ភ្ញៀវទសចរនៅតែបន្តដើរកម្សាន្តក្រោយថ្ងៃឆ្លងឆ្នាំសកល ដោយនៅថ្ងៃទី២ ខែមករា កម្ពុជាទទួលបានភ្ញៀវជាង ១៧ ម៉ឺននាក់

(ភ្នំពេញ)៖ ទោះបីជាថ្ងៃឆ្លងឆ្នាំសកលបានកន្លងទៅហើយក្ដី ក៏ភ្ញៀវទេសចរមួយចំនួននៅតែបន្តដំណើរកម្សាន្តរបស់ខ្លួន នៅតាមគោលដៅទេសចរណ៍នានាទូទាំងប្រទេសទៀតដែរ ដោយនៅក្នុងថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ កម្ពុជាបន្តទទួលបានភ្ញៀវទេសចរចំនួន ១៧៥,៣៨៦ នាក់។ នេះបើតាមឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានបញ្ជាក់ប្រាប់នាល្ងាចថ្ងៃទី០៣ ខែមករានេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២១ មានភ្ញៀវទេសចរចេញដើរលេងទូទាំងប្រទេសចំនួន ១៧៥,៣៨៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ១៧៣,០០៥ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២,៣៨១ នាក់»។

គួរបញ្ជាក់ថា នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវសរុបចំនួន ៦៩៩,៧២៤ នាក់ និងនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ទទួលបានភ្ញៀវទេសចរសរុបចំនួន ២២១,៦៧៦ នាក់។ សរុបរយៈពេល៣ថ្ងៃនេះ (៣១ ធ្នូ ២០២០ ដល់ ០២ មករា ២០២០) មានចំនួន ១,០៩៦,៧៨៦ នាក់។

នេះជាការប្រសើរមួយផងដែរ ព្រោះឱកាសឆ្លងឆ្នាំសកលនៅឆ្នាំនេះធ្វើឡើងចំថ្ងៃចុងសប្ដាហ៍ ដែលបានផ្ដល់ឱកាសឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរផ្ទៃក្នុងអាចដើរទស្សនាកម្សាន្តបានច្រើនថ្ងៃ បន្ទាប់ពីព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវបានបិទបញ្ចប់។ តែទោះជាយ៉ាងណា ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធនៅតែពង្រឹងការទប់ស្កាត់ជំងឺកូវីដ-១៩នេះ មិនព្រមព្រលែងដៃជាដាច់ខាត។

ឯកឧត្តមបណ្ឌិត ថោង​ ខុន បានបន្តថា ភ្ញៀវទេសចរភាគច្រើននឹងត្រលប់ចូលរាជធានីភ្នំពេញវិញក្នុងថ្ងៃអាទិត្យនេះ ប៉ុន្តែក៏មានប្រជាពលរដ្ឋមួយចំនួននៅបន្តដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍ជិតៗ។

ដោយឡែក ចំពោះសភាពការណ៍ជារួមពាក់ព័ន្ធការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅរយៈពេល៣ថ្ងៃនេះ គឺមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ៕

Loading...