ព្រះពុទ្ធប្បដិមាដ៏ធំមួយព្រះអង្គ ដែលបានសាងសង់នៅលើកំពូលភ្នំដ៏ខ្ពស់មួយ នៅក្នុងខេត្តរតនគិរី ភាគឥសាន្តកម្ពុជា នឹងផុសត្រដែតឡើង សម្រាប់ជាទីសក្ការៈបូជា និងទាក់ទាញអ្នកទេសចរ ឲ្យចូលទៅគយគន់ !

ខេត្តរតនគិរី៖ អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី លោកព្រឹទ្ធាចារ្យ ប៊ូ ឡាំ បានដឹកនាំមន្ត្រីក្រោមឧិវាទ និងមានការចូលរួមពី អភិបាលខេត្ត លោក ថង សាវុន ប្រធានក្រុមប្រឹក្សាខេត្ត ណាប់ ប៊ុនហេង រួមទាំងមន្ត្រី រាជការក្នុងខេត្ត បានអញ្ជើញនៅក្នុងពិធីសែនក្រុងពាលី បួងសួងសុំសេចក្តីសុខ និងការលើកព្រះកេស តភ្ជាប់ជាមួយតួព្រះកាយ ព្រះពុទ្ធប្បដិមាដ៏ធំមួយព្រះអង្គ មានកម្ពស់១៥ម៉ែត្រ តម្កល់នៅលើកំពូលភ្នំ ឥសីបតមៈ ហៅ ភ្នំស្វាយ ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង កាលពីថ្ងៃទី៩កញ្ញា ឆ្នាំ២០២០ ក្រោមការរៀបចំ របស់រដ្ឋបាលខេត្តរតនគិរី ។

ពិធីតភ្ជាប់ព្រះកេស ជាមួយតួព្រះកាយ ព្រះពុទ្ធប្បដិមាដ៏ធំមួយព្រះអង្គនេះ បានប្រព្រឹត្តទៅតាមបែប ព្រហ្មញ្ញសាសនា នេះបើតាមការបញ្ជាក់របស់ ប្រធានមន្ទីរធមការ និងសានាខេត្តរតនគិរី លោក ទេព ណារ៉ា ។ លោកបានបន្តឲ្យដឹងទៀតថា ព្រះពុទ្ធប្បដិមាដ៏ធំស្កឹមស្កៃមួយព្រះអង្គនេះ បានកសាងឡើងក្រោមគំនិត ផ្តួចផ្តើមរបស់ អភិបាលខេត្តរតនគិរី លោក ថង សាវុន រួមនឹងភរិយា ដើម្បីទុកជាកេរ្តិ៍ដំណែល សម្រាប់ប្រជា ពុទ្ធបរិស័ទគោរពបូជា។ លោកថា ព្រះពុទ្ធប្បដិមាដ៏ធំមួយអង្គនេះ បានសាងសង់ឡើងពីថ្មភក់ មានកម្ពស់ ១៥ម៉ែត្រកន្លះ ហើយបើគិតទាំងព្រះភ្នែន មានទម្ងន់ប្រមាណ ៣០០តោន ដែលបានជៀវពីខេត្តកំពង់ធំ ដង្ហែរយកមកតម្កល់ នៅលើកំពូលភ្នំឥសីបតមៈ ហៅ ភ្នំស្វាយ គ្រោងនឹងចំណាយថវិកាសាងសង់ អស់ប្រមាណជាង ២០ម៉ឺនដុល្លារអាមេរិក និងត្រូវបញ្ចប់នៅក្នុងការសាងសង់ នៅបំណាចឆ្នាំ២០២០នេះ។

អ្នកតំណាងរាស្ត្រមណ្ឌលរតនគិរី លោកព្រឹទ្ធាចារ្យ ប៊ូ ឡាំ បានមានប្រសាសន៍ ក្រើនរំលឹកដល់ក្រុម អ្នកស្ថាបនា ពន្លឿនលើការកសាងឲ្យបានឆាប់ និងប្រកបដោយការយកចិត្តទុកដាក់ ដើម្បីផ្តល់ឧិកាស ដល់ប្រជាពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទូទៅ បានជាទីគោរពបូជា ធ្វើបុណ្យធ្វើទាន ទៅតាមកម្លាំងសទ្ធា ជ្រះថ្លារៀងៗខ្លួន និងទៅតាមលំអាន នៃព្រះពុទ្ធសាសនា ។ លោកព្រឹទ្ធាចារ្យ បានបញ្ជាក់ថា ក្រោយបញ្ចប់ នៅក្នុងការសាងសង់ ព្រះពុទ្ធប្បដិមាដ៏ធំមួយព្រះអង្គនេះ នឹងក្លាយជាទីសក្ការៈបូជា នៃប្រជាពុទ្ធបរិស័ទ និងក៏អាចជាទីទាក់ទាញ ឲ្យចូលមកទស្សនាកម្សាន្ត ពីអ្នកទេសចរជាតិ និងអន្តរជាតិ ហើយអ្វីដែលពិសេស ជាងនេះទៀតនោះ គឺអ្នកដែលនាំយកធូបទៀនផ្កា ឡើងភ្នំមកបូជាព្រះពុទ្ធរូប ក៏អាចឈ្លាតគយគន់ទេសភាព ធម្មជាតិ និងព្រះសូរិយាហៀបអស្តង្គតដ៏ស្រស់ស្អាត នៅលើកំពូលភ្នំនេះបាន ថែមទៀតផង ។

គួរបញ្ជាក់ថា ភ្នំឥសីបតមៈ ឬហៅភ្នំស្វាយ ត្រូវបានរាប់បញ្ចូលជាតំបន់រមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ និងធម្មជាតិដ៏ស្រស់បំព្រង ដែលស្ថិតក្នុងខេត្តរតនគិរី ភាគឥសាន្តប្រទេសកម្ពុជា ៕

Loading...