ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូងនិង​ សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​សព្វព្រះរាជហឫទ័យ​ស្ដេច​យាង​ ប្រារព្ធ​ព្រះ​រាជ​ពិធី​ថ្វាយ​មហា​ព្រះ​រាជ​កុសល​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតនកោដ្ឋ

ភ្នំពេញៈ នាវេលា​ព្រឹក​ថ្ងៃ​សៅរ៍​ ១៤​រោច​ ខែ​មាឃ​ ព.ស​ ២៥៦០​ ត្រូវ​និង​ថ្ងៃ​ទី​ ២៥​ខែ​ កុម្ភៈ​ ឆ្នាំ​ ២០១៧​ ព្រះ​ករុណា​ជាអម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង​ ព្រះបាទសម្ដេច​បរម​នាថ​ នរោត្តម​ សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​ សម្ដេច​ព្រះ​មហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ក្នុង​សេរីភាព​ សេចក្ដី​ថ្លៃថ្នូរ​ និង​សុភមង្គល​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះ​អង្គ​ទាំង​ទ្វេ​សព្វព្រះរាជហឫទ័យ​ស្ដេច​យាង​ ប្រារព្ធ​ព្រះ​រាជ​ពិធី​ថ្វាយ​មហា​ព្រះ​រាជ​កុសល​ថ្វាយ​ព្រះ​ករុណា​ព្រះ​បរម​រតនកោដ្ឋ​ និង​អតីត​ព្រះមហាក្សត្រ​ ព្រះមហាក្សត្រីយានី​ខ្មែរ​ ព្រះ​បរម​រាជ​វង្សានុវង្ស​ និង​ប្រោស​ព្រះ​រាជ​ទាន​ព្រះរាជ​អំណោយ​ដល់​លោក​យាយ​ជី​ដែល​បាន​អញ្ជើញ​មក​សុំសីល​​ក្នុង​ព្រះ​ធម្មសាលា​នា​បរិវេណ​ព្រះ​ឧបោសថរតនា​រាម​ព្រះ​កែវ​មរកត​ នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​។

ក្នុង​ឱកាសដ៏​វិសេស​ថ្លៃ​ថ្លៃថ្លានេះផង​ដែល​មាន​ការ​យាង​ និង​អញ្ជើញ​ចូល​រួម​ហែរ​ហម​អម​ព្រះ​រាជ​ដំណើរ​ដោយ​ សម្ដេច​ព្រះ​មហិស្សរា​ នរោត្ដម​ច័ក្រពង្ស​ ឧត្ដម​ប្រឹក្សា​ផ្ទាល់​ ព្រះមហាក្សត្រ​ សម្ដេច​រាជ​បុត្រី​ ព្រះ​អនុ​ជ​ នរោត្ដម​ អរុណរស្មី​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ ព្រះមហាក្សត្រ​ សម្ដេច​សុីសុវត្ថិ​ ពង្សនារី​មុន្នី​ពង្ស​ ឧត្តម​ប្រឹក្សា​ផ្ទាល់​ ព្រះមហាក្សត្រ​ និង​ព្រះ​រាជ​វង្សានុវង្ស​ ព្រមទាំង​នាមុឺន​សព្វ​មុខ​មន្ត្រី​ព្រះ​បរម​រាជ​វាំង ៕

Loading...