ភ្ញៀវទេសចររុស្ស៊ីមកកម្សាន្តកម្ពុជាធ្លាក់ចុះក្នុងរយៈពេល៩ខែឆ្នាំ២០១៥

ខេត្តសៀមរាប៖ក្រុមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរ និងមគ្គុទ្ទេសក៍មកពីបណ្ដាប្រទេសអាស៊ានដទៃទៀតដែលនិយាយភាសា រុស្ស៊ី បានចូលរួមបណ្ដុះបណ្ដាលជំនាញ និងបំប៉នសមត្ថភាពជាមួយគ្នារួចជាស្រេច ដើម្បីត្រៀមខ្លួនបម្រើសេវាកម្មផ្នែកភាសា និងបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរជនជាតិរុស្ស៊ី ដែលនឹងមកកម្សាន្តក្នុងពេលដែលសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចូលមក ដល់។
ក៏ប៉ុន្តែបច្ចុប្បន្ន ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងនោះ បែរជាមិនសូវមមាញឹកលើការងារប្រចាំថ្ងៃទៅវិញ ដោយសារតែចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ី ដែលមកទស្សនាតំបន់អាស៊ីអាគ្នេយ៍ មានការធ្លាក់ចុះ។
ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរដែលនិយាយភាសារុស្ស៊ី នៅក្នុងខេត្តសៀមរាប កំពុងប្រឈមមុខនឹងការធ្លាក់ចុះចំណូលប្រចាំថ្ងៃ ដែលបានពីការនាំភ្ញៀវទេសចរដើរកម្សាន្តនៅតាមរមណីយដ្ឋានអង្គរ ដោយសារតែចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ី កំពុងធ្លាក់ចុះយ៉ាងខ្លាំង។
មគ្គុទ្ទេសក៍ទេសចរណ៍ដែលនិយាយភាសារុស្ស៊ី ម្នាក់ក្នុងចំណោមជាច្រើនទៀត គឺលោក ពេជ្រ សុធិន។ លោកមានប្រសាសន៍កាលពីរសៀលថ្ងៃអង្គារ ទី២៧ ខែតុលា ថា បច្ចុប្បន្ន ភ្ញៀវទេសចរជនជាតិរុស្ស៊ី ដែលមកកម្សាន្តនៅតំបន់អង្គរខេត្តសៀមរាប កំពុងធ្លាក់ចុះយ៉ាងខ្លាំង។ លោក ពេជ្រ សុធិន បញ្ជាក់ថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្ពុជា នេះ ធ្វើឲ្យរូបលោក និងមគ្គុទ្ទេសក៍ជាច្រើនទៀត មិនសូវមានការងារធ្វើ ព្រមទាំងប្រឈមមុខនឹងការធ្លាក់ចុះចំណូលប្រចាំថ្ងៃដែរ៖ «ខ្ញុំ មិនដឹងថា ខាងផ្នែកប្រទេសអាស៊ានវាយ៉ាងម៉េចទេ ប៉ុន្តែបើតាមខ្ញុំយល់ ការធ្លាក់ចុះនៃចំនួនអ្នកទេសចរជនជាតិរុស្ស៊ី នេះ គឺបណ្ដាប្រទេសអាស៊ានទូទៅ គឺដូចគ្នា»។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរនិយាយភាសារុស្ស៊ី នៅក្នុងខេត្តសៀមរាប លោក រស់ សណ្ដាន មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា រយៈពេលជាច្រើនខែមកហើយក្នុងឆ្នាំ២០១៥ គឺចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ី ធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីអង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសនេះមក។
ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរនិយាយភាសារុស្ស៊ី ដដែល ចង់ឲ្យរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងប្រែងជាថ្មីលើការផ្សព្វផ្សាយ និងទាក់ទាញចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ី ឲ្យមកទស្សនាកម្ពុជា បានច្រើនឡើងវិញ៖ «បើសិនជារដ្ឋាភិបាលគាត់មានវិធីសាស្ត្រយ៉ាងណា ដើម្បីទាក់ទាញភ្ញៀវរុស្ស៊ី ឲ្យបានមកកាន់តែច្រើនទៀត គឺល្អ»។
កាលពីថ្ងៃទី២៤ ខែតុលា កន្លងទៅ ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរដែលនិយាយភាសារុស្ស៊ី ព្រមទាំងមគ្គុទ្ទេសក៍មកពីបណ្ដាប្រទេសអាស៊ានចំនួន ៣៥នាក់ បានបញ្ចប់វគ្គបំប៉នសមត្ថភាព ដើម្បីត្រៀមចាំបម្រើភ្ញៀវទេសចរជនជាតិរុស្ស៊ី នៅក្នុងពេលដែលស្ថានភាពចំនួនអ្នកទេសចរជនជាតិរុស្ស៊ី មិនសូវធ្វើដំណើរមកកម្សាន្តនៅតំបន់អាស៊ីអាគ្នេយ៍នេះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ទទួលស្គាល់ថា ក្នុងរយៈពេល ៩ខែនៃឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ី ដែលមកទស្សនារមណីយដ្ឋានអង្គរមានការធ្លាក់ចុះយ៉ាងខ្លាំង។
កាលពីឆ្នាំ២០១៤ កន្លងទៅ ភ្ញៀវទេសចររុស្ស៊ី ដែលមកទស្សនាកម្ពុជា ចំនួនប្រមាណ ១២ម៉ឺននាក់ ដែលចំនួននេះធ្វើឲ្យលំដាប់ថ្នាក់នៃតួលេខអ្នកទេសចររុស្ស៊ី ធ្លាប់ស្ថិតក្នុងលេខរៀងទី៦ ក្នុងចំណោមចំណាត់ថ្នាក់ល្អរបស់តួលេខទេសចរណ៍ទាំង១០ ក៏ប៉ុន្តែនៅក្នុងរយៈពេល ៩ខែនៃឆ្នាំ២០១៥ នេះ ចំនួនភ្ញៀវទេសចរជនជាតិរុស្ស៊ី បានធ្លាក់ចុះដោយមិនមានឈ្មោះនៅក្នុងចំណាត់ថ្នាក់លេខល្អទាំង១០ របស់តារាងវាយតម្លៃនៃចំនួនភ្ញៀវទេសចរទៀតឡើយ៕

image3

Loading...

Leave a Reply

Your email address will not be published. Required fields are marked *