ព្រះមហាក្សត្រនិងសម្ដេចម៉ែយាងទៅពិនិត្យព្រះរាជសុខភាពនិងចូលរួមកម្មវិធីនៅប្រទេសចិន

ភ្នំពេញ ៖នៅថ្ងៃទី១៤ សីហា ព្រះករុណាសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ យាងទៅពិនិត្យព្រះរាជសុខភាព និងចូលរួមជាគណៈអធិបតី នៃពិធីបុណ្យជាតិរបស់ប្រទេសចិន។

មន្ត្រីខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ ដារ៉ាវុធ បានប្រាប់វិទ្យុអាស៊ីសេរីតាមទូរស័ព្ទថា ការពិនិត្យព្រះរាជសុខភាពរបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែ ធ្វើឡើងរយៈពេល៦ខែម្ដង គឺនៅខែកុម្ភៈ និងខែកញ្ញា ហើយការយាងទៅម្ដងៗ មានរយៈពេល១ខែ តាមការណាត់របស់ពេទ្យនៅប្រទេសចិន។

លើសពីនេះទៅទៀត លោក អ៊ុំ ដារ៉ាវុធ បន្តថា ការយាងរបស់ព្រះមហាក្សត្រ និងសម្ដេចម៉ែទៅប្រទេសចិននៅពាក់កណ្ដាលខែសីហានេះ ដោយធ្វើឡើងតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីងពីង (Xi Jinping) ដើម្បីចូលរួមជាគណៈអធិបតីភាព តំណាងប្រទេសកម្ពុជា ក្នុងពិធីបុណ្យជាតិខួបទី៧០ នៃការទទួលជ័យជំនះពីប្រទេសជប៉ុន នៅទីក្រុងប៉េកាំង (Beijing) ប្រទេសចិន នៅចុងខែសីហា៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *