ព្រះរាជអាជ្ញាកំពុងកសាងសំណុំរឿងអ្នកពាក់ព័ន្ធបទល្មើសព្រៃឈើ

ខេត្តក្រចេះ ៖អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យដឹងនៅថ្ងៃទី១៣ ខែកុម្ភៈ ថា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ បានចាត់ឲ្យព្រះរាជអាជ្ញាប្រចាំខែត្រនីមួយៗស៊ើបអង្កេតរកអ្នក ពាក់ព័ន្ធបទល្មើសព្រៃឈើដើម្បីផ្ដន្ទាទោសតាមច្បាប់។
លោកថា ព្រះរាជអាជ្ញាបានកំណត់មុខសញ្ញាលើក្រុមហ៊ុនមួយចំនួន និងឈ្មួញដែលពាក់ព័ន្ធបទល្មើសព្រៃឈើខុសច្បាប់៖ «យើង កំពុងតែកសាងសំណុំរឿង ដូច្នេះព្រះរាជអាជ្ញាចោទបណ្តើរៗ ពាក់ព័ន្ធជាមួយក្រុមហ៊ុន និងជនមួយចំនួន។ មន្ត្រីនគរបាលយុត្តិធម៌កសាងសំណុំរឿង ហើយព្រះរាជអាជ្ញាចោទប្រកាន់បណ្ដើរ»។
លោក អេង ហ៊ី បន្តថា គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើមិនទាន់បង្ហាញរបាយការណ៍ស្ដីពីលទ្ធផល បង្ក្រាបបទល្មើសព្រៃឈើនោះទេ ព្រោះកំពុងស៊ើបអង្កេតនៅឡើយ។
មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើនៃសមាគមអាដហុក ខែត្រស្ទឹងត្រែង លោក ហូ សំអុល និយាយថា យន្តការរបស់គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ នៅមិនទាន់រឹបអូសឈើ និងចាប់ជនល្មើសមកផ្ដន្ទាទោសនៅឡើយទេ បន្ទាប់ពីឈើរាប់ពាន់ម៉ែត្រគូបត្រូវសមត្ថកិច្ចឡោមព័ទ្ធ។ លោកថា គណៈកម្មការនោះហាក់ដូចជាស្ទាក់ស្ទើរក្នុងការកំណត់មុខសញ្ញាជនល្មើស បន្ទាប់ពីឈ្មួញជនជាតិវៀតណាម និងឧកញ៉ាមួយចំនួនត្រូវបានគេស្គាល់ជាសាធារណៈក្តី។
នៅថ្ងៃទី១៣ ខែកុម្ភៈ កងកម្លាំងប្រដាប់អាវុធចម្រុះ និងមន្ត្រីជំនាញបានចុះវាស់វែងឈើដែលសមត្ថកិច្ចកំពុងឡោមព័ទ្ធជាង កន្លះខែមកហើយ របស់ក្រុមហ៊ុន ទ្រី ភាព បន្ទាប់ពីវាស់វែងឃ្លាំងស្តុកឈើរបស់ឈ្មួញជនជាតិវៀតណាម ឈ្មោះ យាយ ព្រឿង កាលពីថ្ងៃទី១១ ខែកុម្ភៈ៕

IMG-72

Loading...

Leave a Reply

Your email address will not be published. Required fields are marked *