មន្រ្តីក្នុងតំបន់បានថ្លែងកាលពីថ្ងៃទី១៥ ខែធ្នូថា អគ្គីភ័យបានឆាបឆេះលំនៅឋានសម្រាប់ជនចូលនិវត្តន៍ស្នាក់នៅមួយកន្លែង ស្ថិតនៅភាគខាងត្បូងទីក្រុងអ៊ុយរ៉ាល់ (Urals) របស់ប្រទេសរុស្ស៊ី ហើយអគ្គិភ័យនេះបានបណ្តាលឲ្យស្លាប់មនុស្សយ៉ាងតិច ១១ នាក់ និង៣ នាក់ទៀតរងរបួសត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
សារព័ត៌មានរុស្ស៊ីបានផ្សាយថា ភ្លើងចាប់ផ្តើមឆេះភ្លាមៗទៅលើផ្ទះឈើកម្ពស់មួយជាន់ ស្ថិតនៅភូមិមួយក្នុងតំបន់ Bashkiria ។ មនុស្សសរុប ១៦ នាក់ស្ថិតនៅក្នុងលំនៅឋានឯកជនសម្រាប់ជនចូលនិវត្តន៍នោះ ។ មូលហេតុអគ្គិភ័យនេះគេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។
មន្ត្រីដោះស្រាយបញ្ហាគ្រាអាសន្នបាននិយាយថា បុរស ៧ នាក់ និងស្ត្រី ៤ នាក់បានបាត់បង់ជីវិតនៅក្នុងឧប្បត្តិហេតុនេះ។ ជនរងគ្រោះមានអាយុចន្លោះពី ៥៧ឆ្នាំ ទៅ ៨០ ឆ្នាំ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ជនរងគ្រោះទាំងនោះ ពួកគេជាអ្នកស្នាក់នៅលើគ្រែនៅក្នុងលំនៅឋានសម្រាប់ជនចូលនិវត្តន៍ខាងលើនេះ ។
ការស៊ើបអង្កេតផ្នែកព្រហ្មទណ្ឌចំពោះឧប្បត្តិហេតុនេះត្រូវបានចាប់ផ្តើម ហើយម្ចាស់ទីតាំងដែលត្រូវអគ្គិភ័យនេះត្រូវបានកម្លាំងប៉ូលិសឃាត់ខ្លួនយកទៅសួរនាំ៕