ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង ១០ម៉ឺននាក់ ទៅទស្សនាកម្សាន្ត នៃថ្ងៃឈប់សម្រាកសងជំនួសចូលឆ្នាំ

(បាត់ដំបង)៖ រយៈពេល០៥ថ្ងៃនានៃថ្ងៃឈប់សម្រាកសងជំនួសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ពោលពីថ្ងៃទី១៧ដល់២១ ខែសីហា ឆ្នាំ២០២០ នៅខេត្តទូទាំងបាត់ដំបង មានភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបចំនួន ១៣៣,៣៤៩នាក់ ដែលបានមកចូលទស្សនាតំបន់រមណីដ្ឋាន និងគោលដៅទេសចរនានា។ នេះបើយោងតាមរបាយការណ៍របស់លោក អ៊ុច អ៊ុំភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ចេញអោយដឹងនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០នេះ។

លោកប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរ ឱកាសថ្ងៃឈប់សម្រាកជំនួសពីធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល ០៥ថ្ងៃនេះ ភ្ញៀវទេសចរ ដែលបានមកកម្សាន្ត នៅតាមរមណីយដ្ឋាន-គោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង សរុបមានចំនួន ១៣៣,៣៤៩ នាក់ ដែលក្នុងនោះភ្ញៀវទេសចរជាតិ មានចំនួន ១៣២,៥២៤ នាក់ -ភ្ញៀវទេសចរអន្តរជាតិ (ផ្ទៃក្នុង )មានចំនួន ៨២៥ នាក់ ។

ក្នុងឱនោះដែរមន្ទីរទេសចរណ៍ខេត្តក៏បានចាត់មន្រ្តីជំនាញចុះទៅពិនិត្យស្ថានភាពចរន្តភ្ញៀវទេសចរ និងតាមដានការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍ ព្រមទាំងបានណែនាំឱ្យអាជីវករលក់ដូរ ធ្វើការរៀបចំ សម្អាតអនាម័យ បរិស្ថាន និងចូលរួមផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ និងបានសហការជាមួយគណៈកម្មការវត្តទេសចរណ៍ ឱ្យចូលរួមផ្សព្វផ្សាយពីវិធានការទប់ស្កាត់ការីករាលដាលជំងឺកូវីដ១៩ និងជួយទប់ស្កាត់នូវការប្រមូលផ្តុំគ្នាផងដែរ។

មន្ទីរទេសចរណ៍ខេត្ត ក៏បានសហការជាមួយមន្ទីរសុខាភិបាលចុះផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់រមណីយដ្ឋានព្រមទាំងភ្ញៀវទេសចរឱ្យអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្តីពីការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងទាំង៣ ដើម្បីធានាសន្តិសុខ និងសុវត្ថិភាពជូនភ្ញៀវទេសចរដែលបានមកទស្សនា កម្សាន្តសប្បាយ តាមរមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង យ៉ាងច្រើនកុះករ។

គួរបញ្ជាក់ថា ខេត្តបាត់ដំបងមានតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រ តំបន់រមណីយដ្ឋានកែច្នៃ និងតំបន់រមណីយដ្ឋានអេកូទេសចរណ៍រាប់សិបកន្លែងដែលក្នុងនោះមាន -រមណីយដ្ឋានប្រាសាទ បាណន់
-រមណីយដ្ឋាន ភ្នំសំពៅ
-រមណីយដ្ឋាន ប្រាសាទឯកភ្នំ
– រមណីយដ្ឋាន អាងកំពីងពួយ
-រមណីយដ្ឋាន ចំការស្វាយ
-រមណីយដ្ឋាន ស្ទឹងថ្មដាចំការធុរេន
-រមណីយដ្ឋាន ទឹកធ្លាក់ ៥៣ ភ្នំព្រឹក
-រមណីយដ្ឋាន នគរជុំ ភ្នំព្រឹក
-រមណីយដ្ឋាន ភ្នំកំពូល
-រមណីយដ្ឋាន ចំការធុរេនអូរតង
-គោលដៅទេសចរណ៍ ស្ទឹងថ្វាក
-សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ
-រមណីយដ្ឋាន ល្អាងភ្នំប្រាំពីរ
-ផ្ទះផ្កា Begonia
-មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់
-សួនទឹកសុភមង្គល
-សួនទឹកហ្គោលឌិនហ៊ីន ៕

Loading...