ព្រះសង្ឃ អត្តឃាតដុតសម្លាប់ខ្លួន នៅក្នុងបន្ទប់កុដិជាន់ទី២ 

(បាត់ដំបង)៖ ព្រះសង្ឃ១អង្គបានធ្វើអត្តឃាត ដោយដុតសម្រាប់ខ្លួនក្នុងកុដិ បង្កឲ្យមានការភ្ញាក់ផ្អើល ព្រះសង្ឃក្នុងវត្តបាននាំគ្នា ចេញជួយពន្លត់ភ្លើង ក្រោយមានអគ្គិភ័យមួយកើតឡើងនៅក្នុងបន្ទប់កុដិជាន់ទី២ទាំងកណ្តាលថ្ងៃត្រង់។

បើតាមលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានអោយដឹងថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ទី២១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងវត្តកណ្តាល ចំណុចកុដិលេខ២ ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

បើតាមការបញ្ជាក់ពីព្រះតេជគុណ ចៅ សំពង់ ជាចៅអធិការវត្តកណ្តាល បានអោយដឹងថា នៅមុនពេលកើតហេតុខណ:ដែលព្រះអង្គកំពុងរៀបចំចំហាន់ឆាន់ត្រង់ ក៏ស្រាប់តែប្រទះឃើញមានផ្សែងនិងអណ្តាតភ្លើងឆេះចេញពីកុដិជាន់ទី២ បន្ទប់លេខ២ ភ្លាមនោះព្រះអង្គបានរត់ឡើងទៅមើលនិងទាញទ្វារបើកតែបើកមិនរួចដោយមានដាក់គន្លឹះខាងក្នុង ហើយបានលឺសំឡេងលោកសូត្រពុទ្ធាំសារណំកច្ឆាមិ បន្ទាប់មកព្រះអង្គក៏បានស្រែកហៅលោកៗនៅខាងក្រោមអោយឡើងជួយទម្រាំបើកទ្វារនិងពន្លត់ភ្លើងរួច លោកសង្ឃដែលជាប់នៅក្នុងកុដិក៏សុគតបាត់ទៅហើយ។

ក្រោយមកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះទៅពិនិត្យដោយមានការចូលរួមពីលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត លោក ផេង សិទ្ធី អភិបាលក្រុង លោកអធិការក្រុងនិងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផងដែរ។

លោក វរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការក្រុងបាត់ដំបងបានបញ្ជាក់ថា ក្រោយពីចុះពិនិត្យ សាកសួរជុំវិញកន្លែងកើតហេតុនិងធ្វើកោសល្យវិច័យយ៉ាងយកចិត្តទុកដាក់ពីក្រុមមន្ត្រីជំនាញរួចមក ព្រះសង្ឃដែលសុគតខាងលើ មានព្រះនាម ហ៊ាត ហ៊ាក់ ភេទបុព្វជិត ព្រះជន២១ព្រះវស្សា រស់នៅភូមិគោកឬស្សី ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានមកគង់នៅវត្តកណ្តាល ក្នុងក្រុងបាត់ដំបង ដើម្បីរៀនសូត្របន្ត ពិតជាបានធ្វើអត្តឃាតដោយដុតព្រះកាយខ្លួនឯងពិតប្រាកដមែន ៕

Loading...