មានអ្នកនៅពីក្រោយខ្នងប្រជាពលរដ្ឋធ្វើខ្ទមអនាធិប្បតេយ្យលើដីជាង១៥ហិចតា

ភ្នំពេញ៖ ទំនាស់ដីធ្លីដ៏រាំរៃរវាងលោក ផូរ វុឌ្ឍី និងក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ដែលមានរយៈពេលជិត១៥ឆ្នាំមកហើយ រហូតមកដល់ពេលនេះ គេនៅមិនទាន់ធ្វើការដោះស្រាយឲ្យ​បានចប់សព្វគ្រប់​នៅឡើយ​នោះទេ បើទោះជាតុលាការ កំពូលបានកាត់សម្រេចឲ្យភាគីលោក ផូរ វុឌ្ឍី ឈ្នះក្តីទាំងមូល សាលដីកាចូលជាស្ថាពររួចហើយក៏ដោយ ព្រោះតែនៅ ពេលដែលតុលាការ​មិនទាន់ចុះអនុវត្តសាល​ដីកាប្រគល់​ដីអោយភាគីអ្នកឈ្នះផង ស្រាប់តែមានជនទុច្ចរិតនៅពីក្រោយ ខ្នងញុះញង់អោយជនអនាធិបតេយ្យចូលរំលោភបំពានសង់ខ្ទម(ផ្ទះហោះ)ពេញលើដីទំនាស់។

សូមបញ្ជាក់ថា ដីដែលមានទំនាស់រាំរៃដោះស្រាយមិនទាន់រួចរាល់នេះ មានទំហំ២០ហិកតា ស្ថិតនៅ ក្នុងភូមិកែវផុស ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។ ប៉ុន្តែបច្ចុប្បន្ន ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

យោងតាមលិខិតស្នាមដែលទទួលបានពាក់ព័ន្ធទំនាស់ដីធ្លីគឺ ភាគី លោក ផូរ វុឌ្ឍី តំណាងឲ្យឈ្មោះ ផូរ បញ្ញាទេពី បានទិញដីខាងលើពីឈ្មោះ ជា នាង ដោយមាន ប័ណ្ណសំគាល់សិទ្ធិគ្រប់គ្រងអចលនទ្រព្យលេខ កក ០០០៩៣៩ , ឈ្មោះ ហ៊ាង ប៊ុណ្ណា ដែលមាន ប័ណ្ណសំគាល់សិទ្ធិគ្រប់គ្រងអចលនទ្រព្យលេខ ០០០៩៤០, ឈ្មោះ នួន សារឿន ដែលមានប័ណ្ណ សម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យលេខ កក ០០០៩៤៣ និងឈ្មោះ ចាន់ សុធី មានប័ណ្ណសម្គាល់ សិទ្ធិកាន់កាប់អចលនទ្រព្យលេខកក ០០០៩៥៤ ។ អ្នកទាំងអស់នេះ គឺបានទទួលដីអំពីការបែង ចែក និងផ្ទេរសិទ្ធិដោយមានអាជ្ញាធរ សមត្ថកិច្ច ព្រមទាំងបានចុះក្នុងសៀវភៅបញ្ជីដីតាំងពីឆ្នាំ១៩៩៦ តាមនីតិវិធីជាធរមានត្រឹមត្រូវ ។

តាមឯកសារ ភាគីលោក ផូរ វុឌ្ឍី បានបំពេញកាតព្វកិច្ចបង់ពន្ធដីមិនប្រើប្រាស់ជូនរដ្ឋទៅតាមច្បាប់ទៀត ផង ក្រោយបានទិញដីទំនាស់នោះតាំងពីឆ្នាំ១៩៩៩ មក ។ ប៉ុន្តែអំឡុងឆ្នាំ២០០២ ក្រុមហ៊ុន ម៉ុង ឫទ្ធី បានប្រើប្រាស់កម្លាំងមកដកបង្គោលព្រំដី រួចប្រើគ្រឿងចក្រឈូសឆាយថែមទាំងធ្វើរបងព័ទ្ធធ្វើជា កម្មសិទ្ធិតែម្តង ។បន្ទាប់ពីការរំលោភបំពានពីក្រុមហ៊ុន ម៉ុង ឫទ្ធី ភាគីលោក ផូរ វុឌ្ឍី នាឆ្នាំ២០០៤ បានដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីទាមទារដីនោះមកវិញ ។ ប៉ុន្តែទាំងសាលាដំបូង ទាំងសាលា ឧទ្ធរណ៍សុទ្ធតែបានសម្រេចឲ្យភាគីលោក ផូរ វុឌ្ឍី ចាញ់ក្តីទាំងអស់បើទោះ​បីជាភាគីលោក ផូរ វុឌ្ឍី មានឯកសារគ្រប់គ្រាន់ ស្របតាមច្បាប់ក៏ដោយ។យ៉ាងណាក៏ដោយ ការសម្រេចរបស់តុលាការកំពូល បានធ្វើឲ្យការសម្រេចរបស់តុលាការថ្នាក់ក្រោមមានការផ្លាស់ប្តូរ ដោយតុលាការកំពូលសម្រេចឲ្យ ភាគីលោក ផូរ វុឌ្ឍី ឈ្នះក្តី ហើយប្រគល់ដីទំនាស់ខាងលើទាំងអស់ឲ្យមកភាគីលោក ផូរ វុឌ្ឍី វិញ ។

