ព្រះមេគណខេត្តព្រះវិហារ បរិច្ចាគគ្រឿងឧបភោគ បរិភោគ ជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីរួមចំណែកក្នុងសកម្មភាពមនុស្សធម៌នៅក្នុងសង្គមជាតិ !

 

ខេត្តព្រះវិហារ៖ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ រួមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូប បានអញ្ជើញទទួលអំណោយ មានជាគ្រឿងឧបភោគ បរិភោគ និងទេយ្យទាន ពីព្រះមេគណខេត្ត ព្រះគ្រូសីម៉ាវិជិត ឡុង សុមុនី រួមទាំង សហករីជាព្រះអនុគណទាំង ៨ ក្រុង-ស្រុក នៅទូទាំងខេត្ត កាលពីថ្ងៃទី២២កញ្ញាឆ្នាំ២០២០ នៅសាខាកាក បាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។

ទេយ្យទានដែលសាខាកាកបាទក្រហមខេត្ត ទទួលបានពីព្រះមេគណខេត្ត រួមមាន៖ អង្ករ ៣២ការ៉ុង មី ៦៨កេស ត្រីខកំប៉ុង ១០យួរ ទឹកត្រី ៣៣យួរ ទឹកស៊ីអ៊ីវ ៤៤យួរ ស្ករស ២៦កញ្ចប់ អំបិល ១១កញ្ចប់ ប៊ីចេង ៦កញ្ចប់ ប្រេងឆា ១ដប ភេសជ្ជៈ ៤៤កេស ទឹកបរិសុទ្ធ ១៣កេស និង៥០៨យួរ ព្រមទាំងថវិកាចំនួន ៩លានរៀល «ប្រាំបួនលានរៀល» ថែមទៀតផង ។

ព្រះមេគណខេត្តព្រះវិហារ ព្រះគ្រូសីម៉ាវិជិត ឡុង សុមុនី បានមានសង្ឃដីកាថា ព្រះអង្គក៏ដូចជាសហ ការីព្រះអនុគណទាំង៨ក្រុងនិងស្រុក នៃខេត្តព្រះវិហារ មានទឹកព្រះទ័យរីករាយយ៉ាងក្រៃលែង ដោយបាន រួមចំណែក នៅក្នុងសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ដើម្បីបម្រើវិស័យមនុស្សធម៌ នៅក្នុងសង្គមជាតិ មនុស្សជាតិ ក្នុងការជួយសង្គ្រោះ ក៏ដូចជាការជួយសម្រាលទុក្ខលំបាក របស់ញាតិញោម ដែលមានជីវភាពទីទ័លក្រ នៅគ្រប់ទីកន្លែងទាំងអស់ ។

អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានមានប្រសាសន៍ ថ្លែងអំណរព្រះគុណ ចំពោះទឹកព្រះទ័យ ប្រកបដោយសប្បុរសធម៌ និងព្រហ្មវិហារធម៌ របស់ព្រះមេគណខេត្ត និងសហការីគណទាំងអស់ ដែលបានយកទឹកព្រះទ័យទុកដាក់ និងបានប្រទាននូវទេយ្យទាន ថវិកា និងគ្រឿងឧបភោគ បរិភោគ មកដល់សាខាកាកបាទក្រហមកម្ពុជាខេត្ត នៅក្នុងពេលនេះ។ លោកថា នេះសបញ្ជាក់ឲ្យឃើញ ពីទឹកព្រះទ័យដ៏មនុស្សធម៌ ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះ នៅក្នុងគ្រោះធម្មជាតិនានា ។

លោកអភិបាលខេត្ត មានប្រសាសន៍ចាត់ទុក កាយវិការបស់ព្រះមេគណខេត្ត និងព្រះអនុគណខេត្ត គឺជាការចូលរួមមួយដ៏សំខាន់ នៅក្នុងវិស័យអាណាចក្រ ជាមួយសកម្មភាពមនុស្សធម៌ របស់កាកបាទក្រហម កម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។

អភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ បានបញ្ជាក់ថា គ្រឿងឧបភោគ បរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែល ប្រជាពលរដ្ឋ ទទួលរងនូវគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការ នយោបាយណាមួយឡើយ អនុវត្តស្របតាមគោលការណ៍គ្រឹះទាំង ៧ប្រការ របស់ចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម។ លោកអភិបាលខេត្ត បានសំណូមពរដល់ព្រះមេគណខេត្ត ក៏ដូចជាព្រះតេជ្ជគណ ព្រះសង្ឃគ្រប់ព្រះអង្គ សូមបន្តនិមន្តចូលរួមការពារ និងទប់ស្កាត់ការឆ្លងរាលដាលពីជំងឺកូវីដ១៩ ជំងឺគ្រុន ឈាម និងជំងឺគ្រុនឈីក ជាដើម។ល៕

Loading...