ភ្នំភ្លើងKilauea: រដ្ឋហាវ៉ៃប្រកាសអាសន្នពីការផ្ទុះភ្នំភ្លើង

កាសែតប៊ីប៊ីស៊ីបានផ្សាយកាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៨ថា ភ្នំភ្លើង Kilauea បានផ្ទុះឡើងនៅជិតតំបន់លំនៅដ្ឋានពលរដ្ឋនៅលើកោះដ៏ធំបំផុតរបស់រដ្ឋហាវ៉ៃ ដែលបង្កឱ្យមានភាពអាសន្នក្នុងតំបន់ និងការជម្លៀសប្រជាជនជាចាំបាច់ចំនួន 1700 នាក់។

ភ្នាក់ងារការពារជនស៊ីវិលបានបង្ហាញថា កម្រិតខ្ពស់បំផុតនៃឧស្ម័នស្ពាន់ធ័រឌីអុកស៊ីដដ៏គ្រោះថ្នាក់ ត្រូវបានគេរកឃើញនៅក្នុងតំបន់ជម្លៀសពលរដ្ឋនោះ។

មជ្ឈមណ្ឌលសហគមន៍ត្រូវបានបើកដើម្បីផ្តល់ទីជម្រកដល់ជនដែលត្រូវជម្លៀសខ្លួន ។

ការផ្ទុះភ្នំភ្លើងនេះបណ្តាលមកពីការរញ្ជួយដីយ៉ាងខ្លាំងនាពេលប៉ុន្មានថ្ងៃថ្មីៗកន្លងទៅនេះ។

រណ្ដៅភ្នំភ្លើងមួយដែលគេស្គាល់ថា ពូយូ – បានបាក់ដួលនៅដើមសប្ដាហ៍នេះ ធ្វើឱ្យកម្ទេចភ្នំភ្លើងធ្លាក់ចុះពីលើជម្រាលភ្នំទៅកាន់តំបន់ដែលមានមនុស្សរស់នៅ ។

ក្រុមមន្រ្តីបានព្រមានអ្នកស្រុករាល់សប្តាហ៍ថា ពួកគេគួរតែត្រៀមខ្លួនដើម្បីជម្លៀស ខណៈការផ្ទុះភ្នំភ្លើងមួយអាចនឹងកើតឡើងមិនដឹកស្មានបាន។

អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក ឈ្មោះ Maija Stenbackនិយាយថា យើងមានអារម្មណ៍ថា មានសំឡេងផ្ទុះកើតឡើង” ។ យើងរស់នៅក្នុងតំបន់ Leilani Estates មិនឆ្ងាយប៉ុន្មានពីកន្លែងផ្ទុះភ្នំភ្លើង ។ យើងបានភៀសខ្លួនចេញពីរបីម៉ោងមុន ហើយឥឡូវនេះយើងនៅជាមួយមិត្តភក្តិ។ មានរូបខ្ញុំ, កូនស្រីខ្ញុំ, មិត្តប្រុសរបស់នាង និងកូនពីរនាក់របស់ពួកគេអាយុ៦ឆ្នាំ និង២០ខែ។ យើងទាំងអស់ត្រូវបានរុញច្រានឲ្យចូលក្នុងរថយន្តហើយចាកចេញទៅ ។

ក្នុងរយៈពេលប្រហែលជាកន្លះម៉ោងនៃការផ្ទុះភ្នំភ្លើងនេះ នៅលើបណ្តាញសង្គមមានការផ្សព្វផ្សាយ ដូច្នេះខ្ញុំ និងកូនស្រីបានមើលឃើញ ។ យើងអាចឮសំឡេង ហើយមានអារម្មណ៍ថា រយៈចម្ងាយរបស់វាតែពាក់កណ្តាលម៉ាយប៉ុណ្ណោះ ។

សំឡេងវាដូចជាយើងចាក់បាសឮខ្លាំងៗអីចឹង ។ សំឡេងផ្ទុះខ្លាំងដូចអ្វីមួយផ្ទុះចេញពីរន្ធតូចមួយ តាមតែអាចឮទៅបាន។

អ្នកស្រុកខ្លះនិយាយថា: ខ្ញុំមិនចាកចេញទេ ។

មេដឹកនាំកោះហាវ៉ៃ លោក David Ige មានប្រសាសន៍ថា លោកបានបញ្ជាឲ្យយោធា និងកងឆ្មាំជាតិចេញធ្វើសកម្មភាពជួយជម្លៀសមនុស្សរាប់ពាន់នាក់ភ្លាមៗផងដែរ ។

ទូរទស្សន៍បានបង្ហាញឲ្យឃើញពីខ្សែភ្លើងនៃការផ្ទុះភ្នំភ្លើង Kilauea នេះបាចសាចនៅក្រោមផ្លូវមួយ និងសួនច្បារជាប់គ្នា ៕

 

Loading...