ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែងបញ្ជាសមត្ថកិច្ចចម្រុះចុះស្ទាក់ចាប់រថយន្តដឹកឈើប្រណិត១គ្រឿងឃាត់ខ្លួនមនុស្សពីរនាក់និងឆែកឆេរផ្ទះមួយកន្លែងរឹបអូសឈើបានជិត១០តោន

ខេត្តស្ទឹងត្រែង៖ ការបង្ក្រាបឈើនោះបានធ្វើឡើង នូវករណីពីរផ្សេងគ្នាក្នុងថ្ងៃតែមួយ ដោយករណីទី១ កម្លាំងកងរាជអាវុធហត្ថខេត្ត បានចុះស្ទាក់ចាប់បានរថយន្តដឹកជញ្ជូនឈើប្រណិត១គ្រឿង និងឃាត់ខ្លួនបានមនុស្សពីរនាក់ នៅម៉ោងប្រមាណជា៤ទៀបភ្លឺ ថ្ងៃ៣០សីហានេះ នៅលើដងផ្លូវជាតិលេខ៧ ស្ថិតនៅក្នុងភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក គ្រាដែលរថយន្ត១គ្រឿងនេះ បានដឹកជញ្ជូនឈើចេញពីខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់ខេត្តក្រចេះ ។​

ករណីរទី២ នៅម៉ោងប្រមាណជា៩ព្រឹក ថ្ងៃ៣០សីហា២០១៧ ព្រះរាជអាជ្ញាខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ច ចុះឆែកឆេរផ្ទះជួលមួយកន្លែង នៅចំណុចគីឡូម៉ែត្រលេខ២ ស្ថិតក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដកហូតបានឈើប្រណិតប្រមាណជិត១០តោន និងសម្ភារៈកែច្នៃឈើមួយចំនួនទៀត ប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្ត១គ្រឿងដែលដឹកឈើពេញប្រៀប និងមនុស្សពីរនាក់នោះ បានរងការបង្ក្រាប និងចាប់ខ្លួនបាន ពីកម្លាំងអាវុធហត្ថខេត្ត ដោយរថយន្តនោះ ជាប្រភេទកាមរីហើម ពណ៌ស្លែ ពាក់ផ្លាកលេខ ភ្នំពេញ 2R-4489 រថយន្តដឹកឈើនេះបានបើកបោះពួយក្នុងល្បឿនយ៉ាងលឿន ដោយមានរថយន្តកាមរីឆ្លាម១គ្រឿងទៀត បានបើកបិទពីក្រោយ ដើម្បីរារាំងដល់កិច្ចការអនុវត្តច្បាប់ របស់កម្លាំងកងរាជអាវុធហត្ថ ប៉ុន្តែ រថយន្តនេះត្រូវចាប់បាន នៅគ្រាដែលបែកកងទៅមុខលែងរួច។

មន្ត្រីអាវុធហត្ថខេត្តបានប្រាប់ឲ្យដឹងថា សមត្ថកិច្ចនៅពេលនោះ បានចាប់យករថយន្តនោះ ហើយបានឃាត់ខ្លួនបុរសអ្នកបើកបរដឹកឈើពីរនាក់ ម្នាក់ឈ្មោះពេជ្រចន សុភារិទ្ធិ អាយុ២១ឆ្នាំ និងម្នាក់ទៀត ឈ្មោះ រេត សារ៉ែន អាយុ៣៦ឆ្នាំ ជនសង្ស័យទាំងពីរនាក់ មានទីលំនៅភូមិឆ្លូង ឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ។ លោកថា ក្រោយការឃាត់ខ្លួននោះរួច ជនសង្ស័យរួមជាមួយរថយន្តដឹកឈើនោះ ត្រូវបានបញ្ជូនមកទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ហើយនៅព្រឹកថ្ងៃនេះ ជនសង្ស័យទាំងពីរ និងឈើប្រណិតដែលផ្ទុកក្នុងរថយន្ត ចំនួន៥៥ដុំ ត្រូវបានកសាងសំណុំរឿង ប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្ត ចាត់ការជាបន្ត ។​

ដោយឡែក ការបង្ក្រាបឈើនៅកណ្តាលក្រុងស្ទឹងត្រែងនោះវិញ នៅម៉ោងប្រមាណជា៩ព្រឹកថ្ងៃ៣០សីហានេះដែរ ព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង លោកច្រឹង ខ្មៅ បានចាត់ព្រះរាជអាជ្ញារងខេត្តម្នាក់ គឺ លោក គឹម ហុងសាន ឲ្យចុះទៅកាន់ផ្ទះជួលមួយកន្លែង បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ថា ផ្ទះនោះមានស្តុកលាក់ទុកឈើប្រណិត និងជាកន្លែងកែច្នៃឈើនោះថែមទៀត ។

បន្ទាប់ពីឆែកឆេរបន្ទប់ចំនួនពីរនោះរួច សមត្ថកិច្ចបានរកឃើញឈើប្រណិត ជាច្រើនប្រភេទ មានច្រើនរយដុំ និងមានតម្លៃច្រើនម៉ឺនដុល្លារ ហើយតាំងពីម៉ោងជាង៩ព្រឹក រហូតមកដល់នឹងរសៀលថ្ងៃនេះ សមត្ថកិច្ចកំពុងធ្វើការរឹបអូសឈើនោះ ដែលក្នុងការប៉ាន់ប្រមាណ គឺមានមិនក្រោមពី១០តោននោះទេ ម៉ាស៊ីនតាប១គ្រឿង និងម៉ាស៊ីនច្រៀកឈើ១គ្រឿងទៀតផងដែរ វត្ថុតាងទាំងនេះ នឹងត្រូវដឹកជញ្ជូនយកមករក្សាទុក នៅខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ។

ព្រះរាជអាជ្ញារងខេត្តស្ទឹងត្រែង លោក គឹម ហុងសាន បានថ្លែងថា លោកនឹងឲ្យសមត្ថកិច្ចជំនាញ ធ្វើការដឹកជញ្ជូនឈើនោះទាំងអស់ ហើយនឹងបន្តឆែកឆេរបន្ទប់ជួលជាច្រើនបន្ទប់ទៀត ដើម្បីរកពីការផ្ទុកបទល្មើសឈើប្រណិតទាំងនោះ ជាបន្តទៀត ។ ចំណែក ចំនួនឈើពិតប្រាកដដែលរឹបអូសបាននេះ នៅមិនទាន់ដឹងជាក់លាក់នៅឡើយទេ ព្រោះត្បិតពេលនេះ សមត្ថកិច្ចកំពុងធ្វើការដឹកជញ្ជូន ៕ ឡុងកាន់សំនៀង

 

Loading...