេត្តាពិចារណាចំពោះរឿងនេះ បើពុំដូច្នោះទេ គោលនយោបាយថ្នាក់លើ​ប្រាកដប៉ះពាល់ធ្ងន់មិនខាន ។

ប្រភពរាយការណ៍ថា លោកវុធ សារ៉ុម បានគំរាមកំហែងម្ចាស់រថយន្តដឹកគ្រឿងសង្ហារឹម ម្ចាស់រថយន្តដឹកឈើនានាដែលធ្វើសកម្មភាពដឹកចេញពីក្រុងសែនមនោរម្យ ក៏ដូចម្ចាស់សិប្បកម្មឈើទាំងអស់ថា បើមិនបង់ប្រាក់តាមការកំណត់ទេនោះ គឺប្រឈមនឹងការចាប់កសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ ។

ប្រភបរាយការណ៍ថា លោក វុធ សារ៉ុម នរណាៗក៏ញញើតគ្រប់ៗគ្នា ឲ្យតែអ្នកនោះជាអ្នករកស៊ីដឹកជញ្ជូនគ្រឿងសង្ហារឹម ដឹកជញ្ជូនឈើ ឬជាម្ចាស់សិប្បកម្មឈើ ។ ការញញើតនោះ ក៏ព្រោះតែលោកវុធ សារ៉ុម ជាមនុស្សកាប់ដៅ ហ៊ាននិយាយ ហ៊ានធ្វើ និងហ៊ានបង្ខំឲ្យឈ្មួញបង់ខែឲ្យខ្លួន ដោយមិនខ្លាចក្រែងមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីសូម្បតីតែបន្តិច ហើយការដែលវុធ សារ៉ុម មិនខ្លាចមន្ទីរបរិស្ថានខេត្តនោះ ក៏ព្រោះតែមានខ្នងបង្អែកក្រាស់ថ្នាក់រដ្ឋលេខាធិការក្រសួងបរិស្ថានម្នាក់ជាអ្នកនៅពីក្រោយខ្នង ដែលវុធ សារ៉ុម តែងតែប្រើឈ្មោះដើម្បីគំរាម ជំរិតក្រុមឈ្មួញថ្នូរនឹងផលប្រយោជន៍ ។

សេចក្តីរាយការណ៍បានបន្តថា លោកវុធ សារ៉ុម តែងតែប្រើប្រាស់ឈ្មោះ ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានដើម្បីបន្លាចក្រុមឈ្មួញ ឬបង្ខិតបង្ខំឈ្មួញបង់ប្រាក់ឲ្យខ្លួនយ៉ាងគឃ្លើននឹងច្បាប់ ។ វុធ សារ៉ុម ត្រូវគេដឹងថា ជាអ្នកអនុវត្តច្បាប់ ប៉ុន្តែបែរជាយកច្បាប់មកទ្រាប់គូថអង្គុយ ជាន់ឈ្លីគោលការណ៍ថ្នាក់លើដែលខិតខំអនុវត្តឲ្យបានល្អប្រសើរនោះទៅវិញ។

លោក វុធ សារ៉ុម អាចប្រឈមនឹងបញ្ហាធំមិនខាន បើលោករដ្ឋលេខាធិការក្រសួងបរិស្ថាន ផៃ ប៊ុនឈឿនដឹងថា ឈ្មោះលោកត្រូវលោកវុធ សារ៉ុមយកទៅប្រើប្រាស់ផ្តេសផ្តាស់ គំរាមកំហែង ជំរិតទារប្រាក់ពីក្រុមឈ្មួញនោះ ។ នៅមានរឿងជាច្រើនទៀត ដែលលោកវុធ សារ៉ុម បានធ្វើ ហើយយើងសុំមិនទាន់បញ្ចេញនៅពេលនេះទេ ។

គេហទំព័រយើងមិនអាចធ្វើទំនាក់ទំនង សុំការបំភ្លឺបានទេកាលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ពីលោក វុធ សារ៉ុម ប្រធានការិយាល័យក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ពាក់ព័ន្ធសេចក្តីរាយការណ៍ចោទប្រកាន់ថា លោកបានយកឈ្មោះលោករដ្ឋលេខាធិការក្រសួងបរិស្ថាន ផៃ ប៊ុនឈឿន ទៅប្រើប្រាស់ផ្តេសផ្តាស់ ពីព្រោះគ្មានលេខទូរស័ព្ទ ៕

Loading...