ព្រះចៅអធិការវត្តប្រាសាទប្រគល់ទ័យទាននិងបច្ច័យមួយចំនួនជូនសាខាកាកបាទក្រហមរាជធានី ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ

(ភ្នំពេញ)៖ ទេយ្យទានមួយចំនួនមានទាំងអង្ករនិងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ផ្ទះបាយនិងបច្ច័យផងនោះត្រូវបានព្រះចៅអធិការវត្តប្រាសាទ ប្រគល់ជូនមកសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះនៅក្នុងរាជធានីភ្នំពេញ ។ ពិធីប្រគល់និងទទួលទ័យទាននិងថវិកានេះបានប្រព្រឹតទៅកាលពីព្រឹកថ្ងៃទី៥ខែសីហាឆ្នាំ២០២០ ក្នុងបរិវេណវត្តប្រាសាទ ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ។

ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍លើកឡើងថា ការប្រគល់នូវទ័យទាន និងបច័យរបស់ព្រះគ្រូធម្មធម៌ សោម  ស៊ីម ព្រះចៅអធិការវត្តប្រសាទនិងជាព្រះអនុគុណខណ្ឌព្រែកព្នៅ មកដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញនាពេលនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពសិ្នទ្ធស្នាល រវាងពុទ្ធចក្រនិងអាណាចក្រ ។ ឯកឧត្តម បញ្ជាក់ថា ពុទ្ធចក្រនិងអាណាចក្រដើរទទឹមគ្នាមានន័យថា បើអាណាចក្ររីកចម្រើនពុទ្ធចក្រក៏មានការរីកចម្រើនដូចគ្នា ហើយអាណាចក្រជួបបញ្ហា ពុទ្ធចក្រក៏ជួបបញ្ហាដែរ។ ជាក់ស្ដែងនៅក្នុងសម័យប៉ុលពត អាណាចក្រត្រូវបានធ្លាក់ដល់ចំណុចសូន្យ ក្នុងនោះពុទ្ធចក្រ ក៏បានធ្លាក់ដល់ចំណុចសូន្យដូចគ្នាដែរ ។

នាឱកាសនោះដែរ ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា បច្ចុប្បន្នជំងឺរាតត្បាត គឺសាហាវខ្លាំងណាស់ នៅលើពិភពលោកយើងនេះ តែងតែកើតមានឡើង ១០ឬ២០ឆ្នាំម្ដង ។ ជាក់នៅពេលនេះ ពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជារបស់យើង បាននិងកំពុងប្រឈមជាមួយជំងឺកូវីដ-១៩ ។ ប៉ុន្តែក្រោមការដឹកនាំគ្រប់គ្រងរបស់សម្ដេចតេជោហ៊ុនសែន កម្ពុជាយើងការពារនិងទប់ស្កាត់បានល្អប្រសើរ ដោយមកដល់ពេលនេះ មិនមានមនុស្សណាម្នាក់ស្លាប់ដោយជម្ងឺនេះឡើយ ។

ព្រះធម្មធម៌សោម  ស៊ីម ព្រះចៅអធិការវត្យន្រាសាទនិងជាព្រះអនុគុណខណ្ឌព្រែកព្នៅ បានមានសង្ឃដីកាថា ការផ្ដល់ ទ័យទាននិងថវិកានេះ ដើម្បីចូលរួមជាមួយសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បន្តយកទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះនិងប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ ។    ព្រះធម្មធម៌ សោម  ស៊ីម បន្តថា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន គឺបានធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍគ្រប់ទីកន្លែង ប្រជាពលរដ្ឋអាចធ្វើដំណើរបានទាំងយប់ទាំងថ្ងៃ ទៅតាមបណ្ដាខេត្តនានា ដោយមិនមានការព្រួយបារម្ភ ពីបញ្ហាសន្តិសុខឡើយ ។

គួរបញ្ជាក់ផងដែរថា ទេយ្យទានដែលព្រះចៅអធិការវត្តប្រាសាទ ប្រគល់ជូនសាខាកាកបាទក្រហមរាជធានីភ្នំពេញខាងលើនេះ រួមមានអង្គ ៥តោន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រីខ មីប្រេងឆា ស្ករស អំបិល សម្ភារៈប្រើប្រាស់ផ្ទះបាយមួយចំនួននិងបច្ច័យចំនួន៣០០០ដុល្លារអាមេរិក ៕ 

Loading...