ភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ Horng ប្រឈមនឹងខ្យល់ពុល គ្រោះថ្នាក់ខ្លាំងណាស់ដល់សុខភាព

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាម បានជូនដំណឹងថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ Horng វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកំទិចល្អិតៗបំផុត ដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់​ខ្លាំងណាស់ដល់សុខភាព​មនុស្ស។ នេះបើតាមសេចក្តីជូនដំណឹង ទទួលបាននៅយប់ថ្ងៃទី៤ ខែមីនា។

ក្នុងសេចក្តីជូនដំណឹងនេះ បានឲ្យដឹងថា យោងតាមសារព័ត៌មាន Vetra News ចេញផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំវៀតណាម ជូនដំណឹងដល់និស្សិត សិក្ខាកាម យោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរកំពុងសិក្សា ស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសនៅភាគខាងជើង មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ នៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ Horng វៀតណាមប្រឈមនឹងខ្យល់ពុលមានលាយជាមួយនឹងកំទេចល្អិតៗបំផុតដែលជាប្រភេទលោហៈធ្ងន់គ្រោះថ្នាក់ខ្លាំងណាស់ ដល់សុខភាពមនុស្ស។

វាអាចផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (alveol) នៃសួត និងក្នុងសរសៃឈាម អាចបង្កឲ្យមានជំងឺមហារីក, ឬប៉ះពាល់ដល់ DNA និងនាំឲ្យមានបំរែបំរួលសេណេទិច។

អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពខ្យល់មិនល្អ អ្នកជំនាញបរិស្ថានណែនាំឲ្យជៀសវាងការចេញក្រៅ, បិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាស់ការពារធូលីពេលចេញក្រៅ ត្រូវលាងសំអាតរន្ធច្រមុះនឹងទឹកអំបិល។

បើតាមសេចក្តីជូនដំណឹងដដែល, ក្នុងករណីបន្ទាន់ សូមទំនាក់ទំនងផ្នែកកុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕

Loading...