កត់សម្គាល់ថា ដំណើរការតស៊ូប្តឹងផ្តល់រហូតឈ្នះក្តីរបស់ភាគីលោក ផូរ វុឌ្ឍី ឆ្លងកាត់ពេលវេលា ដ៏យូរ ប្រកបដោយភាពស្មុគ្រស្មាញ និងតានតឹង ។ ប៉ុន្តែយុត្តិធម៌ត្រូវបានផ្តល់ជូនដល់ជនរងគ្រោះ ខណៈដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានផ្តល់យុត្តិធម៌ជាបន្តបន្ទាប់ដល់ភាគី លោក ផូរ វុឌ្ឍី ផងដែរ ដោយសំអាងអង្គហេតុជាច្រើន រួមមានប័ណ្ណសម្គាល់សិទ្ធិគ្រប់គ្រងអចលន ទ្រព្យ ការចុះអង្កេតផ្ទាល់របស់គណៈកម្មាធិការដោះស្រាយទំនាស់ដីធ្លី ការអះអាងនិងបញ្ជាក់ច្បាស់ លាស់ពីអាជ្ញាធរគ្រប់ថ្នាក់ផងដែរ ។ប៉ុន្តែមកដល់ពេលនេះ ការអនុវត្តសាលដីកា ដើម្បីប្រគល់ដីជូន ទៅភាគីលោក ផូរ វុឌ្ឍី កំពុងជួបបញ្ហាប្រឈមដ៏ចម្រូង​ចម្រាស់មួយទៀត ខណៈដែលមានក្រុមញុះ ញង់ឲ្យប្រជាពលរដ្ឋដែលរស់នៅម្តុំដីមាន​ទំនាស់ចូលទៅ​សាងសង់ខ្ទមរាប់​រយខ្ទមលើដីនោះ ដោយ ខ្ទមខ្លះមានដំបូលប្រក់ស្បួវ ឬស្លឹកត្នោតគ្មានជញ្ជាំង ហើយគ្មានមនុស្សរស់នៅពេលយប់នោះទេ ។ ប៉ុន្តែសកម្មភាពនោះជាការប៉ុន​ប៉ងកាន់កាប់ដីដោយ​ខុសច្បាប់ ឬរារាំងការអនុវត្តសាលដីកាស្ថាពរ របស់តុលាការកំពូលជាក់ស្ដែង ។

ទាក់ទងការរំលោភបំពានខាងលើនេះ ដោយយោងតាមពាក្យបណ្តឹងរបស់ភាគីលោក ផូរ វុឌ្ឍី អាជ្ញាធរ ស្រុកស្ទឹងហាវបានចេញសេចក្តីជូនដំណឹងមួយដោយបង្គាប់ឲ្យប្រជាពលរដ្ឋរុះរើខ្ទមអាណាធិបតេយ្យ ទាំងអស់ចេញពីដីដែលជាកម្មសិទ្ធិរបស់លោក ផូរ វុឌ្ឍី ដោយទុករយៈពេល៧ថ្ងៃ ក្នុងការរុះរើដោយខ្លួន ឯង គិតចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ខាងមុខនេះ។បើផុតរយៈពេលនេះ រដ្ឋបាលស្រុក នឹងចុះរុះរើខ្ទមគ្រោងឆ្អឹងនិងបង្គោលរបងដែលស្ថិតនៅក្នុងបរិវេណដី ដែលជាកម្មសិទ្ធស្របច្បាប់របស់ លោក ផូរ វុឌ្ឍី ហើយរដ្ឋបាលស្រុកមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់សម្ភារៈទ្រព្យសម្បត្តិ របស់បងប្អូនប្រជាពលរដ្ឋនោះឡើយ ។

ក្រុមអ្នកតាមដានរឿងទំនាស់ដីធ្លីខាងលើនេះ កំពុងតែរង់ចាំមើលថា តើក្រុមអាជ្ញាធររួមទាំងសមត្ថកិច្ច នឹងមានសមត្ថភាពឬបង្ហាញឆន្ទៈចុះអនុវត្តសាលដីកាដ៏សែនចម្រូងចម្រាស់ និងប្រឈមការ​តវ៉ារបស់ ប្រជាពលរដ្ឋដែរឬទេ ។ ប៉ុន្តែប្រសិនបើអាជ្ញាធរ និងកម្លាំងសមត្ថកិច្ចស្ថិតក្នុងភាពអព្យាក្រិត្យមិនលម្អៀង នោះ ពុំមានអ្វីត្រូវរារែក ឬលំបាកនោះទេ ក្នុងការអនុវត្តនីតិវិធី​ខាងលើនេះ ព្រោះយោងតាមឯកសាររួម ទាំងសារបាននៃសាច់រឿងក្តីនេះ ភាគីលោក ផូរ វុឌ្ឍី ជាជនរងគ្រោះយ៉ាងពិតប្រាកដ ហើយការសម្រេចរបស់តុលាការកំពូលស្របតាមនីតិវិធីច្បាប់ ។ ដូច្នេះការអនុវត្ត​សាលក្រមនេះ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយក៏ជាទម្រង់ ឬប្រតិបត្តិការនៃការអនុវត្តច្បាប់ ឬការពារច្បាប់អោយមានប្រសិទ្ធភាព និងមានតម្លៃប៉ុណ្ណោះ ៕

Loading...