ព្រះសង្ឃប្រើហិង្សាលើកូននេននៅកំពង់ឆ្នាំងត្រូវបានដាក់ទណ្ឌកម្មឲ្យនៅដោយឡែក២១ថ្ងៃ

មន្ត្រីសង្គមស៊ីវិលលើកឡើងថា ករណីអំពើហិង្សាលើកុមារដែលជាសាមណេរគង់វត្តធម្មវ័ន ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង គឺជាការរំលោភសិទ្ធិកុមារ។ ប្រធានស្ដីទីមន្ទីរធម្មការ និងសាសនាខេត្តកំពង់ឆ្នាំង លើកឡើងថា នេះជារឿងសាសនា ម្ល៉ោះហើយព្រះសង្ឃគួរដោះស្រាយតាមផ្លូវព្រះពុទ្ធសាសនា ហើយអាជ្ញាធរអាចដោះស្រាយតាមទិដ្ឋភាពជាក់ស្ដែង។

ព្រះសង្ឃជាគ្រូបង្រៀននៅវត្តធម្មវ័ន ដែលបានប្រើអំពើហិង្សាលើកូននេននៅខេត្តកំពង់ឆ្នាំង ត្រូវបានមន្ត្រីសង្ឃខេត្តដាក់ទណ្ឌកម្ម ដោយឲ្យនៅដាច់ដោយឡែកមិនឲ្យសង្ឃដទៃមានថេរដីការករយៈពេល ២១ថ្ងៃ ប៉ុន្តែមិនឈានដល់ការផ្សឹកព្រះសង្ឃអង្គនោះឡើយ។

ទន្ទឹមនឹងនេះដែរ ញោមប្រុសរបស់សាមណេរដែលរងគ្រោះដោយសារការប្រើប្រាស់អំពើហិង្សានៅវត្តធម្មវ័ន លោក វ៉ាន់ នុត អះអាងថា លោកបានដកពាក្យបណ្ដឹងលើព្រះសង្ឃដែលជាគ្រូនៅវត្តធម្មវ័ន វិញហើយ។ ការប្រើអំពើហិង្សាលើកូននេននេះ ទុកឲ្យអាជ្ញាធរមានសមត្ថកិច្ចជាអ្នកដោះស្រាយតាមផ្លូវច្បាប់ដោយខ្លួនឯងចុះ។ លោកបន្តថា កូនរបស់លោកជាក្មេងទើបមានអាយុ ១១ឆ្នាំ ហើយបានមកស្នាក់អាស្រ័យនៅវត្តធម្មវ័ន នេះរយៈពេលពីរឆ្នាំហើយ។ ការមកស្នាក់នៅនឹងវត្តនេះ គឺដើម្បីឲ្យមានឱកាសទទួលបានការសិក្សាត្រឹមត្រូវ។ លោកនិយាយថា មិនគួរណាព្រះសង្ឃដែលជាគ្រូបង្រៀន ប្រើប្រាស់អំពើហិង្សាលើកូនក្មេងដូច្នេះឡើយ។

លោកបន្តថា បើទោះជាសាមណេររូបនេះលួចទ្រព្យសម្បត្តិវត្តក៏ដោយ ក៏គួរអប់រំតាមរូបភាពអហិង្សាដែរ មិនគួរណាយកហិង្សាមកដោះស្រាយបញ្ហានោះឡើយ៖ «ខ្ញុំខ្ជិលសន្សំរឿងតទៅទៀត ទុកឲ្យច្បាប់គេជាអ្នកចាត់ចែងដោយខ្លួនឯងចុះ។ ចោរអីអត់មាននរណាប្ដឹងផង គេចាប់ដាក់គុកបានដែរ…»។

លោក វ៉ាន់ នុត និយាយថា មិនចង់ដេញដោលរឿងនេះតទៅទៀតទេ ហើយសូមឲ្យព្រះសង្ឃដែលជាគ្រូ ត្រូវសុំទោសជាសាធារណៈ និងមិនត្រូវបន្តការអប់រំដោយហិង្សាដល់សាមណេរដទៃទៀតឡើយ។

ទាក់ទងនឹងការចោទប្រកាន់នេះ ព្រះគ្រូបង្រៀននៅវត្តធម្មវ័ន ព្រះតេជព្រះគុណ ឌិត ប៉ែន មានថេរដីកាថា ព្រះអង្គមិនមានចេតនាប្រើអំពើហិង្សាលើសាមណេរនោះទេ។ ព្រះតេជព្រះគុណបន្តថា លោកស្រឡាញ់កូននេននេះដូចកូនបង្កើតអ៊ីចឹង ម្ល៉ោះហើយមិនមានចេតនាណាមួយបង្ករបួសស្នាមធ្ងន់ធ្ងរនោះឡើយ។ ព្រះអង្គបញ្ជាក់ថា ព្រះអង្គវ៉ៃសាមណេររូបនេះក្នុងគោលបំណងប្រដៅឲ្យឈប់លួចទ្រព្យសម្បត្តិក្នុងវត្តបន្តទៀត ប៉ុន្តែដូចជាជ្រុលដៃបន្តិច។ ព្រះសង្ឃអង្គនេះបន្ថែមថា ព្រះអង្គសូមទោសចំពោះសាមណេររូបនេះ ហើយនឹងមិនបន្តសកម្មភាពហិង្សាលើសាមណេរណាទៀតនោះទេ៖ «វាអាចបែកខ្លះ ប៉ុន្តែគេចោទថាមានលក្ខណៈធ្ងន់ធ្ងរ អាត្មាមិនទទួលស្គាល់ទេ។ ប៉ុន្តែអាត្មាយល់ថា ប្រាកដជាបែក ព្រោះដែលបត់ជាពីរ អ៊ីចឹងវ៉ៃទៅបែកទៅដល់កន្លែងផ្សេងជាក់ជាមិនខាន ព្រោះពេលវ៉ៃនោះ សាមណេរនោះបានរើដែរ»។

ព្រះគ្រូចៅអធិការវត្តធម្មវ័ន មានថេរដីកាថា សាមណេរព្រះនាម វ៉ាន វរៈ ពិតជាបានលួចទ្រព្យសម្បត្តិក្នុងវត្តខ្លះមែន ប៉ុន្តែមិនច្រើនណាស់ណានោះទេ។ ព្រះអង្គលើកឡើងថា ធម្មតាក្មេងតែងរពឹសអ៊ីចឹងហើយ ប៉ុន្តែត្រូវមានការអប់រំត្រឹមត្រូវតាមបែបចិត្តសាស្ត្រសាមណេររូបនេះ មិនមែនដោះស្រាយដោយហិង្សានោះឡើយ។

យ៉ាងណាក៏ដោយ ព្រះសង្ឃដែលបានប្រើអំពើហិង្សានោះ ត្រូវមន្ត្រីសង្ឃដាក់ទណ្ឌកម្ម និងព្រះអង្គសន្យាថា នឹងមិនប្រព្រឹត្តអំពើហិង្សាលើសាមណេរអង្គនោះ និងសាមណេរក្នុងវត្តនេះទៀតឡើយ។

សាមណេរដែលរងគ្រោះដោយសារការប្រើហិង្សា ព្រះនាម វ៉ាន់ វរៈ គង់នៅវត្តធម្មវ័ន ស្ថិតនៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ បើតាមញោមប្រុសរបស់សាមណេរអង្គនេះបញ្ជាក់ថា សាមណេរនោះបានចេញពីមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបាននិមន្តទៅវត្តវិញជាធម្មតា ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរទេ។

Loading...

Leave a Reply

Your email address will not be published. Required fields are marked *